វិស័យអាកាសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍ឡាវ នឹងហោះហើរត្រង់ទៅមកវៀងចន្ទន៍-ភ្នំពេញនៅខែមីនា ខាងមុខ


មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានក្រុមហ៊ុនអាកាសចរណ៍ឡាវមួយ បើកប្រតិបត្តិការហោះហើរត្រង់ទៅមក រវាងទីក្រុងវៀងចន្ទន៍ និងរាជធានីភ្នំពេញ ដែលវានឹងក្លាយជាផ្នែកមួយក្នុងការចូលរួមចំណែកជួយជំរុញកំណើនភ្ញៀវទេសចរនៃប្រទេសទាំងពីរ។
វិស័យអាកាសចរណ៍
ដោយ

ជាមួយគម្រោងបើកប្រតិបត្តិការហោះហើរឡើងវិញនេះ ក្រុមហ៊ុនអាកាសចរណ៍ឡាវសង្ឃឹម និងជឿជាក់ថា ភ្ញៀវទេសចរកម្ពុជា និងភ្ញៀវទេសចរបរទេសនឹងចូលរួមគាំទ្រដល់ការហោះហើរត្រង់នេះកាន់តែច្រើនផងដែរ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ដោយពិនិត្យឃើញគ្រប់យ៉ាងបានដំណើរការជាប្រក្រតីឡើងវិញ រួមទាំងវិស័យ​ទេសចរណ៍ ក៏មានការរីកចម្រើនជាបន្តបន្ទាប់ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក្រុមហ៊ុនអាកាសចរណ៍ឡាវ ដែលជាក្រុមហ៊ុនរបស់រដ្ឋ បានសម្រេចចិត្តហោះត្រង់ឡើងវិញពីវៀងចន្ទន៍មកភ្នំពេញពីភ្នំពេញទៅវៀងចន្ទន៍ ដែលគ្រោងចាប់ផ្តើមហោះហើរពីថ្ងៃ១៩ ខែមីនា ឆ្នាំ២០២៤ តទៅ ដោយក្នុងមួយសប្តាហ៍មានចំនួន៣ជើង គឺនៅថ្ងៃអង្គារ-ព្រហស្បតិ៍ និងសៅរិ៍ ដោយប្រើយន្តហោះ Air Bus320។

ឯកឧត្តម បានបន្ថែមថា ការសម្រេចហោះហើរត្រង់រវាងប្រទេសទាំងពីរឡើងវិញនេះ គឺបន្ទាប់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានផ្តួចផ្តើម និងគាំទ្រពាក់ព័ន្ធនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍តាមរយៈការដាក់ចេញនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម «ប្រទេសបី គោលដៅតែមួយ» និងការតភ្ជាប់ជើងហោះហើរត្រង់ភ្នំពេញ-វៀងចន្ទន៍-ភ្នំពេញ នាឱកាសចូលរួមក្នុង«វេទិកាខ្សែក្រវាត់និងផ្លូវលើកទី៣»នៅរដ្ឋធានីប៉េកាំងប្រទេសចិន កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ។

ម្យ៉ាងទៀត ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តម ថោង ខុន អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ក៏បានជំរុញឱ្យភាគីឡាវបើកការហោះហើរត្រង់វៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ ឡើងវិញផងដែរ។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ក្រុមហ៊ុនអាកាសចរណ៍ឡាវ ធ្លាប់បានហោះហើរត្រង់លើកំណាត់ផ្លូវវៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ តាំងពីអំឡុងទសវត្សរ៍៨០ រហូតដល់ពាក់កណ្តាលឆ្នាំ២០០០ ប៉ុន្តែដោយសារកត្តាទីផ្សារបានធ្វើឱ្យការហោះហើរលើកំណាត់ផ្លូវនេះ ត្រូវបានផ្អាកមួយរយៈ ដោយក្រុមហ៊ុនអាកាសចរណ៍ឡាវ បានប្រើប្រាស់សិទ្ធិហោះហើររបស់ខ្លួនលើកំណាត់ផ្លូវនេះ ជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាមវិញ។

តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍ឡាវនៅតែបន្តហោះហើរត្រង់រវាង ហ្លួងព្រះបាង-ប៉ាក់សេ-សៀមរាប-ប៉ាក់សេ-ហ្លួងព្រះបាងចំនួន៣ជើងក្នុងមួយសប្តាហ៍។ ជាផែនការរយៈពេលវែង ក្រុមហ៊ុនអាកាសចរណ៍ឡាវនេះ ក៏មានគម្រោងតភ្ជាប់ផ្លូវហោះហើរទៅកាន់ខេត្តព្រះសីហនុផងដែរ។

គួរបញ្ជាក់ថា ឡាវ គឺជាភ្ញៀវទេសចរបរទេសធំទី៤ ដែលបានធ្វើដំណើរមកទស្សនកិច្ចកម្សាន្តនៅក្នុងប្រទេសកម្ពុជា​កាលពីឆ្នាំ២០២៣កន្លងទៅ ដោយមានចំនួនសរុបជាង៣៧ម៉ឺននាក់ កើនឡើងរហូតដល់ទៅជាង៣០០%​ បើធៀបនឹងឆ្នាំ២០២២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើពិធីបុណ្យចូលឆ្នាំចិនអាចជាឱកាសសម្រាប់កម្ពុជាទទួលបានទេសចរបរទេសបន្ថែមដែរឬទេ?

ព័ត៌មាន
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានក្លាយជាពិធីបុណ្យមួយដ៏មានប្រជាប្រិយភាពនៅក្នុងបណ្ដាប្រទេសជាច្រើនលើពិភពលោក ដែលមានជនជាតិចិននិងអ្នកជាប់សែស្រ…

តើក្រុមហ៊ុនលំដាប់ពិភពលោកមានយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីជំរុញលើកកម្ពស់វប្បធម៌នៃការធ្វើឱ្យប្រសើរឡើង ឥតឈប់ឈរនៅក្នុងប្រតិបត្តិការរបស់ខ្លួន?

ព័ត៌មាន
ការកសាងនូវវប្បធម៌នៃការធ្វើឱ្យប្រសើរឡើងឥតឈប់ឈរនៅគ្រប់ផ្នែកនៃខ្សែច្រវាក់ផលិតកម្ម គឺជាកត្តាស្នូលដ៏សំខាន់សម្រាប់ក្រុមហ៊ុនធំៗលំដាប់ពិភពលោក ត្រូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ