ក្រុមហ៊ុនអាកាសចរណ៍ធំៗនៅចិន

ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ចិននឹងបង្កើនជើងហោះហើរជាអន្តរជាតិបន្ថែមទៀត ចំពេលតម្រូវការកើនឡើង


នៅទីបំផុតក្រុមហ៊ុនអាកាសចរណ៍ធំៗបំផុតរបស់ប្រទេសចិនមួយចំនួន កំពុងរៀបចំផែនការបង្កើនជើងហោះហើរអន្តរជាតិបន្ថែមទៀត ដែលជាសញ្ញាមួយបង្ហាញថារដ្ឋាភិបាលចិនជ្រាបដឹងពីភាពឯកោ ដែលកំពុងតែកើនឡើងរបស់ប្រទេសនេះ ខណៈដែលប្រទេសចិននៅតែបន្តវិធានការបិទខ្ទប់ និងការធ្វើតេស្តទ្រង់ទ្រាយធំក្រោមគោលនយោបាយគ្មានជំងឺកូវីដរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយធំៗ។
ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ចិននឹងបង្កើនជើងហោះហើរជាអន្តរជាតិបន្ថែមទៀត

ក្រុមហ៊ុនអាកាសចរណ៍ចិន ឆាយ​ណា​ អ៊ីស្ទើន​ (China Eastern)​ ​ដែលរង​ការ​រឹតបន្តឹងយ៉ាងខ្លាំង​ដោយវិធាន​ការបិទខ្ទប់​ប្រឆាំង​​នឹងកូវីដ១៩​នៅទីក្រុងសៀងហៃ​នោះ​ នឹងដំណើរការ​ជើង​ហោះហើរ​អន្តរជាតិ​ដល់ចំនួន ១០៨​ ជើង​ក្នុងមួយសប្តាហ៍​ចាប់​ពីថ្ងៃទី៣០​ ខែតុលានៅលើ​ផ្លូវហោះហើរចំនួន ៤២ ​រួម​ទាំង ផ្លូវ​ធ្វើហោះហើរ​​ទៅកាន់​ទីក្រុងតូក្យូ ​សេអ៊ូល និងឌូបៃផង​ដែរ​ ពោល​គឺ​កើន​ឡើង​​ពីចំនួន​ ៥៤ ជើងហោះហើរ និង​​កើន​ឡើង​ពីផ្លូវ​ហោះហើរចំនួន​​ ២៥ ផ្លូវ​ដែល​កំពុង​ប្រតិ​បត្តិ​ការ​បច្ចុប្បន្ន​។ នេះបើយោងតាមការប្រកាស​​នៅ​លើ​គណនី​​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​សង្គម​ Weibo របស់​​ក្រុម​ហ៊ុន​ China Eastern។​

ចំណែក​ក្រុម​ហ៊ុនអាកាស​ចរណ៍​​ China Southern Airlines ដែលជាក្រុមហ៊ុនដឹកជញ្ជូន​ដ៏ធំបំផុត​របស់ប្រទេស​ចិន​​គិត​តាម​បរិមាណអ្នកដំណើរ​នោះ ក៏​​​នឹងបន្តសេវាកម្ម​របស់​ខ្លួន​ទៅកាន់​ទីក្រុង​តូក្យូ ​ហ្សាការតា ​ឌូបៃ ​ម៉ានីល និងបាងកក​នៅ​ក្នុងចំណោមគោលដៅផ្សេង​ទៀត​នៅ​ចុង​ខែ​នេះផង​ដែរ​​។​

រីឯ ​ក្រុមហ៊ុន​អាកាស​ចរណ៍​ Air Chinaវិញ ​បានបន្តសេវាកម្ម​របស់​ខ្លួន​ឡើងវិញ នៅចុងខែកញ្ញា​ពីទីក្រុងនានា​របស់ចិន​ឆ្ពោះ​ទៅកាន់ទីក្រុងម៉ានីល ហ្សាការតា តូក្យូ អាថែន វ៉ាន់ខូវើ និងឡូសអេនជឺលេស​។ ដូចគ្នា​នោះ​ដែរ​ក្រុម​ហ៊ុនអាកាស​ចរណ៍​​ Hainan Airlines បានប្រកាសតាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ Weibo ​កាល​ពី​ថ្ងៃ​ទី១៥ ខែតុលាថា​ ក្រុម​ហ៊ុ​ន​នេះ​នឹងបន្ថែមជើងហោះហើរ​ប្រចាំ​សប្តាហ៍​ទីពីរ​​រវាងទីក្រុង​ឆុង​ឈីង​ (Chongqing)​ និងទី​ក្រុង​រ៉ូម​ (Rome)​ ចាប់ពីថ្ងៃទី០៦ ខែ​វិច្ឆិកា​តទៅ​។

ទោះជា វិធានការគ្មានកូវីដ១៩ ដ៏តឹងតែង​បានបង្កឲ្យ​មានការខូចខាត​ដល់​ប្រទេសចិន​ក៏ដោយ ​ក៏លោកប្រធានាធិបតី ស៊ី ជីនពីង នៅតែ​និយាយ​​ការពារយ៉ាងម៉ឺងម៉ាត់ចំពោះ​​គោលនយោ​បាយនេះ​ ហើយលោក​ក៏មិនបាន​កំណត់ពេលវេលាសម្រាប់​ប្រទេស​ចិន​ក្នុង​ការ​ធ្វើ​ដូច​​ប្រទេសផ្សេងទៀត ​​ក្នុងការរស់នៅជាមួយ​កូវីដ១៩នោះដែរ ​ដ្បិតថា ​លោក​បាន​សាទរ​យុទ្ធ​សាស្ត្ររបស់​លោក​ក្នុងការ​ជួយ​​ស្រោច​ស្រង់​ជីវិត​ប្រជាជនចិន​។​ ទោះ​ជា​យ៉ាង​ណា​ រលក​រុញច្រាន​​ប្រឆាំងនឹងវិធានការដ៏តឹងរ៉ឹង​នេះ ​​ហាក់​ដូចជាកំពុង​កើនឡើងជាពិសេសនៅតាម​ទីក្រុងធំៗ​​នៅពេលដែល​​អាជ្ញាធរ​បន្ត​​ដាក់វិធាន​​ការ​បិទ​ខ្ទប់​ និងការ​ធ្វើតេស្តជាកាតព្វកិច្ចលើមនុស្សរាប់​លាន​នាក់​។​

​កាល​ពី​ខែ​មិថុនា​ប្រទេស​ចិន​​​បានកាត់បន្ថយពេលវេលានៃ​ការ​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​សម្រាប់​អ្នក​ដំណើរពីក្រៅប្រទេស​ទៅ​​ដល់​ចិន​មកនៅ​ត្រឹមតែ​៧ថ្ងៃ​វិញ​​ ហើយ​និយតករអាកាសចរណ៍​​បាននិយាយ​នៅ​ខែបន្ទាប់​មក​ទៀត​ថា ​ជើងហោះហើរអន្តរជាតិគួរតែត្រូវបានបន្តឡើងវិញក្នុងលក្ខណៈ​សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់។​

ផលប៉ះពាល់​នៃការអនុវត្តគោលនយោបាយគ្មានកូវីដរបស់​បុរសខ្លាំង ស៊ី ជីនពីង ក៏បានកំពុងបង្ហាញឲ្យឃើញពីភាពអសកម្មកាន់តែខ្លាំងក្នុងវិស័យសេដ្ឋកិច្ច ​​​ដោយមូលនិធិរូបិយវត្ថុអន្តរជាតិបានព្រមានថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនទំនង​ជានឹងថយមកនៅ​ត្រឹម ៣,២% ​នៅឆ្នាំនេះ ​​​ដែលទាបជាងគោលដៅកំណត់​ ​៥,៥%​ របស់រដ្ឋាភិបាល​។

សូមបញ្ជាក់ថា ក្រោយពីមានដំណឹងអំពីការបង្កើនជើងហោះហើរ​ទៅអន្តរជាតិនេះ ផ្សារ​ភាគហ៊ុនរបស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ China Southern បានកើនឡើងដល់ទៅ ៣,៦% នៅ​ក្នុងទីក្រុងហុងកុង​​នៅ​ថ្ងៃទី ១៨ តុលា​នេះ ​​​ខណៈដែលក្រុមហ៊ុន​អាកាស​ចរណ៍​ China Eastern ​បាន​កើនឡើង​ដល់ទៅ ៥,៦% ហើយក្រុមហ៊ុន​ Air China បានកើនឡើង ៥,១%។ ​អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងបានកើនឡើង ៣,១%ផងដែរ។

បើតាម​អ្នកផ្តល់ទិន្នន័យ VariFlight ជើងហោះហើរ​ទាំង​ក្នុងនិងក្រៅ​ប្រទេសចិន​នៅពេលនេះ​មាន​ប្រហែល ៩៥% គឺ​ស្ថិត​នៅក្រោម​កម្រិត​កាល​ពី​មុន​ពេល​កូវីដ​១៩នៅឡើយ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រុមហ៊ុនឯកជនធំមួយក្នុងវិស័យអប់រំ គ្រោងឈានជើងចូលផ្សារភាគហ៊ុនកម្ពុជា

ព័ត៌មាន
ក្រោយពីបើកដំណើរការអស់រយៈពេល១០ឆ្នាំកន្លងមកនេះ ផ្សារមូលបត្រកម្ពុជាបានទទួលក្រុមហ៊ុនចុះបញ្ជីជាង១០ក្រុមហ៊ុនហើយ ប៉ុន្ដែ នៅមិនទាន់មានក្រុមហ៊ុន…

ភារកិច្ចធំដំបូងរបស់រដ្ឋមន្ត្រីកសិកម្មថ្មី គឺត្រូវដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងដែលបណ្ដាលឲ្យដំណាំស្រូវប្រជាពលរដ្ឋរាប់ម៉ឺនហិកតា

ព័ត៌មាន
នៅចំពេលនៃការការផ្ទេរតំណែងរដ្ឋមន្រ្តីកសិកម្មថ្មី វិស័យកសិកម្ម ក៏កំពុងស្ថិតក្នុងស្ថានភាពរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំនន់ទឹកភ្លៀងស្ទើរតែទូទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ