អាជីវកម្មទេសចរណ៍

ក្រសួងទេសចរណ៍ថា មានអាជីវកម្មទេសចរណ៍១៥%ទៀតនៅបន្តផ្អាកអាជីវកម្ម


ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសទាំងស្រុងឡើងវិញ អាជីវកម្មទេសចរណ៍ក៏បានបើកទ្បើងវិញជាបន្តបន្ទាប់ ហើយគិតមកទល់បច្ចុប្បន្ន មានអាជីវកម្មទេសចរណ៍ប្រមាណ៨៥%ហើយបើកដំណើរការឡើងវិញ ខណៈនៅមាន១៥% ទៀតប៉ុណ្ណោះ ដែលមិនទាន់បើកដំណើរការឡើងវិញ។
ហាង​នៅផាប់ស្ត្រីត ក្នុងខេត្តសៀមរាប នាពេលរាត្រី (រូបភាព៖ Wikipedia)
ដោយ

ទន្ទឹមនឹងការដំណើរការនូវអាជីវកម្មទេសចរណ៍ឡើងវិញ ក្រសួងទេសចរណ៍ ក៏បានកត់សម្គាល់​ឃើញដែរថា បច្ចុប្បន្ន ក៏មានការលេចទ្បើងវិញនូវការប្រកបអាជីវកម្មទេសចរណ៍ដែលគ្មានអាជ្ញាបណ្ណទេសចរណ៍កើនឡើងគួរឲ្យកត់សម្គាល់ ដូច្នេះ ក្រសួងទេសចរណ៍ទាមទារឲ្យ​មានការយកចិត្តទុកដាក់ខ្ពស់ពី​ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ រួសរាន់ទៅចុះបញ្ជីអាជីវកម្មទេសចរណ៍នៅក្រសួងទេសចរណ៍ ឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។

ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជា បានបើកសង្គម និងសេដ្ឋកិច្ចពេញលេញឡើងវិញ អាជីវកម្មទេសចរណ៍ក្នុងស្រុកបានបើកឡើងវិញជាបន្តបន្ទាប់។ ឯកឧត្តមបន្ថែមថា នៅទូទាំងប្រទេសកម្ពុជា មានមូលដ្ឋានអាជីវកម្មទេសចរណ៍សរុបចំនួនជាង ៨ពាន់ទីតាំង ហើយបើគិតត្រឹម ខែកញ្ញា ឆ្នាំ២០២២ មានមូលដ្ឋានអាជីវកម្មទេសចរណ៍ ចំនួន ១ ២០០ទីតាំង ដែលស្មើនឹង ១៥% ប៉ុណ្ណោះ ដែលនៅបន្តនិងផ្អាកអាជីវកម្មរបស់ខ្លួន។

ស្របពេលដែលមានការបើកដំណើរការឡើងវិញនូវមូលដ្ឋានអាជីវកម្មទេសចរណ៍ដែលបានផ្អាកប្រតិបត្តិការអំឡុងកូវីដ១៩ ក្រសួងទេសចរណ៍ក៏បានកត់សម្គាល់ឃើញថា កំណើននៃអាជីវកម្មទេសចរណ៍ដែលមិនបានចុះបញ្ជីក៏មានកំណើនខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ។

ក្នុងន័យនេះ ក្រសួងទេសចរណ៍បានជំរុញឲ្យម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ រួសរាន់ទៅចុះបញ្ជីអាជីវកម្មឲ្យបានឆាប់តាមតែអាចធ្វើទៅបាន ដើម្បីចៀសវាងនូវហានិភ័យផ្សេងៗ ដោយ ក្រសួងទេសចរណ៍មិនអនុញ្ញាតឲ្យមានការធ្វើអាជីវកម្មទេសចរណ៍ ដោយមិនបានចុះបញ្ជីនោះឡើយ។ បន្ថែមលើនេះ ឯកឧត្តម តុប សុភ័ក ក៏បានបញ្ជាក់ផងដែរថា ក្នុងករណីម្ចាស់អាជីវកម្មនៅតែបន្តសកម្មភាពអាជីវកម្មទេសចរណ៍ ដោយគ្មានអាជ្ញាបណ្ណទេសចរណ៍ទៀត ក្រសួងទេសចរណ៍នឹងចាត់វិធានការផ្លូវច្បាប់ជាធរមាន ដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងនោះ ផងដែរ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍ក៏បានណែនាំដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ​ទាំងអស់ ត្រូវសួររកអាជ្ញាបណ្ណទេសចរណ៍សិន មុននឹងប្រើប្រាស់សេវាកម្ម ឬផ្គត់ផ្គង់សេវាកម្មទេសចរណ៍។ ជាមួយគ្នានោះ ក្រសួងទេសចរណ៍ក៏បានស្នើដល់ម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារ ផ្ទះស្នាក់ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ ក្រុមហ៊ុនដឹក ជញ្ជូនទេសចរណ៍ ក្រុមហ៊ុនគ្រប់គ្រងប្រព័ន្ធកក់សំបុត្រយន្តហោះ និងមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ មិនត្រូវចុះហត្ថលេខា ឬផ្តល់កិច្ចសហការផ្គត់ផ្គង់សេវាកម្ម ទេសចរណ៍ ឬអនុញ្ញាតផ្តល់ប្រព័ន្ធកក់សំបុត្រដល់ការីទេសចរណ៍និងភ្នាក់ងារទេសចរណ៍ណា ឬបុគ្គលណាម្នាក់ដែលប្រកបអាជីវកម្មទេសចរណ៍ដោយគ្មានអាជ្ញាបណ្ណទេសចរណ៍នោះឡើយ។

ក្រសួងក៏បានស្នើដល់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនគ្រប់គ្រងប្រព័ន្ធកក់សំបុត្រយន្តហោះ ត្រូវទទួលខុសត្រូវចំពោះការខាតបង់ ឬហានិភ័យផ្សេងៗ ក្នុងករណីផ្តល់ កិច្ចសហការជាមួយដៃគូផ្គត់ផ្គង់សេវាកម្មទេសចរណ៍ ឬបុគ្គលណាដែលប្រកបអាជីវកម្មទេសចរណ៍ ដោយគ្មានអាជ្ញាបណ្ណទេសចរណ៍។

សូមបញ្ជាក់ថា នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត ១លាន៦សែននាក់។ យ៉ាងណាក៏ដោយ កម្ពុជារំពឹងថា នឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់ ២លាននាក់ នៅក្នុងឆ្នាំ២០២៣ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី៣២។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍៕




អត្ថបទបន្ទាប់


ស្ករត្នោតកំពង់ស្ពឺគ្រោងនាំចេញទៅប្រទេសចិននៅឆ្នាំក្រោយ ប៉ុន្ដែការផលិតកំពុងខ្វះខាត

ព័ត៌មាន
ទីផ្សារស្ករត្នោតកំពង់ស្ពឺនៅក្នុងស្រុក និងទីផ្សារអន្តរជាតិកំពុងមានតម្រូវការកើនខ្ពស់ ខណៈដែលថ្មីៗនេះ ផលិតផលម៉ាសម្គាល់ភូមិសាស្ត្រមួយនេះ ក៏គ្រោង…

តើការដោះស្រាយបញ្ហាអគារជាប់គាំងជាង ១ពាន់អគារនៅខេត្តព្រះសីហនុដំណើរការដល់ណាហើយ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងដែលមានសមាជិកចម្រុះមកពីស្ថាប័នរដ្ឋ និងឯកជនកំពុងសិក្សា និងរៀបចំយន្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ