វិស័យប្រេងកម្ពុជា

កម្ពុជាកំពុងតាមដានយ៉ាងហ្មត់ចត់ ក្រោយក្រុមហ៊ុន KrisEnergy ប្រកាសអស់លទ្ធភាពសងបំណុល


មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពលបានអះអាងថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហារបស់ក្រុមហ៊ុនរុករក និងបូមប្រេងរបស់សិង្ហបុរី KrisEnergy បន្ទាប់ពីថ្មីៗនេះ ក្រុមហ៊ុនទើបប្រកាសពីការគ្មានលទ្ធភាពសងបំណុលរបស់ខ្លួន។ បច្ចុប្បន្ន កម្ពុជា ក៏កំពុងរង់ចាំការឆ្លើយតបជាលាយល័ក្ខអក្សរពីខាងក្រុមហ៊ុននេះផងដែរ ដើម្បីសិក្សាពីលទ្ធភាពត្រូវបន្ត និងបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនរុករកប្រេងរបស់សិង្ហបុរីមួយនេះ។
កម្ពុជានឹងនាំចេញប្រេងឆៅ៣០ម៉ឺនបារែល ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅក្នុងខែឧសភា (រូបភាព៖ KrisEnergy)
ដោយ

ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ក្រសួងបានសួរទៅក្រុមហ៊ុនរុករក និងបូមប្រេង KrisEnergy រួចហើយ ពាក់ព័ន្ធការប្រកាសរបស់ក្រុមហ៊ុននេះ ដែលថា ខ្លួនគ្មានលទ្ធភាពសងបំណុល ដែលពួកគេបានជំពាក់នោះទេ។ មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា ក្រសួងបាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ ខណៈបច្ចុប្បន្នកម្ពុជាកំពុងរង់ចាំការឆ្លើយតបជាលាយល័ក្ខអក្សរពីក្រុមហ៊ុន ដែលទទួលបានសិទ្ធិបូមប្រេងនៅកម្ពុជាមួយនេះ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជានឹងមិនយោគយល់ចំពោះក្រុមហ៊ុន KrisEnergy ឡើយ ប្រសិនបើក្រុមហ៊ុននេះមិនអាចបំពេញតាមលក្ខខណ្ឌដែលបានចែងក្នុងកិច្ចសន្យាកន្លងមក។ ពោលគឺក្រសួងអាចនឹងបញ្ចប់កិច្ចសន្យាពាក់កណ្តាលទីតែម្តង ប្រសិនបើពួកគេមិនអាចកែប្រែ តាមការព្រមានរបស់ភាគីកម្ពុជាបាន។ 

ក្រុមហ៊ុន KrisEnergy នៅថ្ងៃទី៤ មិថុនា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយអះអាងថា ខ្លួនគ្មានលទ្ធភាពសងបំណុលដល់ម្ចាស់បំណុល ដែលខ្លួនបានជំពាក់នោះទេ។ ក្រុមហ៊ុនបានលើកឡើងពីមូលហេតុមួយចំនួន ដែលធ្វើឲ្យខ្លួនគ្មានលទ្ធភាពសងបំណុល ដូចជា ទី១គឺដោយសារបំណុលរបស់ក្រុមហ៊ុនកើនលើសតម្លៃនៃទ្រព្យសកម្ម, ទី២ គឺការបូមប្រេងនៅកម្ពុជាទទួលបានបរិមាណតិចជាងការរំពឹងទុក ដែលធ្វើឲ្យមានការខ្វះខាតថវិកា, ទី៣ ក្រុមហ៊ុនគ្មានជម្រើសផ្សេងក្នុងការទទួលបានថវិកា ក្រៅពីការដាក់លក់ទ្រព្យសម្បត្តិ និងទី៤ចុងក្រោយ គឺកង្វះខាតមូលនិធិថវិកាបន្ថែម ដើម្បីទ្រទ្រង់ដំណើរការក្រុមហ៊ុន។

ក្រុមហ៊ុន KrisEnergy ត្រូវបានដឹងថា មានជំពាក់បំណុលប្រមាណជិត៥០០លានដុល្លារអាមេរិក ហើយកន្លងមកក្រុមហ៊ុនពឹងផ្អែកខ្លាំងលើការទាញយកប្រេងពីកម្ពុជា ដើម្បីអាចលក់ទូទាត់សងបំណុលរបស់ខ្លួន ប៉ុន្ដែ ដោយសារតែទិន្នផលពីអណ្ដូងប្រេងពីកម្ពុជាមានតិចជាងខ្លាំងពីអ្វីដែលបានព្យាករណ៍ទុកថា បានធ្វើឲ្យក្រុមហ៊ុននេះ ផុងខ្លួនងើបលែងរួចពីវិបត្តិបំណុលនេះតែម្ដង។

តាមសេចក្ដីបក្រាសរបស់ក្រុមហ៊ុន ក្រុមហ៊ុនរុករក និងបូមប្រេងរបស់សិង្ហបុរីមួយនេះ បានឲ្យដឹងថា ខ្លួនបានស្នើទៅតុលាការរួចហើយ ដើម្បីស្នើសុំលក់ទ្រព្យសម្បត្តិ ដើម្បីបានថវិកាយកមកដោះស្រាយបំណុលជាមួយម្ចាស់បំណុល ។ សំណើនេះ កំពុងរង់ចាំការឆ្លើយតប និងសម្រេចតែពីតុលាការតែប៉ុណ្ណោះ។  

មុនប្រកាសពីការគ្មានលទ្ធភាពសងបំណុលត្រឡប់ដល់ម្ចាស់បំណុល ក្រុមហ៊ុន KrisEnergy បានប្រកាសពីការបរាជ័យក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលជាមួយធនាគារសិង្ហបុរីមួយម្តងរួចមកហើយកាលពីពេលកន្លងទៅ។ ការបរាជ័យនេះ គឺបន្ទាប់ពីក្រុមហ៊ុននេះមិនអាចបំពេញតាមលក្ខខណ្ឌដែលបានចែងពាក់ព័ន្ធសមត្ថភាពទាញយកប្រេងនៅកម្ពុជា ដែលមានបរិមាណតិចជាងការរំពឹងទុក៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្ទេរ​ប្រាក់​តាម​ណាមិន​អស់​ថ្លៃ​សេវា ហើយ​លឿន ?

ព័ត៌មាន
កាលមុន​ពេល​ដែល​ខ្ញុំ​ត្រូវការ​ផ្ទេរ​ប្រាក់​ទៅ​សាច់​ញាតិ ក្រុមគ្រួសារ​របស់ខ្ញុំ ខ្ញុំត្រូវការ​ពេល​វេលា ថ្ងៃនេះ ថ្ងៃនោះ ឬចាំពេល​ទំនេរ​ស...

ប្រធានសមាគមម្រេចកំពត៖ ម្ចាស់ចម្ការម្រេច​ធំៗ​មួយចំនួន​បានបោះបង់ការដាំម្រេច ព្រោះក្ស័យធន

ព័ត៌មាន
ថ្នាក់ដឹកនាំសមាគមម្រេចកំពតបានបញ្ជាក់ប្រាប់ ខេមបូណូមីស ថា យ៉ាងហោចណាស់មកទល់ពេលនេះ មានកសិករដែលជាម្ចាស់ចម្ការម្រេចកំពតប្រមាណ ៦០គ្រួសារហ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ