សង្គ្រាមអ៊ុយក្រែន

NATO ចេញមុខធានាថា នឹងជួយគាំទ្រអ៊ុយក្រែនធ្វើសង្គ្រាមទប់ទល់រុស្ស៊ី ទោះក្នុងពេលច្រើនឆ្នាំទៀតក៏ដោយ


អគ្គលេខាធិការអង្គការណាតូកាលពីថ្ងៃព្រហស្បតិ៍ទី២៨មេសា បានឲ្យដឹងថា អង្គការសម្ព័ន្ធយោធាមួយនេះ ត្រៀមខ្លួនរួចជាស្រេចដើម្បីរក្សាការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី ទោះក្នុងពេលជាច្រើនឆ្នាំទៀតក្តី។
លោកជេន ស្តូលថេនប៊ឺក (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ
ដោយ

ប្រមុខដឹកនាំណាតូរូបនេះសង្កត់ធ្ងន់ថា អ៊ុយក្រែន​ក៏នឹងទទួលបាន​ផងដែរ នូវជំនួយដើម្បីផ្លាស់ប្តូរ​ពីសព្វាវុធចាស់ៗ ដែលសល់ពីសម័យសហភាពសូវៀត ទៅជាអាវុធ និងប្រព័ន្ធការពារជាតិ ទំនើបរបស់បស្ចិមប្រទេស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

ថ្នាក់ដឹកនាំណាតូ លោក ចេន ស្តូលេនប៊ឺក អះអាងបែបនេះ នៅបន្ទាប់ពីវិមានក្រឹមឡាំង បានព្រមានថា ការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចដល់អ៊ុយក្រែនរួមទាំងអាវុធធុនធ្ងន់ គឺជាការបង្កការគំរាមកំហែង​ដល់សន្តិសុខ​នៃទ្វីបអឺរ៉ុប បង្កអស្ថិរភាព​ពិភពលោក។

ប្រធានាធិបតីរុស្ស៊ីលោកពូទីន ថែមទាំងបានចេញមុខមកព្រមានដោយផ្ទាល់ថែមទៀត ថាប្រទេសណា ដែលហ៊ានលូកដៃក្នុងសំណុំរឿងអ៊ុយក្រែន នឹងទទួលបានការតបស្នងពីរុស្ស៊ីវិញយ៉ាងលឿនរហ័ស​ និងចាស់ដៃផងដែរ។​

ទោះបីជាបែបនេះក្តី ពាក្យពេចន៍ទាំងអស់មិនបានធ្វើឲ្យ​សម្ព័ន្ធមិត្ត និងលោកខាងលិចព្រឺខ្នងឡើយ ហើយថែមទាំងបានប្រកាស​បន្ថែមការផ្គត់ផ្គង់សព្វាវុធដល់ អ៊ុយក្រែនថែមទៀត។ ជាក់ស្តែង ដូចបានជម្រាបជូនខាងលើ ណាតូសន្យាបន្តជ្រោមជ្រែង​អ៊ុយក្រែន ទោះទីក្រុងកៀវត្រូវចាយពេលរាប់ឆ្នាំធ្វើ​សង្គ្រាម​នឹងរុស្ស៊ីក្តី ខណៈដែលលោកចូ បៃឌិនឯណេះវិញ នៅព្រឹកថ្ងៃសុក្រ២៩មេសានេះ បានស្នើកញ្ចប់ទឹកប្រាក់ ៣៣ពាន់លានដុល្លារបន្ថែមទៀតពីព្រឹទ្ធសភា សម្រាប់ឲ្យអ៊ុយក្រែន។

ចំណែកប្រធានអង្គការណាតូបាននិយាយថា លោកខាងលិចនឹងបន្តដាក់សម្ពាធ​ជាអតិបរមាលើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបញ្ចប់ការលុកលុយ​លើអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូហៅថាជា ប្រតិបត្តិការយោធាពិសេស តាមរយៈការដាក់ទណ្ឌកម្ម និងសេដ្ឋកិច្ច ក៏ដូចជាជំនួយយោធាដល់ទីក្រុងកៀវ។

គួរជម្រាបថា សព្វាវុធធុនធ្ងន់ភាគច្រើន ដែលប្រទេសសមាជិកណាតូ​បានបញ្ជូនទៅកាន់អ៊ុយក្រែនរហូតមកដល់ពេលនេះ គឺជាអាវុធដែលផលិត​ដោយ​សហភាពសូវៀត ហើយដែលភាគច្រើនមានក្នុងស្តុក​របស់រដ្ឋសមាជិកណាតូនៃ​អឺរ៉ុបខាងកើត និងដោយសារតែទ័ពអ៊ុយក្រែន​ស៊ាំនឹងការប្រើប្រាស់​អាវុធប្រភេទនេះជាង។ ប៉ុន្តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនទៀតបានចាប់ផ្តើមផ្គត់ផ្គង់ទីក្រុងកៀវ ជាមួយនឹងកាំភ្លើងទំនើប​របស់លោកខាងលិចវិញម្តង គូបផ្សំនឹងការបង្ហាត់បង្រៀនឲ្យ​ចេះប្រើប្រាស់ផងដែរ។

ជាក់ស្តែង អាឡឺម៉ង់កាលពីថ្ងៃអង្គារបានប្រកាសពីការបញ្ជូនរថក្រោះប្រភេទ Gepard បំពាក់ដោយកាំភ្លើងប្រឆាំងយន្តហោះទៅកាន់ប្រទេសអ៊ុយក្រែន ដែលនេះជាលើកទីមួយហើយ ដែលទីក្រុងប៊ែកឡាំង បានអនុម័តការចែកចាយអាវុធធុនធ្ងន់សម្រាប់ទីក្រុងកៀវ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្រេចកំពតចាប់ផ្ដើមប្រមូលផលបាន១០% ខណៈទីផ្សារឆ្នាំហាក់ប្រសើរជាងឆ្នាំមុន

ព័ត៌មាន
ប្រធានសមាគមម្រេចកំពត បានអះអាងថា នៅត្រឹមរយៈពេល៣ខែដំបូងនៅឆ្នាំនេះ ការនាំចេញម្រេចកំពតសម្រេចបានជាង៨តោន ដែលភាគច្រើនបាននាំចេញទៅកាន់ទីផ្សា…

ចំណូលក្រុមហ៊ុនAppleកើនដល់ជិត ១០០ពាន់លានដុល្លារ នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុន Apple កាលពីថ្ងៃអង្គារទី២៦មេសា បានប្រកាសពីប្រាក់ចំណូលកំណត់ត្រាថ្មី របស់ក្រុមហ៊ុន ដែលបានកើនឡើងប្រមាណ៩%សម្រាប់បីខែដំបូងឆ្នាំ២០២២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ