ការនាំចេញដូងប្រេងថយចុះ តែតម្លៃកើនខ្ពស់

ការនាំចេញដូងប្រេងនៅ២ខែដំបូងក្នុងឆ្នាំនេះធ្លាក់ចុះ ប៉ុន្ដែតម្លៃខ្ពស់ជាងឆ្នាំមុន


ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលបានវិនិយោគលើឧស្សហកម្មដូងប្រេងដ៏ធំរបស់កម្ពុជា បានយល់ឃើញថា ការខ្សត់អ្នកដាំដុះ និងដើមដូងប្រេងមួយចំនួនផុតអាយុប្រមូលផល ជាកត្តាធ្វើឱ្យការនាំចេញដូងប្រេង ក្នុងឆ្នាំនេះថយចុះ ក៏ប៉ុន្តែ មិនបង្កផលប៉ះពាល់ខ្លាំងដល់វិស័យដូងប្រេងឡើយ ព្រោះតែតម្លៃដូងប្រេង នាឆ្នាំនេះប្រសើរជាងឆ្នាំមុនៗ ពោលគឺតម្លៃបច្ចុប្បន្នអាចលក់បានប្រហែលជាង១ពាន់ដុល្លារក្នុងមួយតោន។
ដូងប្រេងរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី ដែលបានដឹកមកដល់កន្លែងកែច្នៃ (រូបថតពីទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម)

ទោះ​យ៉ាងណា តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ នៅ​រយៈពេល ២​ខែ​ដំបូង ក្នុង​ឆ្នាំ​២០២២​នេះ ការ​នាំ​ចេញ​ដូងប្រេង មាន​ប្រមាណ​តែ ៤​ពាន់​៧​រយ​តោន ប៉ុណ្ណោះ ដែល​បាន​ធ្លាក់​ចុះ​៣៤% បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២១​។

ឯកឧត្តម​ឧកញ៉ា​បណ្ឌិត ម៉ុង ឫ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន ម៉ុង​ឫ​ទ្ធី គ្រុប និង​ជា​អ្នក​វិនិយោគ​លើ​ដំណាំ​ដូងប្រេង ដ៏​ល្បីល្បាញ​មួយ​រូប​នៅ​កម្ពុជា បាន​អះអាង​ថា វិស័យ​ដូងប្រេង​នៅ​កម្ពុជា នៅ​មាន​ភាព​ធន់​នៅឡើយ បើ​ទោះបី​ការ​នាំ​ចេញ​ដូងប្រេង រយៈពេល ២​ខែ​ដំបូង ក្នុងឆ្នាំនេះ មាន​បរិមាណ​តិច​ជាង​ឆ្នាំ​មុន​ក៏​ដោយ​។ បើ​តាម​ឧកញ៉ា ម៉ុង ឫ​ទ្ធី ប្រទេស​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌា ជា​គោលដៅ​ទីផ្សារ​សំខាន់​សម្រាប់​ដូងប្រេង ដែល​បច្ចុប្បន្ន តម្លៃ​ដូងប្រេង បាន​កើនឡើង​រហូត​ជាង ១​ពាន់​ដុល្លារ ក្នុង​១​តោន ដែល​មាន​តម្លៃ​ប្រសើរ​ជាង​ឆ្នាំ​មុន ដែល​ធ្លាប់​លក់​បាន​ត្រឹមតែ​ជាង ៩​រយ​ដុល្លារ ប៉ុណ្ណោះ ក្នុង​១​តោន​។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា វិស័យ​ដូងប្រេង នៅ​តែ​មាន​ភាពល្អ​ប្រសើរ ទោះបី​បរិមាណ​នាំ​ចេញ​ថយ​ចុះ​ក្ដី​។ ទោះ​យ៉ាងណា ឧកញ៉ា ម៉ុង ឫ​ទ្ធី ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ខ្លះ​ដែរ ក្នុង​វិស័យ​នេះ ដោយសារ​តែ​ដើម​ដូងប្រេង​មួយ​ចំនួន​ត្រូវ​ដល់​អាយុ​កាលដែល​ត្រូវ​កាប់​ចោល​។

បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ម៉ុង ឫ​ទ្ធី ដំណាំ​ដូងប្រេង មាន​ទីផ្សារ និង​តម្លៃ​សមរម្យ ពិតមែន ប៉ុន្ដែ សព្វថ្ងៃ នៅ​មិនសូវ​មាន​អ្នក​ដាំ​ដុះ​នោះ​ទេ ព្រោះ​ដំណាំ​ប្រភេទ​នេះ ទាមទារ​លក្ខខណ្ឌ​ច្រើន ដូច​ជា  កត្តា​ដី ទឹកភ្លៀង បច្ចេកទេស ហិរញ្ញវត្ថុ ជាដើម​។ មហាសេដ្ឋី​កសិកម្ម​រូប​នេះ បាន​សង្កត់ធ្ងន់​ថា ដំណាំ​ដូងប្រេង ត្រូវការ​ផ្ទៃដី​ធំ និង​ចំណាយ​ច្រើន ដូច្នេះ ក៏​ទាមទារ​ឱ្យ​មានការ​គាំទ្រ​ពី​ស្ថា​ប័ណ្ណ​ផ្សេង​ៗ ជួយ​គាំទ្រ ទៅ​លើ​ផ្នែក​ហិរញ្ញប្បទាន​ផង​ដែរ​។

ឧកញ៉ា ម៉ុង ឫ​ទ្ធី គូសបញ្ជាក់​ទៀត​ថា ប្រសិនបើ​សិន​តម្លៃ​ដូងប្រេង​ឡើង​ខ្ពស់ ដូច​ឆ្នាំ​នេះ គួប​ផ្សំ​មានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​មាន​ផ្ទៃដី​ធំ​ទូលាយ ផង​នោះ កសិករ​គួរ​ជ្រើសរើស​ដាំ​ដំណាំ​ដូងប្រេង​។ ក៏​ប៉ុន្តែ សម្រាប់​លោក​បណ្ឌិត ម៉ុង ឫ​ទ្ធី មិន​មាន​ផែនការ​បន្ថែម​ដាំ​ដំណាំ​ដូងប្រេង នោះ​ទេ ដោយ​លោក​អះអាង​ថា មិន​មាន​ផ្ទៃដី​ទំនេរ​សម្រាប់​ដាំ​ដុះ ខណៈ​បច្ចុប្បន្ន លោក​បាន​ដាំ​ដុះ​ដូងប្រេង​លើ​ផ្ទៃដី ទំហំ​ជាង​១​ម៉ឺន​៦​ពាន់​ហិ​កតា ដែល​សុទ្ធតែ​អាច​ប្រមូល​ផល​បាន​។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ក្នុង​ឆ្នាំ​២០២១ កម្ពុជា បាន​នាំ​ចេញ​ដូងប្រេង ជាង​៦​ម៉ឺន​តោន ទៅ​កាន់​ទីផ្សារ​សំខាន់​ៗ ដូច​ជា ម៉ា​ឡេ​ស៊ី និង​ឥណ្ឌា​។ ដោយឡែក នា​រយៈពេល ២​ខែ​ដំបូង ក្នុង​ឆ្នាំ​២០២២ នេះ​កម្ពុជា បាន​នាំ​ចេញ​ដូងប្រេង ប្រមាណ ៤​ពាន់​៧​រយ​តោន ដែល​បាន​ធ្លាក់​ចុះ​៣៤% បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើចិននឹងកាន់តែខិតជិតរុស្ស៊ីដែរទេ បើអាមេរិកដាក់ទណ្ឌកម្មលើចិន?

ព័ត៌មាន
អ្នកជំនាញនយោបាយអន្តរជាតិ បានព្រមានថា ការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងសំណុំរឿងវិបត្តិនៅអ៊ុយក្រែន រាលដាលលើទីក្រុងប៉េកាំង អាចមានគ្រោះថ្នាក់ត្រលប…

ការទូទាត់ជាប្រាក់រៀលក្តោបចំណែកទីផ្សារជាង១៥% នៃការទូទាត់សរុបទូទាំងប្រទេស

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃធានាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ការប្រើប្រាស់រៀលក្នុងប្រតិបត្តិការទូទាត់ទូទាំងប្រទេស បានក្តោបក្ដាប់ចំណែកទីផ្សារតិចតួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ