វិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ

ប្រមុខរាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ ខណៈវិស័យនេះ បានរួមចំណែកជិត ៧៩ភាគរយ តាមរយៈការផ្ដល់ការងារជូនប្រជាជននិងចំណូលពន្ធជូនរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កាលណា វិស័យឯកជនមានការរីកចម្រើន សេដ្ឋកិច្ចជាតិក៏មានការរីកចម្រើនដូចគ្នា តាមរយៈការបង្កើនឱកាសការងារជូនប្រជាជនកាន់តែច្រើន ខណៈការបង់ពន្ធនឹងកាន់តែកើនខ្ពស់។ មិនតែប៉ុណ្ណោះ វាក៏ជាការជួយទ្រទ្រង់ដល់ការចំណាយរបស់រាជរដ្ឋាភិបាលថែមទៀតផង។
ប្រមុខរាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ

បើតាមសម្ដេច ហ៊ុន សែន ក្រោយស្ថានភាពកូវីដ១៩ នៅកម្ពុជា បានធូរស្បើយ ការប្រមូលចំណូលផ្ទៃក្នុងកាន់តែប្រសើរ ដោយរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២នេះ ការប្រមូលចំណូលផ្ទៃក្នុងរបស់កម្ពុជា សម្រេចបានរហូត ៩៥ភាគរយ ឯណោះ ដែលគិតជាទឹកប្រាក់ជិត ៣ពាន់លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នាឱកាសចូលរួមចែកសញ្ញាបត្រជូននិស្សិតជ័យលាភី នៃវិទ្យាស្ថានមួយនៅរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសរំលេចពីភាពចាំបាច់នៃតួនាទីរបស់វិស័យឯកជនក្នុងការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ខណៈសម្ដេច ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ដូច្នេះ វិស័យឯកជនកំពុងតែពង្រីកខ្លួនឡើង ដែលទាមទារនូវធនធានមនុស្ស សម្រាប់ការអភិវឌ្ឍ ហើយកម្ពុជា ចាត់ទុកវិស័យនេះ គឺជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ច ដូច្នេះ ភាពរីកចម្រើនរបស់វិស័យឯកជន គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សម្ដេចបន្តថា វិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធកាន់តែច្រើន ហើយប្រាក់ដែលបានពីការបង់ពន្ធ រាជរដ្ឋាភិបាលនឹងមានលទ្ធភាព ដើម្បីវិនិយោគនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ សម្ដេច ហ៊ុន សែន បានកត់សម្គាល់ឃើញថា ក្រោយវិបត្តិកូវីដ១៩ បានធូរស្បើយ ចំណូលពន្ធផ្ទៃក្នុងរបស់កម្ពុជា មានកំណើនគួរឲ្យកត់សម្គាល់ រហូត ២៥០លានដុល្លារ ក្នុងមួយខែ ដោយមិនបានរាប់បញ្ចូលលើការប្រមូលចំណូលពន្ធគយ និងចំណូលមិនមែនសារពើពន្ធ នោះដែរ។

ដោយឡែក ទាក់ទងនឹងចំណូលគយថយចុះវិញ ត្រូវបានសម្ដេច ហ៊ុន សែន បញ្ជាក់ដូច្នេះ ដោយសារកម្ពុជា ស្ថិតក្នុងក្របខ័ណ្ឌតំបន់ពាណិជ្ជកម្មសេរីជាមួយតំបន់អាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន, ភាពជាដៃគូក្នុងតំបន់ RCEP ដែលធ្វើឲ្យការដោះដូរទំនិញមួយចំនួនត្រូវបានធ្វើឡើងដោយការបន្ធូរបន្ថយពន្ធ ឬមិនជាប់ពន្ធ។ ដោយឡែក កម្ពុជា ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកម្ពុជា-កូរ៉េខាងត្បូង ដែលសុទ្ធសឹងជួយសម្រួលដល់ការដោះដូរទំនិញ ដែលពុំមានជាប់កាតព្វកិច្ចពន្ធ ដូច្នេះ ទើបធ្វើឲ្យចំណូលពន្ធគយ បានថយចុះជាបន្តបន្ទាប់។

យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា នៅឆមាសទី១ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបាត់បង់ចំណូលពន្ធគយ ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូសរុបក្នុងទំហំទឹកប្រាក់ជាង៧៥៧ពាន់លានរៀល ឬស្មើនឹងជាង១៨០លានដុល្លារអាមេរិក កើនឡើងជិត៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យ៉ាងណាមិញ ដើម្បីជំរុញវិស័យឯកជន និងពង្រឹងការប្រមូលចំណូលពន្ធឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ សម្ដេច ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងបន្តធ្វើការកែទម្រង់ក្នុងវិស័យសេដ្ឋកិច្ចឲ្យមានភាពលេញលេញ ខណៈកន្លងមកនៅខ្វះលិខិតបទដ្ឋានគតិយុត្តមួយចំនួន សម្រាប់អង្គការពាណិជ្ជកម្មពិភពលោក៕




អត្ថបទបន្ទាប់


អ្នកជំនាញផ្នែកដឹកជញ្ជូន ស្នើឲ្យមានការពិចារណាបញ្ចុះតម្លៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿន សម្រាប់ឆ្នាំដំបូង

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានផ្តល់ជាគំនិត ដោយជំរុញឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធជួយពិចារណាក្នុងការបញ្ចុះការយកកម្រៃសេវាសម្រាប់ក…

នាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីបធំមួយរបស់ចិនបានចុះចេញពីតំណែង ចំពេលអាមេរិកកំពុងតាមត្រួតពិនិត្យក្រុមហ៊ុននេះ

ព័ត៌មាន
នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំមួយរបស់ប្រទេសចិនបានលាលែងពីតំណែងដោយការលាលែងនេះ កំពុងបង្កឱ្យមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងសម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ