ជំនួបរដ្ឋមន្ត្រីហិរញ្ញវត្ថុG20ជួបភាពរអាក់រអួល!

ជំនួបរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 បង្ហាញភាពប្រេះឆា ក្រោយលោកខាងលិចនាំគ្នាដើរចេញពីកិច្ចប្រជុំពេលរុស្ស៊ីឡើងថ្លែងសារ


ដើម្បីរកដំណោះស្រាយសម្រាប់វិបត្តិស្បៀងអាហារ ទំនិញឡើងថ្លៃ និងអតិផរណា ដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន គួបផ្សំនឹងវិបត្តិកូវីដ១៩ នៅមិនទាន់ទៅណាឆ្ងាយដែរនោះ ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ឬហៅថា G20 បានបើកកិច្ចប្រជុំពិភាក្សាគ្នាមួយកាលពីថ្ងៃពុធទី២០មេសា ដែលមានឥណ្ឌូនេស៊ីជាប្រធានដឹកនាំកិច្ចប្រជុំ។ ប៉ុន្តែកិច្ចប្រជុំនេះបានជួបប្រទះនូវភាពរអាក់រអួល។
រូបតំណាង ៖ ជំនួបរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 បង្ហាញភាពប្រេះឆា ក្រោយលោកខាងលិចនាំគ្នាដើរចេញពីកិច្ចប្រជុំពេលរុស្ស៊ីឡើងថ្លែងសារ

បញ្ហា​រអាក់រអួល នៅក្នុងកិច្ចប្រជុំនេះ គឺនៅត្រង់ថា រដ្ឋមន្ត្រីហិរញ្ញវត្ថុលោកខាងលិចដែលមកចូលរួម បាននាំគ្នាងើបដើរចេញពីកិច្ចប្រជុំនៅពេលរដ្ឋមន្ត្រីមកពីប្រទេសរុស្ស៊ីឡើងថ្លែងសុន្ទរកថា ដើម្បីសម្តែងការប្រឆាំងនឹងទីក្រុងម៉ូស្គូចំពោះទង្វើឈ្លានពានអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។

នៅក្នុងកិច្ចប្រជុំ G20 នៅឥណ្ឌូនេស៊ី កាលីពីថ្ងៃទី២០ មេសា គេសង្កេតឃើញថា រដ្ឋមន្ត្រីមកពីប្រទេសលោកខាងលិចទាំងអស់ បានចូលរួមប្រជុំតែពេលបើកឆាកដំបូង ដែលគេនិយាយពីបញ្ហារួមរបស់ពិភពលោកតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលដល់វេនភាគីរុស្ស៊ីឡើងថ្លែងសារបញ្ចេញយោបល់ គឺរដ្ឋមន្ត្រីប្រទេសទាំងអស់នេះ បាននាំគ្នាងើបដើរចេញពីបន្ទប់ប្រជុំអស់តែម្តង។ នេះគឺជាការធ្វើពហិការប្រឆាំងរុស្ស៊ី ដែលបានធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។ ក្នុងចំណោមរដ្ឋមន្ត្រីដែលបានដើរចេញនោះរួមមាន រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស រដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដា និងឧបនាយករដ្ឋមន្ត្រីកាណាដាមួយរូបផងដែរ។

កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 និង ទេសាភិបាលធនាគារកណ្តាលនៃប្រទេសទាំង២០ ធ្វើឡើង សំដៅផ្តោតលើការដោះស្រាយហានិភ័យសេដ្ឋកិច្ចពិភពលោក ដោយសង្កត់ធ្ងន់លើការគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ពីជំងឺរាតត្បាតកូវីដ១៩ផង និងបង្កើតភាពធន់ផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងការគំរាមកំហែងនាពេលអនាគតផង ស្របពេលដែលភ្លើងសង្គ្រាមនៅអ៊ុយក្រែនកំពុងជះឥទ្ធិពលមិនល្អមកលើដំណើរការទាំងនេះ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធានដឹកនាំជំនួបលើកនេះ បាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំថា៖ កិច្ចប្រជុំនៅឆ្នាំនេះបានធ្វើឡើងក្រោមកាលៈទេសៈដ៏លំបាកមួយ ស្របពេលដែលសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបន្តឆាបឆេះ ហើយឥទ្ធិពលរបស់សង្គ្រាមនេះបានសាយភាយចេញក្រៅតំបន់អឺរ៉ុបទៅទៀត។ 

នៅពេលត្រូវបានគេចោទសួរថា តើឥណ្ឌូនេស៊ីយល់ឃើញយ៉ាងណាដែរចំពោះការដើរចេញពីអង្គប្រជុំរបស់ក្រុមប្រទេសលោកខាងលិចនេះ? លោកស្រី ស្រ៊ី ម៉ូលយ៉ានី      អ៊ីនដ្រាវ៉ានី (Sri Mulyani Indrawati) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីនិយាយថា៖ ទាំងអស់គ្នាបានដឹងមុនហើយ នេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើល សម្រាប់យើងទាំងអស់គ្នាទេ ជាពិសេសសម្រាប់ឥណ្ឌូនេស៊ី ដែលជាអ្នកដឹកនាំប្រជុំ។ ដូច្នេះឥណ្ឌូនេស៊ីចង់នៅកណ្តាល មិនចង់យកបញ្ហាវិបត្តិអ៊ុយក្រែន មកឡូកឡំក្នុងអង្គប្រជុំG20ឡើយ។

គួរជម្រាបថា វត្តមានរុស្ស៊ីនៅក្នុងកិច្ចប្រជុំ G20 កំពុងមានភាពចម្រូងចម្រាសមែនទែន ក្នុងចំណោមសមាជិកទាំងអស់ ចាប់តាំងពីការឈ្លានពានលើអ៊ុយក្រែនបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ។ លោកខាងលិចទាមទារឲ្យគេដករុស្ស៊ីចេញពីក្រុមប្រទេសG20 ប៉ុន្តែទីក្រុងម៉ូស្គូត្រូវបានការពារផងដែរដោយប្រទេសសមាជិកG20ផ្សេងទៀត ដូចជាចិន អាហ្វ្រិកខាងត្បូង និង អារ៉ាប៊ីសាអូឌីតជាដើម។ កិច្ចប្រជុំកាលពីថ្ងៃពុធក៏មានដែរ អ៊ុយក្រែន ដែលមិនមែនជាសមាជិក G-20 នោះទេ តែត្រូវបានគេអញ្ជើញអោយចូលរួមក្នុងនាមជាភ្ញៀវ។

យ៉ាងណាក៏ដោយក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ដែលតំណាងឲ្យជាង៨០%នៃសេដ្ឋកិច្ចសកល ត្រូវតែសាមគ្គីគ្នាដើម្បីជួយដោះស្រាយដល់ប្រទេសក្រីក្រ។ សេដ្ឋកិច្ចពិភពលោក កំពុងស្ថិតនៅក្នុងបរិបទមួយដ៏តានតឹង កូវីដ១៩ មិនទាន់បិទបញ្ចប់ផង ស្រាប់តែសង្គ្រាមនៅអ៊ុយក្រែនចូលមកបន្ថែមបន្ទុកទៀត។ វត្ថុធាតុដើមឡើងថ្លៃ តម្លៃស្បៀងអាហារក៏ឡើងថ្លៃខ្លាំង រីឯតម្លៃថាមពល ប្រេងឥន្ធនៈ ក៏បន្តកើនឡើងខ្ពស់ដែរ។ ទាំងអស់នេះបានក្លាយជាបន្ទុកដល់ពលរដ្ឋក្រីក្រ ឲ្យកាន់តែជួបការលំបាក។ អង្គការស្បៀងអាហារពិភពលោក ធ្លាប់បានអះអាងថា វិបត្តិខ្វះស្បៀងអាហារក្នុងឆ្នាំ២០២២នេះ អាចប៉ះពាល់ប្រជាជនប្រមាណ១០លាននាក់ថែមទៀតឲ្យធ្លាក់ក្នុងអន្លុងភាពក្រីក្រ។ យ៉ាងណាមិញ សេដ្ឋកិច្ចសកលលោក ដែលធ្លាប់បានរំពឹងថានឹងមានកំណើន ប្រមាណ ៤,៤% ត្រូវបាន IMF ព្យាករទម្លាក់មក ត្រឹម៣,៦%ប៉ុណ្ណោះ នៅឆ្នាំ២០២២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អំណាចនៃការចាយវាយតាមប្រព័ន្ធធនាគារឌីជីថលកើនឡើងខ្លាំង អំឡុងពេលពលរដ្ឋចេញដំណើរកម្សាន្ដបុណ្យចូលឆ្នាំថ្មី

ព័ត៌មាន
អំណាចនៃការចាយវាយតាមប្រព័ន្ធធនាគារឌីជីថលដើម្បីទូទាត់ ផ្ទេរប្រាក់ និងធ្វើប្រតិបត្តិការនានា មានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់នៅក្នុងអំឡុងព…

រុស្ស៊ីបានគំរាមប្រើសន្លឹកបៀរចុងក្រោយ ដោយប្រើមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដែលខ្លួនបានសាកល្បងជោគជ័យ

ព័ត៌មាន
ក្រោយពីបានបង្ហាញកម្លាំងរយៈពេល២ខែក្នុងការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនរួចមកពេលនេះប្រទេសរុស្ស៊ីបានគំរាមប្រើសន្លឹកបៀរចុងក្រោយរបស់ខ្លួនហើយ តាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ