អត្ថបទក្រុមហ៊ុន

សហគ្រិនខ្មែរប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចថ្មីចំនួន ៤៩


នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសហគ្រិនខ្មែរ (KE) បានប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចថ្មី ចំនួន ៤៩ ក្នុងចំណោម សំណើរសរុប ចំនួន ៣៦១ មកពី ២០ រាជធានីខេត្ត ដែលបានផ្តល់ទឹកប្រាក់សរុបចំនួន ៤១៥,០០០ ដុល្លាអាមេរិក នៅក្នុងឆ្នាំ ២០២១ ដើម្បីគាំទ្រដល់សហគ្រិនក្នុងអំឡុងពេលវិបត្តិកូវីដ១៩។
សហគ្រិនខ្មែរ (KE) រៀបចំកម្មវិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចថ្មី ចំនួន ៤៩ ក្នុងចំណោម សំណើរសរុប ចំនួន ៣៦១ មកពី ២០ រាជធានីខេត្ត។

កម្មវិធីនេះបានរៀបចំ នៅសណ្ឋាគារ ហៃយ៉ាតរីជិនស៊ីភ្នំពេញ (Hyatt Regency Phnom Penh)​  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមវង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា បរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព​។

កញ្ចប់ជំនួយសហគ្រិនខ្មែរ គឺជាយន្តការអនុវត្តបែបយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាល តាមរយៈការគាំទ្រផ្នែក ហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចថ្មី ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងអាជីវកម្ម និង ប្រតិបត្តិការដែលបណ្តាលមកពីវិបត្តិកូវីដ១៩។ ក្នុងរយៈពេល ២ឆ្នាំកន្លងមក កម្មវិធីនេះបានអនុវត្តអស់ ៥ជុំ ហើយបានផ្តល់ការគាំទ្រដល់សហគ្រិនចំនួន ៩០នាក់ ដែលមានទឹកប្រាក់សរុបចំនួន ៨១៥,000 ដុល្លាអាមេរិក

ឯកឧត្តមវង្សី វិស្សុត បានមានប្រសាសន៍ថា សហគ្រិនភាពជាវិស័យចម្បងមួយដែលរាជរដ្ឋាភិបាលបាន និង កំពុងយកចិត្តទុកដាក់ ដើម្បីពង្រឹងវិស័យឯកជនឲ្យកាន់តែខ្លាំង និងមានភាពរឹងមាំ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ បង្កើនភាពធន់នឹងវិបត្តិ និងជំរុញឲ្យមានពិពិធកម្មសេដ្ឋកិច្ច។ ដូច្នេះ កញ្ចប់ជំនួយសហគ្រិនខ្មែរ ជាកម្មវិធីយុទ្ធសាស្រ្តដ៏មុតស្រួចមួយ បង្កើតឡើងដើម្បីជួយរក្សាលំនឹង និងលើកកម្ពស់ដល់ធុរកិច្ចថ្មី និងសហគ្រាស ធុនតូចនិងមធ្យមដែលមានសក្កានុពល តែកំពុងជួបការលំបាកពីវិបត្តិកូវីដ១៩ ហើយស្ថិតនៅក្នុងវិស័យអាទិភាព ។

ដើម្បីឆ្លើយតប និងជាយុទ្ធសាស្ត្រគាំទ្រដល់ សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចថ្មីដែលមានសក្តានុពល ក្នុងដំណើរស្តារអាជីវកម្ម ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ មានប្រសាសន៍ថា  សហគ្រាសធុនតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃកំនើនសេដ្ឋកិច្ចជាតិ ដែលបង្កើនភាពធន់ ​និងបង្កើតការងារ រីឯ ធុរកិច្ចថ្មី គឺជាកម្លាំងចលករជំរុញការបង្កើតគំនិតនវានុវត្តន៍ និងដោះស្រាយបញ្ហាប្រឈម តាមបែបវិធីសាស្ត្រ ថ្មីដែលមានភាពទាក់ទាញ។ ដូច្នេះ កម្មវិធីនេះពិតជាមានសារៈសំខាន់ ក្នុងការផ្តល់ជំនួយ និងយន្តការ ដោះស្រាយដ៏សមស្រប ខណៈពេលដែលសហគ្រិន កំពុងជួបការលំបាក ផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ដើម្បីរក្សានូវលំនឹងអាជីវកម្ម ក្នុងអំឡុងពេល និងឆ្លងអោយផុតពីវិបត្តិកូវីដ១៩។ 

ឯកឧត្តមបណ្ឌិត បានបន្ថែមថា សហគ្រិនខ្មែរ នឹងបន្តដើរតួនាទីក្នុងការចូលរួមជាមួយដៃគូរពាក់ព័ន្ធនៅក្នុង ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីផ្តល់ការគាំទ្រជាបន្តបន្ទាប់ដល់ធុរកិច្ចថ្មី និង សហគ្រាសធុនតូចនិងមធ្យម។ ជាថ្មីម្តងទៀត សហគ្រិនខ្មែរនឹងបើកទទួលពាក្យក្នុង កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរឆ្នាំ ២០២២ នៅខែមីនា ដូច្នេះ សម្រាប់សហគ្រិន ដែលគិតថាមានសមត្ថភាពពេញលេញ ក្នុងការទទួលបានការគាំទ្រពីកម្មវិធីនេះ សូមធ្វើការដាក់ពាក្យចូលរួមតាមបណ្តាញសង្គមរបស់សហគ្រិនខ្មែរ។

លោកស្រី ស៊ឹង សុផា នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន សិលា ផិបភើរ ខូ អិលធីឌី ដែលជាសហគ្រិនជ័យលាភីមួយរូប មានប្រសាសន៍ថា “ដោយសារតែការរាតត្បាតនៃជំងឺ កូវីដ១៩ មានបញ្ហា ប្រឈមជាច្រើនដែលយើងបានជួបប្រទះ ជាពិសេសទាក់ទងនឹងការនំាចេញ។ នេះបណ្ដាលឱ្យយើងជួបនូវបញ្ហា លំហូរសាច់ប្រាក់។ តាមរយៈការទទួលបានជំនួយពី សហគ្រិនខ្មែរ ទឹកប្រាក់នេះអាចជួយយើងក្នុងការទទួល ទិញវត្ថុធាតុដើមសម្រាប់ស្តុកទុក ពីកសិករសហគមន៍របស់យើង និងបន្តធ្វើការផ្សព្វផ្សាយនៅក្នុងស្រុក។ ជំនួយ មួយផ្នែកទៀត គឺត្រូវបានយកទៅវិនិយោគលើម៉ាស៊ីនសម្រាប់ការវេចខ្ចប់។ សិលា ផិបភើរ ព្យាយាម និងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធ្វើការផ្សព្វផ្សាយម្រេចកម្ពុជាទៅកាន់ពិភពលោក”។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចសហប្រតិបត្តិការរវាងសិង្ហបុរី-កម្ពុជាចុងក្រោយបំផុតលើវិស័យសុខភាពផ្លូវចិត្តដើម្បីផ្តល់អត្ថប្រយោជន៍ដល់មនុស្ស ៣ម៉ឺននាក់នៅត្រឹមឆ្នាំ២០២៤

ព័ត៌មាន
មូលនិធិអន្តរជាតិសិង្ហបុរី (SIF) និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (KSFH) បានដាក់ដំណើរការ គម្រោងពង្រឹងសេវាថែទាំសុខភាពផ្លូវចិត្ត ក្នុងរាជធ…

បើកទំព័រថ្មី! បុរី វិមានភ្នំពេញ នឹងបើកលក់គម្រោងថ្មីទី១៦ របស់ខ្លួននៅក្នុងស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ

ព័ត៌មាន
បុរី វិមានភ្នំពេញ ជាក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់អគារលំនៅឋានដ៏ពេញនិយម និងល្អមួយនៅក្នុងប្រទេសកម្ពុជា នឹងប្រារព្ធកម្មពិធីបញ្ចុះបឋមសិលាសាងសង់ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ