ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិអង្គរ

ទេសចរជាង៧ពាន់នាក់មកពី៦៩ប្រទេសចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុននៅអង្គរ


មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ និងអ្នកជំនាញបានចាត់ទុកការចូលរួមរត់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៧ពាន់៥រយនាក់មកពី៦៩ប្រទេស ក្នុងព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិអង្គរលើកទី២៧នៅបរិវេណអង្គរ ខេត្តសៀមរាបកាលពីពេលថ្មីៗ ជាជោគជ័យដ៏ធំធេងសម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ដ៏ល្អឯករបស់ខ្លួនទៅកាន់ពិភពលោក។ ភាពជោគជ័យលើសការរំពឹងទុកនេះ ក៏ជាពន្លឺមួយដ៏ល្អសម្រាប់កម្ពុជាក្នុងការស្តារវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ផងដែរ។
ទេសចរជាង៧ពាន់នាក់មកពី៦៩ប្រទេសចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុននៅអង្គរ

កម្ពុជារំពឹងថា តាមរយៈព្រឹត្តិការណ៍នេះវានឹងជួយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកកម្សាន្តនៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រល្អឯកគ្មានពីរនេះឲ្យកាន់តែច្រើនបន្ថែមទៀត។

អត្តពលិកជាតិ និងអន្តរជាតិជាង៧ពាន់៥រយនាក់មកពី៦៩ប្រទេស បានចូលរួមរត់ប្រណាំងក្នុងព្រឹត្តិការណ៍អន្តរជាតិពាក់កណ្តាលម៉ារ៉ាតុនអង្គរលើកទី២៧ នៅបរិវេណរមណីយដ្ឋានអង្គរខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២។ ក្នុងចំណោមអត្តពលិកអន្តរជាតិជិត២ពាន់ដែលបានចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ភាគច្រើនមកពីប្រទេសអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចាត់ទុកចំនួននេះជាជោគជ័យដែលមិននឹកស្មានដល់ ដោយសារឯកឧត្តមមិនរំពឹងថា ព្រឹត្តិការណ៍នេះនឹងទទួលបានអត្តពលិកដ៏ច្រើនលើសលប់បែបនេះនោះទេ ដ្បិតថា វិបត្តិកូវីដ-១៩ កំពុងនៅបន្តគំរាមកំហែងដល់ប្រទេសផ្សេងៗនៅលើពិភពលោកនៅឡើយ។

ទន្ទឹមនឹងនេះ ឯកឧត្តម វ៉ាត់ ចំរើន បានចាត់ទុកវត្តមានរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពី៦៩ប្រទេសទូទាំងពិភពលោកនេះថា វាជាសញ្ញាមួយដ៏ល្អសម្រាប់កម្ពុជាក្នុងការឈានទៅស្តារវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ដែលរងផលប៉ពាល់ដោយសារវិបត្តិកូវីដ-១៩ឲ្យងើបមករកប្រក្រតីភាពឡើងវិញលឿនជាងការគ្រោងទុក។ លើសពីនេះវាបានបង្ហាញពិភពលោកឲ្យឃើញថា កម្ពុជាជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពសម្រាប់ការធ្វើដំណើរកម្សាន្តនាពេលបច្ចុប្បន្ន បើធៀបនឹងគោលដៅទេសចរណ៍នៅប្រទេសផ្សេងៗ។

សម្រាប់ឯកឧត្តម វ៉ាត់ ចំរើន ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិអង្គរនៅឆ្នាំនេះមិនត្រឹមតែជួយផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យមកកម្សាន្តនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកជួយផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក៏ដូចជាស្តារអាជីវកម្មទេសចរណ៍ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ផងដែរ។ ជាក់ស្តែងបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន នៅក្នុងរយៈបីថ្ងៃកន្លងមកនេះសណ្ឋាគារ ផ្ទះសំណាក់ក្នុងខេត្តសៀមរាបទទួលបានការជួលស្ទើរគ្រប់ទីកន្លែង។

ជាមួយគ្នានេះលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាយល់ឃើញថា តាមរយៈព្រឹត្តិការណ៍ខាងលើវានឹងផ្សព្វផ្សាយឲ្យប្រទេសជាច្រើនលើពិភពលោកងាកមកចាប់កម្ពុជា ដែលជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព និងល្អឯកមួយនៅលើពិភពលោក។ លើសពីនេះព្រឹត្តិការណ៍នេះវាបានរួមចំណែកក្នុងការជួយស្តារវិស័យចរណ៍ និងអាជីវកម្មក្នុងវិស័យទេសចរណ៍ឲ្យងើបឡើងវិញលឿនផងដែរ។ ព្រោះលោកជំទាវជឿជាក់ថា ភ្ញៀវទេសចរអន្តរជាតិមកពី៦៩ប្រទេសទាំងនោះ មកកម្ពុជាមិនត្រឹមតែចូលរួមព្រឹត្តិការណ៍ខាងលើនោះទេ ប៉ុន្តែពួកគេអាចនឹងបន្តស្នាក់នៅកម្ពុជា ហើយដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាផងដែរ។

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ខាងលើ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកឡើងថា បន្ទាប់ពីធ្វើបុរេព្រឹត្តិការណ៍កាលពីឆ្នាំ២០២១ ក្រោយវិបត្តិជំងឺកូវីដ-១៩ មានភាពធូរស្បើយ ឆ្នាំនេះជាសញ្ញាណបញ្ជាក់ពីការចេញដំណើរក្នុងការស្តាវិស័យទេសចរណ៍ឡើងវិញ និងមានភាពវិជ្ជមានគួរជាទីសង្ឃឹមក្នុងការស្រូបយកភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឡើងវិញឲ្យបានឆាប់រហ័ស។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី តាមរយៈព្រឹត្តិការណ៍នេះបានបង្ហាញឲ្យឃើញថា កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាពមុនគេ និងផ្តល់នូវភាពកក់ក្ដៅជាទីបំផុត ក្រោមម្លប់នៃសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនអ្នកឧកញ៉ា គួច ម៉េងលី នឹងឈានជើងចូលក្នុងទីផ្សារភាគហ៊ុននៅឆ្នាំក្រោយ

ព័ត៌មាន
ក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលី នឹងចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុន នៅក្នុងផ្សារមូលបត្រកម្ពុជាន…

អ៊ុយក្រែន និងបណ្ដាប្រទេសនៅតំបន់បាល់ទិកស្តីបន្ទោសប្រធានាធិបតីបារាំងខ្លាំងៗ បន្ទាប់ពីស្នើឱ្យមាន «ការធានាសន្តិសុខ» សម្រាប់រុស្ស៊ី

ព័ត៌មាន
តាមសំណូមពររបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលថា ប្រទេសបស្ចិមលោកគួរតែពិចារណាពីតម្រូវការរបស់រុស្ស៊ីសម្រាប់ការធានាសន្តិសុខ ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ