ខេត្តសៀមរាបអាចនឹងប្រឈមការខ្វះបន្ទប់ស្នាក់នៅ

មន្ទីរទេសចរណ៍ខេត្តសៀមរាបថា ខេត្តសៀមរាបអាចនឹងប្រឈមការខ្វះបន្ទប់ស្នាក់នៅ អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


ប្រជាពលរដ្ឋបាន និងកំពុងនាំគ្នាកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូនៅតាមខេត្តគោលដៅទេសចរណ៍ជាច្រើន ដើម្បីត្រៀមសម្រាប់ដំណើរកម្សាន្ដនាឱកាសថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅសប្ដាហ៍ក្រោយនេះ។ ក្នុងនោះ បើតាមប្រធានមន្ទីរទេសចរខេត្តសៀមរាបបានអះអាងថា ខេត្តនេះអាចប្រឈមនឹងការខ្វះខាតកន្លែងស្នាក់នៅ ខណៈការកក់បន្ទប់ ផ្ទះសំណាក់ និងសណ្ឋាគារមកទល់ពេលនេះ គឺមានជិត១០០%ហើយ។
ខេត្តសៀមរាបអាចនឹងប្រឈមការខ្វះបន្ទប់ស្នាក់នៅ រូបភាព៖ តោះទៅលេង សៀមរាប-Let’s Go To Siem Reap

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានអះអាងថា ការកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ទទួលបានការកក់ពេញច្រើនពី ៨០% ទៅ ៩០% ហើយ។ លោក ង៉ូវ សេងកាក់ ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារជាមុនផងដែរ ដើម្បីជៀសវាងការមកដល់ហើយមិនមានបន្ទប់ស្នាក់នៅ។ ដោយសារតែកាលពីមានជំងឺកូវីដ១៩ មក សណ្ឋាគារផ្ទះសំណាក់មួយចំនួនត្រូវបានបិទទ្វារ និងមិនទាន់បើកដំណើរការឡើងវិញនៅឡើយ បានធ្វើឱ្យឆ្នាំនេះខេត្តសៀមរាបអាចនឹងប្រឈមការខ្វះបន្ទប់សម្រាប់ភ្ញៀវស្នាក់នៅ ខណៈអាជ្ញាធរក៏កំពុងស្វះស្វែងជំរុញឱ្យកន្លែងមួយចំនួនបើកដំណើរការឡើងវិញ សម្រាប់ទទួលភ្ញៀវទេសចរផងដែរ។ លោក បញ្ជាក់បន្ថែមថា បច្ចុប្បន្នការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងខេត្តសៀមរាប សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ សម្រេចរួចរាល់បានប្រមាណជាង៩៥% ហើយផងដែរ។

ដោយឡែក សម្រាប់ខេត្តព្រះសីហនុវិញ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍មួយនេះ បានបញ្ជាក់ថា មកទល់ពេលនេះ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ និងបឹងកាឡូធំៗ ទទួលបានការកក់ពីអតិថិជនប្រមាណ ៤០% ទៅ ៥០% ហើយ ខណៈបន្ទប់ផ្ទះសំណាក់តូចៗវិញ ហាក់មិនទាន់សូវមានការកក់ច្រើននោះទេ។ លោកតាំង សុចិត្រគ្រឹស្នា បន្ថែមថា ការកក់មានចំនួនតិចតួចនៅឡើយនេះ ក៏ដោយសារបច្ចុប្បន្នមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលធ្វើឱ្យភ្ញៀវទេសចរមួយចំនួនពួកគាត់មិនសូវព្រួយបារម្ភអំពីការខ្វះកន្លែងស្នាក់នៅ ពោលគឺប្រសិនជាមិនមានកន្លែងស្នាក់នៅពួកគាត់អាចត្រឡប់ទៅវិញបានតាមផ្លូវល្បឿនលឿន។ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុរូបនេះអះអាងថា នាឱកាសថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចំនួន៣ថ្ងៃខាងមុខនេះ លោករំពឹងថា ខេត្តព្រះសីហនុ នឹងអាចទទួលបានភ្ញៀវទេសចរប្រមាណជាង ១០ម៉ឺននាក់ចូលមកកម្សាន្ត។

ជាមួយគ្នានេះ បើតាម លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបវិញ បានឱ្យដឹងថា បច្ចុប្បន្នបន្ទប់សណ្ឋាគារ ផ្ទះសំណាក់ និងបឹងកាឡូ ក្នុងខេត្តកែប ទទួលបានការកក់ច្រើនប្រមាណ ៧០% ទៅ ៨០% ហើយ និងរំពឹងថា ទទួលបានភ្ញៀវពេញនៅពេលថ្ងៃចូលឆ្នាំមកដល់។ ខេត្តកែបបច្ចុប្បន្ន ក៏កំពុងមានការរៀបចំតុបតែងលម្អហេដ្ឋារចនាសម្ព័ន្ធដងផ្លូវ និងតំបន់ទេសចរណ៍បង្កើតថ្មីជាច្រើន ជាពិសេសតាមតំបន់ឆ្នេរ និងកោះនានា ដើម្បីត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

ដោយឡែក នៅខេត្តកំពតឯណោះវិញ ហាក់មានការកក់បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ហាក់មានចំនួនតិចជាងគេ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា ទើបទទួលការកក់បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ និងបឹងកាឡូ តិចតួចប្រមាណជាង១០% ប៉ុណ្ណោះ ដោយលោកបានអះអាងថា ជាធម្មតាទាល់តែជិតដល់ថ្ងៃចូលឆ្នាំតែម្តងទើបទទួលបានការកក់ច្រើន។

សួមជម្រាបថា បើទោះបីមកទល់ពេលនេះ ខេត្តគោលដៅទេសចរណ៍មួយចំនួនទទួលបានការកក់បន្ទប់ច្រើនក្តី និងខេត្តខ្លះទៀតមានចំនួនតិចតួចក្តី ប៉ុន្តែ បើតាមការអះអាងរបស់ប្រធានមន្ទីរនៃបណ្ដាខេត្តទាំងនោះ តម្លៃបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារនៅតាមបណ្តាខេត្តទាំងនោះ ហាក់ពុំមានការឡើងថ្លៃអ្វីគួរឱ្យកត់សម្គាល់នោះទេ៕




អត្ថបទបន្ទាប់


ការផ្តល់ភាគលាភដោយក្រុមហ៊ុនធំៗបំផុតរបស់ចិន កើនឡើងមិនធ្លាប់មានរហូតទៅដល់ ១៧៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២២

ព័ត៌មាន
ក្រុមហ៊ុនវាយតម្លៃទីផ្សារនិងវិនិយោគទុនមួយ ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក គឺក្រុមហ៊ុន ស្តង់ដាអ៊ែនភួ ហ្លូបបល ម៉ាកឃិត (S&P G…

IMF ព្រមានថា ការបំបែកទំនាក់ទំនងរវាងចិន និងអាមេរិក នឹងធ្វើឲ្យពិភពលោកកាន់តែក្រីក្រ ហើយគ្មានអ្នកឈ្នះពិតប្រាកដឡើយ

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា សេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចរបស់បណ្ដាប្រទេសដែលជិតស្និទ្ធនឹងចិននៅអាស៊ីអាគ្នេយ៍ នឹងរងគ្រោះខ្លាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ