មីក្រូហិរញ្ញវត្ថុ​កម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗ ក្រោយលក់ភាគហ៊ុន ១០០% ទៅឲ្យក្រុមហ៊ុនកូរ៉េ KB


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានសម្រេចផ្លាស់ប្តូរក្បាលម៉ាស៊ីនសំខាន់ៗមួយចំនួន ក្រោយគ្រឹះស្ថាននេះត្រូវបានក្រុមហ៊ុន KB Financial Group របស់កូរ៉េខាងត្បូងទិញយកភាគហ៊ុន១០០%។ ក្នុងនោះដែរ លោក សឹម សេនាជាតិ ដែលជាប្រធាននាយកប្រតិបត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ក៏បានលាលែងចេញពីតំណែងផងដែរ បន្ទាប់ពីបានកាន់តំណែងនេះអស់រយៈពេល១៨ឆ្នាំ ។
គ្រឹះស្ថានមីក្រូហិរញ្ញប្រាសាក់

ក្បាលម៉ាស៊ីនដឹកនាំ ថ្មី ដែលត្រូវបានជំនួសកៅអី ពីលោក សឹម សេនាជាតិ ក្នុងតំណែងជាប្រធាននាយកប្រតិបត្តិនេះ គឺលោក អ៊ុំ សម អឿន ដែលមុនទទួលបានតំណែងនេះ លោកគឺជាអនុប្រធាននាយកប្រតិបត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់តាំងពីឆ្នាំ២០១១មកម្ល៉េះ។

ក្រោយពីបានលក់ភាគហ៊ុនអស់១០០% សរុបមានតម្លៃប្រមាណជាង៩៣៥លានដុល្លារ ទៅឲ្យក្រុមហ៊ុនកូរ៉េ KB Kookmin រួចមក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានផ្លាស់ប្ដូរនូវក្បាលម៉ាស៊ីនដឹកនាំស្ថានជាច្រើនរូប រួមទាំងប្រធាននាយកប្រតិបត្តិផងដែរ។

លោក សឹម សេនាជាតិ

លោក ស៊ឹម សេនាជាតិ ដែលទើបតែបានលាលែងតំណែងប្រធាននាយកប្រតិបត្តិមីក្រូហិរញ្ញវត្ថុប្រាសាក់ បានបញ្ជាក់ប្រាប់ខេមបូណូមីសថា លោកបានលាឈប់ពីតំណែងជាប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក្រោយកាន់តួនាទីនេះអស់រយៈពេល១៨ឆ្នាំកន្លងមកនេះ។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតពីហេតុផល ជុំវិញការលាឈប់របស់លោកនោះទេ ដោយគ្រាន់តែបញ្ជាក់ថា ការចាកចេញរបស់លោកនាពេលនេះ គឺជាពេលវេលាត្រឹមត្រូវសម្រាប់លោក ដើម្បីបោះជំហានទៅមុខទៀត។ លោក សឹម សេនាជាតិបន្ថែមថា ការលាលែងនេះ នឹងបើកផ្លូវឲ្យក្រុមហ៊ុនកូរ៉េ KB ដែលជាម្ចាស់ភាគហ៊ុនទាំងស្រុងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីត្រួតត្រា និងគ្រប់គ្រងពេញលេញលើប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។ នៅពេលសួរថា តើលោកនឹងធ្វើអ្វីបន្តទៀត ក្រោយលាលែងពីតំណែងនេះ លោក សឹម សេនាជាតិ គូសបញ្ជាក់ថា លោកមិនទាន់មានផែនការនៅឡើយទេ។ ក្រៅតែពី លោក សឹម សេនាជាតិ ក៏មានថ្នាក់ដឹកនាំមួយចំនួនទៀតនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក៏បានលាលែងពីតំណែងដូចគ្នាដែរ។

លោក អ៊ុំ សមអឿន

លោក អ៊ុំ សមអឿន បានឡើងតំណែងឲ្យមកកាន់ជាប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ជំនួសលោក ស៊ឹម សេនាជាតិដែលបានលាឈប់។ មុនឡើងតំណែងជាប្រធាននាយកប្រតិបត្តិ លោក អ៊ុំ សមអឿន ធ្លាប់កាន់តំណែតជាអនុប្រធាននាយកប្រតិបត្តិ និងនាយកប្រតិបត្តិនៃមីក្រូហិរញ្ញវត្ថុប្រាសាក់។

ក្រោមការដឹកនាំរបស់លោក សឹម សេនាជាតិ ក្នុងរយៈពេលប្រមាណ ១៨ឆ្នាំមកនេះ គ្រឹះស្ថានមីក្រូប្រាសាក់មានការរីកចម្រើន និងពង្រីកខ្លួនយ៉ាងខ្លាំង។ ជាក់ស្ដែង ទ្រព្យសកម្មរបស់គ្រឹះស្ថានប្រាសាក់កាលពី ឆ្នាំ២០០៤ មានត្រឹមតែ ជាង៩លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្ដែ គិតត្រឹមខែកញ្ញាឆ្នាំ២០២១មានដល់ទៅជាង៤ពាន់លានដុល្លារ កើនជាង៤៥០ដងឯណោះ ខណៈចំនួនបុគ្គលិកត្រឹមតែជាង៣៧០នាក់ កើនដល់ជាង៩ពាន់នាក់គិតមកទល់ពេលនេះ។ រីឯចំនួនកម្ចីវិញ បានកើនឡើងពី ជាង៣ម៉ឺនកម្ចីកាលពីឆ្នាំ២០០៤ មកដល់ ជាង៥២ម៉ឺនកម្ចី គិតត្រឹមខែកញ្ញាឆ្នាំ២០២១នេះ។ ប្រាក់ចំណេញរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ក្រោយបង់ពន្ធរួចក៏បានកើនឡើងខ្លាំងដែរ ពោលគឺបានកើនពី ត្រឹមជាង៥២ម៉ឺនដុល្លារ កាលពីឆ្នាំ២០០៤ មកដល់ទៅ ជាង១១៥លានដុល្លារនៅត្រឹមខែកញ្ញាឆ្នាំ២០២១នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវត្តមានអូមីក្រុង ធ្វើឲ្យប៉ះពាល់ចរន្ដទេសចរណ៍នៅអំឡុងឈប់សម្រាកចូលឆ្នាំសកលខាងមុខនេះដែរ ឬទេ?

ព័ត៌មាន
នៅតាមបណ្ដាខេត្តមួយចំនួនដែលជាគោលដៅទេសចរណ៍ធំៗ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាឱកាសចូលឆ្នាំសាកល ២០២២ នាព…

ធនាគារអេស៊ីលីដា គ្រោងរៀបចំឲ្យមានប្រព័ន្ធទូទាត់ឆ្លងដែនជាមួយប្រទេសឡាវឲ្យបានមុនកិច្ចប្រជុំកំពូល​អាស៊ានឆ្នាំ២០២២មកដល់

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា បានបង្ហាញពីគម្រោងក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួន ទៅកាន់ទឹកដីប្រទេសឡាវបន្ថែមទៀត ដោយគ្រោងបង្កើតប្រព័ន្ធទូទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ