កូរ៉េខាងជើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសង្គ្រាមនុយក្លេអ៊ែរជាមួយអាមេរិក

បុរសខ្លាំងកូរ៉េខាងជើងថា បានត្រៀមអាវុធនុយក្លេអ៊ែរួចស្រេចហើយ ករណីបើមានផ្ទុះង្គ្រាមនុយក្លេអ៊ែរជាមួយអាមេរិក


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់អាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីវាយប្រហារតបត ប្រសិនបើមានការប៉ះទង្គិចផ្នែកយោធាណាមួយជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
បុរសខ្លាំងកូរ៉េខាងជើងថា បានត្រៀមអាវុធនុយក្លេអ៊ែរួចស្រេចហើយ ករណីបើមានផ្ទុះង្គ្រាមនុយក្លេអ៊ែរជាមួយអាមេរិក

មេដឹកនាំកូរ៉េខាងជើងរូបនេះ​ក៏បានរិះគន់យ៉ាងចាស់ដៃ​​លើប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង​ជាលើកដំបូងផងដែរ ដោយព្រមានថាទីក្រុងសេអ៊ូលកំពុងរុញច្រានប្រទេសទាំងពីរធ្លាក់ចុះ​ទៅក្នុង​ភ្លើង​សង្គ្រាមជាថ្មីម្ដងទៀតហើយ។

បុរសខ្លាំងលោកគីម ជុងអ៊ុន ដែលត្រូវបានទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង (KCNA) ស្រង់សំដីក្នុងអំឡុងពេលលោក​ធ្វើសុន្ទរកថា នៅក្នុងព្រឹត្តិការណ៍ប្រារព្ធខួបលើកទី ៦៩ នៃបទឈប់បាញ់រវាងកូរ៉េទាំងពីរនៅថ្ងៃ​ទី២៧ ខែកក្កដានេះ ដោយលោក​ គីម បានសង្កត់ធ្ងន់ថា «មកទល់នឹងពេលនេះ កូរ៉េខាងត្បូង និងខាងជើងនៅតែស្ថិត​ក្នុង​សេណារីយ៉ូនៃសង្គ្រាមនៅឡើយទេ»។

លោក គីម បានបន្ថែមថា ការប្រឈមមុខ​យោធាដាក់គ្នាឥតស្រាក់ស្រាន្ដ​ជាមួយសហរដ្ឋអាមេរិក ក្រោយបិទបញ្ចប់​សង្គ្រាមស៊ីវិល​កូរ៉េ​ឆ្នាំ ១៩៥៣​ បានធ្វើឲ្យទីក្រុងព្យុងយ៉ាង​ត្រូវតែសម្រេច«កិច្ចការប្រវត្តិសាស្រ្តរបស់ខ្លួន» នោះគឺការពង្រឹងការការពារ​ខ្លួន​ដោយចាប់យកអាវុធនុយក្លេអ៊ែរ។

មេដឹកនាំកូរ៉េខាងជើងរូបនេះ បានបញ្ជាក់ទៀតថា «កងកម្លាំងប្រដាប់អាវុធ​របស់កូរ៉េខាងជើង​ត្រូវបានត្រៀម​ជើងព្រួលយ៉ាងម៉ឹងម៉ាត់​ក្នុងការឆ្លើយតបទៅ​នឹង​ការវាយប្រហារណាមួយ ហើយអាវុធនុយ​ក្លេអ៊ែររបស់​របស់ទីក្រុងព្យុងយ៉ាង​ក៏រៀបចំ​រួចជា​ស្រេច ប្រកបដោយទំនួលខុសត្រូវ និងឆាប់រហ័សក្នុងការឆ្លើយតបផងដែរ»។

មែនទែនទៅ សុន្ទរកថានេះ បានធ្វើឡើងបន្ទាប់ពីមន្ត្រីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនបានព្រមានរួមគ្នាថា ទីក្រុងព្យុងយ៉ាងបាន​ការត្រៀមលក្ខណៈ​រួចរាល់ ដើម្បីធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ​ជាលើកដំបូង​របស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៧ មក។

ទោះបីជាបែបនេះក្តី​ រដ្ឋមន្ត្រីទទួល​បន្ទុកកិច្ចការបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអង្គារដែរថា «លទ្ធភាពនៃការសាកល្បង​សាជាថ្មីនេះអាចធ្វើទៅរួច ត្បិតថាវា​មិនមិនមាន​សញ្ញាកើតឡើងភ្លាមៗក៏ដោយ»។

មួយវិញទៀត រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង​បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើងទំនងជានឹង​ប្រឈមមុខនឹងការដាក់ទណ្ឌកម្ម​កាន់តែខ្លាំងទៀត រួមទាំងវិធានការដើម្បី​ធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ីន​ធឺណិតផងដែរ ប្រសិនបើប្រទេស​ផ្តាច់ការមួយនេះនៅតែបន្តការសាកល្បងអាវុធប្រល័យលោក។

ក្នុងសុន្ទរកថានោះដែរ គេក៏សង្កេតឃើញថា លោកគីម ជុងអ៊ុនបានលើកឡើងដោយចោទប្រកាន់សហរដ្ឋអាមេរិកពី​ការបង្កើត«ស្តង់ដារទ្វេរដង»នៃសកម្មភាពយោធារបស់ខ្លួនជាមួយកូរ៉េខាងត្បូង និងនៅតែបន្តគោលនយោបាយ​អរិភាពចំពោះ​ទីក្រុងព្យុងយ៉ាង ដោយលោកបានអះអាងថា ទង្វើទាំងនេះហើយបានរារាំងដល់កិច្ចចរចាឡើងវិញក្នុ​ងគោលបំណងលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ដែលជាថ្នូរនឹងទៅការបន្ធូរបន្ថយទណ្ឌកម្ម។​

បុរសខ្លាំងកូរ៉េខាងជើង​រូបនេះបញ្ជាក់យ៉ាងច្បាស់ថា៖ «ឧបសគ្គបង្ករឿងនោះហើយ បានជំរុញឲ្យ​ទំនាក់ទំនង​​ទ្វេភាគីរវាងប្រទេសកូរ៉េទាំងពីរ ​ឈានដល់ចំណុចរបត់មួយ ដែលពិបាកប្រែក្លាយទៅសភាពដើមវិញណាស់ ហើយកូរ៉េខាងជើង​បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រឈមមុខគ្នា​ផ្នែកយោធាណាមួយ​ជាមួយសហរដ្ឋអាមេរិក»។

គួរជម្រាបឡើងវិញបន្តិចថា រដ្ឋផ្តាច់ការកូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានខែ​ថ្មីៗនេះ បានសាកល្បងមីស៊ីលអន្តរទ្វីប រួមទាំងមីស៊ីលលឿនជាង​សំឡេង​របស់ខ្លួន ព្រមទាំងបានបោះសំដីថា ​មីស៊ីលទាំងអស់នេះអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលអាចហោះទៅដល់​ទៅទីក្រុងសេអ៊ូលត្រឹមរពេលដ៏ខ្លីថែមទៀតផង។

តែយ៉ាងណា អ្នកនាំពាក្យក្រសួងការពារជាតិ​របស់ទីក្រុង​សេអ៊ូលបាននិយាយថា កូរ៉េខាងត្បូង​នឹងបន្តពង្រឹងសមត្ថភាព​របស់ខ្លួន ហើយសហរដ្ឋអាមេរិកក៏បានពង្រីកប្រព័ន្ធការពារអាកាស​ក្រោម​ឆ័ត្រនុយក្លេអ៊ែររបស់ខ្លួនផងដែរ ដើម្បីឆ្លើយតប​ចំពោះការគំរាមកំហែងរបស់ទីក្រុងព្យុងយ៉ាងនោះ៕




អត្ថបទបន្ទាប់


ឯកឧត្តម ស៊ុយ សែម៖ ការវិនិយោគលើវិស័យប្រេងវាចាំបាច់សម្រាប់កម្ពុជា ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការ

ព័ត៌មាន
ការវិនិយោគលើវិស័យប្រេងបន្ថែមវាជារឿងចាំបាច់សម្រាប់កម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការ ដែលកំពុងមានការកើនឡើង។ នេះបើតាមការលើកឡើងរបស់ឯកឧត្ត…

ក្រុមហ៊ុនបច្ចេកវិទ្យា Meta របស់ហ្វេសប៊ុកបានបង្ហាញពីការធ្លាក់ចុះប្រាក់ចំណូលមិនធ្លាប់មានជាលើកដំបូង

ព័ត៌មាន
ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានរាយការណ៍កាលពីថ្ងៃពុធថា ប្រាក់ចំណូលប្រចាំត្រីមាសទីមួយរបស់ខ្លួនបានធ្លាក់ចុះ ហើយប្រាក់ចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ