Ford ចាប់ដៃក្រុមហ៊ុនកូរ៉េ SK

Ford ចាប់ដៃក្រុមហ៊ុនកូរ៉េ SK បង្កើតរោងចក្រធំៗអាមេរិក និងគ្រោងលក់រថយន្តអគ្គិសនីក្នុងឆ្នាំ២០២២


ដើម្បីសម្រេចនូវផែនការជំរុញការលក់រថយន្តអគ្គិសនីនៅទូទាំសកលលោក ក្រុមហ៊ុន Ford Motor បានសហការជាមួយក្រុមហ៊ុនផលិតអាគុយរថយន្ដ SK Innovation របស់ប្រទេសកូរ៉េខាងត្បូង បោះទុនវិនិយោគជាង ១១ពាន់លានដុល្លារអាមេរិក បង្កើតរោងចក្រតម្លើងរថយន្តអគ្គិសនីប្រភេទ F-150 និងរោងចក្រផលិតអាគុយរថយន្ដអគ្គិសនីចំនួន ៣ ទៀតនៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុន Ford Motor បានសហការជាមួយក្រុមហ៊ុនផលិតអាគុយរថយន្ដ SK Innovation របស់ប្រទេសកូរ៉េខាងត្បូង
ដោយ

ការ​បោះទុន​វិនិយោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​របស់​ក្រុមហ៊ុន Ford គឺ​ដើរទៅ​តាម​ផែនការ​ចំណាយ ៣០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក រហូត​ដល់​ឆ្នាំ ២០៣០ ដើម្បី​បង្កើត​រថយន្ត​អគ្គិសនី ហើយ​ក្រុមហ៊ុន Ford បង្ហាញ​ពី​ក្តី​រំពឹង​ខ្ពស់ ដោយ​ដំឡើង​ការ​ព្យាករ​អំពី ការ​ចាប់​យក​ចំណែក​ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​លើ​សកលលោក ពី ៤០% ទៅ ៥០% ត្រឹម​ឆ្នាំ ២០៣០​។

តាម​រយៈ​គម្រោង​វិនិយោគ​នេះ ក្រុមហ៊ុន​នឹង​បង្កើត​ការងារ​ជាង ១​ម៉ឺន​កន្លែង ដោយ​បើក​ដំណើរការ​រោងចក្រ​ដំឡើងរថយន្ត​អគ្គិសនី ១​កន្លែង និង​រោងចក្រ​ផលិត​អា​គុយ​រថយន្ត ៣​កន្លែង នៅ​ក្នុង​រដ្ឋ​ចំនួន ២​ផ្សេង​គា្ន​ក្នុង​សហរដ្ឋអាមេរិក ដែល​គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​ឆ្នាំ ២០២៥​ខាង​មុខ​។

សេចក្តី​ប្រកាស​អំពី​ការ​វិនិយោគ​នេះ ក៏​ជា​ការ​វិនិយោគ​តែ​មួយ​លើ​ផលិតកម្ម​ដ៏​ធំ​បំផុត នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ជាង ១១៨​ឆ្នាំ​របស់​ក្រុមហ៊ុន Ford​។

លោកស្រី Lisa Drake ប្រធាន​ផ្នែក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន Ford ប្រចាំ​ប៉ែក​ខាងជើង​អា​មេ​រិ​ក បាន​ប្រាប់​ដល់​សារព័ត៌មាន Reuters ថា វា​ជា​ចំណុច​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង ដែល​ក្រុមហ៊ុន​បាន​បោះទុន​យ៉ាងច្រើន ដើម្បី​ប្រែ​ក្លាយទៅជា ការ​ផលិត​រថយន្ត​អគ្គិសនី​។

ក្រុមហ៊ុន Ford ដែល​ជាប់​លំដាប់ថ្នាក់​លេខ ២ នៅ​សហរដ្ឋអាមេរិក បាន​បោះទុន​ប្រមាណ ៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ក្រៅពី​នោះ ក្រុមហ៊ុន SK Innovation របស់​កូរ៉េ​ខាងត្បូង ជា​អ្នក​បង្គ្រប់​។ ក្នុង​នោះ​ទឹកប្រាក់​ជាង ៥​ពាន់ ៨​រយ​លាន​ដុល្លារ​អា​មេ​រិ​ក នឹង​វិនិយោគ​នៅ​ក្នុង​រដ្ឋ ឃិ​ន​ទូ​គី (Kentucky) ហើយ ៥​ពាន់ ៦​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត នឹង​វិនិយោគ​នៅ​ក្នុង​រដ្ឋ​តេ​ណេ​ស​ស៊ី (Tennessee)​។

ចំពោះ​ក្រុមហ៊ុន SK ដែល​ផ្គត់ផ្គង់​អា​គុយ​រថយន្ត​អគ្គិសនី​ឲ្យ​ក្រុមហ៊ុន Ford Motor និង​ក្រុមហ៊ុន Hyundai Motor គឺ​មាន​រោងចក្រ​ផលិតកម្ម​នៅ​ក្នុង​សហរដ្ឋអាមេរិក ប្រទេស​ហុង​គ្រី ប្រទេស​ឈី​លី  និង​ប្រទេស​កូរ៉េ​ខាងត្បូង​។

បន្ថែម​រោងចក្រ​ចំនួន ៣​ទៀត​ខាងលើ និង ២​ទៀត​នៅ​ក្នុង​រដ្ឋ Geogia ក្រុមហ៊ុន SK នឹង​មាន​សមត្ថភាព​ផលិត​អា​គុយ​រថយន្ដ​អគ្គិសនី​ដល់​ទៅ ១៥០ ជី​ហ្គា​វ៉ា​ត់​ម៉ោង​ក្នុង​មួយ​ឆ្នាំ នៅ​ក្នុង​សហរដ្ឋអាមេរិក​។

បច្ចុប្បន្ន ក្រុមហ៊ុន SK មាន​សមត្ថភាព​ផលិត ៤០ ជី​ហ្គា​វ៉ា​ត់​ម៉ោង​ក្នុង​មួយ​ឆ្នាំ ហើយ​ក្រុមហ៊ុន​រំពឹង​ថា នឹង​អាច​សម្រេច​គោលដៅ ២០០ ជី​ហ្គា​វ៉ា​ត់​ម៉ោង​ក្នុង​មួយ​ឆ្នាំ ត្រឹម​ឆ្នាំ ២០២៥​ខាង​មុខ​។

ក្រុមហ៊ុន Ford មាន​ផែនការ​ដាក់​លក់​នូវ រថយន្ត​អគ្គិសនី​ប្រភេទ F-150 Pickup នៅ​ត្រីមាស​ទី ១ ឆ្នាំ ២០២២​ខាង​មុខ​នេះ ដែល​ជា​យុទ្ធសាស្ត្រ​ខ្លាំងក្លា ក្រោម​ការ​ដឹកនាំ​ថ្មី​របស់ នាយក​ប្រតិបត្តិ​លោក Jim Farley ដែល​ចូល​កាន់​តំណែង​កាលពី​ខែតុលា ឆ្នាំ ២០២០៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកបន្ថយការព្យាករកំណើនសេដ្ឋកិច្ចថៃមកនៅត្រឹមតែ ១%នៅឆ្នាំ២០២១

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសថៃ នៅឆ្នាំ២០២១នេះ ក៏ដូចជាសេដ្ឋកិច្ចប្រទេសតំបន់អាស៊ីអាគ្នេយ៍ជាច្រើនផ្សេងទៀតដែរ គឺមានកំណើនយឺតជាងអ្វីដែលបានរំពឹងទុកកាល…

Panasonic នឹងកាត់បន្ថយការងារបុគ្គលិកចំនួន ១.៧០០ កន្លែង នៅជប៉ុន និងសិង្ហបុរី

ព័ត៌មាន
ក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន Panasonic បានសម្រេចចិត្តកាត់បន្ថយការងារបុគ្គលិក ១.៧០០ កន្លែងនៅរោងចក្រប្រទេសជប៉ុន និងសិង្ហបុរី តាមរយៈកម្មវិធី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ