រុស្ស៊ីសងសឹកអឺរ៉ុប

រុស្ស៊ីសងសឹកអឺរ៉ុប ដោយបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនបំពង់បង្ហូរឧស្ម័នផ្គត់ផ្គត់ទៅអឺរ៉ុប និងអាមេរិក


ជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលចង់កាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ី ទីក្រុងម៉ូស្គូបានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុន ជាម្ចាស់បំពង់បង្ហូរឧស្ម័ន Yamal របស់ប៉ូឡូញ ដែលជាបំពង់បង្ហូរឧស្ម័នដ៏សំខាន់សម្រាប់នាំយកឧស្ម័ន រុស្ស៊ីទៅកាន់សហភាពអឺរ៉ុប ដែលវាកំពុងបង្កឲ្យមានក្ដីបារម្ភបន្ថែមទៀតសម្រាប់ផលប៉ះពាល់ទៅលើសេដ្ឋកិច្ចសហភាពអឺរ៉ុប ដ្បិតថា ប្លុកនេះ មានការពឹងផ្អែកឧស្ម័នពីរុស្ស៊ីខ្លាំងមែនទែន។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
Russia sanction Gas EU

នៅ​ក្នុង​បញ្ជី​ឈ្មោះ ក្រុមហ៊ុន​ដែល​ត្រូវ​រង​ទណ្ឌកម្ម​ពី​រុ​ស្ស៊ី គឺ​បាន​បង្ហាញ​នៅ​លើ​គេហទំព័រ​របស់​រដ្ឋាភិបាល​រុ​ស្ស៊ី​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ភាគច្រើន គឺ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុ​ស្ស៊ី​។

ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ៣ ឧសភា ថា គ្មាន​អង្គភាព​រុ​ស្ស៊ី​ណាមួយ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​កិច្ចព្រមព្រៀង ជាមួយ​ក្រុមហ៊ុន ដែល​ស្ថិត​ក្នុង​បញ្ជី​ទណ្ឌកម្ម​ដែល​រុ​ស្ស៊ី​បាន​ដាក់​នោះ​ទេ ខណៈ​ទណ្ឌកម្ម​នេះ​ហាម​ដាច់ខាត​តែ​ម្តង ក្នុង​ការ​នាំ​ចេញ​ផលិតផល និង វត្ថុធាតុដើម​ទៅ​កាន់ បុគ្គល និង​ក្រុមហ៊ុន​ទាំងនោះ​។

ទោះជា​យ៉ាងណា ផល​ប៉ះពាល់ សម្រាប់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​អឺរ៉ុប ដែល​ជា​អ្នកទិញ​ឧស្ម័ន​ច្រើន​ជាង​មួយ​ភាគ​បី​ពី​រុ​ស្ស៊ី​នោះ គឺ​មិន​ទាន់​មានការ​បញ្ចា​ក់​ច្បាស់លាស់​នោះ​ទេ​។

ទីភ្នាក់ងារ​ព័ត៌មាន Interfax របស់​រុ​ស្ស៊ី​បាន​និយាយ​ថា អង្គភាព និង​ម្ចាស់​បំពង់​បង្ហូរ​ប្រេង​ដែល​មានឈ្មោះ​ក្នុង​ប​ញ្ចី​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​រុ​ស្ស៊ី រួម​មាន​ម្ចាស់​បំពង់​បង្ហូរ​ប្រេង Yamal-Europe និង​ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត គឺ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ប៊ុល​ហ្គា​រី អង់គ្លេស បារាំង សហរដ្ឋអាមេរិក និង ប្រទេស​ផ្សេង​ៗ​។

មែនទែន​ទៅ ក្រុមហ៊ុន Gazprom រុ​ស្ស៊ី បាន​ផ្គត់ផ្គង់​ឧស្ម័ន​ជា​ច្រើន​ទៅ​កាន់​អឺរ៉ុប​តាម​រយៈ​បំពង់​បង្ហូរ​ឧស្ម័ន Yamal-Europe របស់​ប៉ូ​ឡូញ ហើយ​សកម្មភាព​របស់​ក្រុមហ៊ុន​នេះ​ទាំង​នៅ​ក្នុង និង​ក្រៅ​តំបន់​អឺរ៉ុប គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់ សម្រាប់​ទីផ្សារ​ឧស្ម័ន​អឺរ៉ុប​ទាំងមូល និង​ការ​ផ្គត់ផ្គង់​ទៅ​ដល់​ឧស្សាហកម្ម និង​ពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​។ ដូច្នេះ ទណ្ឌកម្ម​ថ្មី​របស់​រុ​ស្ស៊ី ដែល​បាន​ដាក់​លើ​ក្រុមហ៊ុន​ម្ចាស់​បំពង់​បង្ហូរ​ឧស្ម័ន Yamal វា​ក៏​បាន​បង្ក​ឲ្យ​មានការ​ព្រួយ​បារ​ម្ម​ណ៍​កាន់តែ​ខ្លាំង​ថា រុ​ស្ស៊ី​អាច​នឹង​ទៅ​កាត់​ផ្តាច់​ឧស្ម័ន​ទៅ​កាន់​សហភាព​អឺរ៉ុប​ទាំងស្រុង ដែល​បង្ក​ផល​ប៉ះពាល់​ក្នុង​ទំហំ​ធំ​។

លោកពូ​ទី​ន​បាន​កំណត់​ទណ្ឌកម្ម​នេះ​ឡើងជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ទណ្ឌកម្ម​របស់​លោក​ខាងលិច ដែល​បាន​ដក​រុ​ស្ស៊ី​ចេញពី​ប្រ​ព​ន្ធ័​ទូទាត់​ប្រាក់​អន្តជាតិ Swift ការ​បង្កក​ទ្រព្យសម្បត្តិ​នីតិបុគ្គល​របស់​រុ​ស្ស៊ី និង ការ​កាត់​ផ្តាច់​ឈប់​ទិញ​ប្រេង​ពី​រុ​ស្ស៊ី​ជាដើម​។

គួរ​បញ្ចា​ក់ថា បុរស​ជើង​ខ្លាំង ពូ ទី​ន បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត​ថា​ទីក្រុង​ម៉ូ​ស្គូ​នឹង​ដាក់​ទណ្ឌកម្ម​ឆ្លើយ​តប​ទៅ​សហភាព​អឺរ៉ុប​ឲ្យ​ចាស់ដៃ​វិញ ប្រសិនបើ​ប្លុក​នេះ នៅ​តែ​បន្ត​ដាក់​ទណ្ឌកម្ម​លើ​ខ្លួន ខណៈ​កាលពី​ស​ប្តា​ហ៍​មុន​ទីក្រុង​ម៉ូ​ស្គូ បាន​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន ពី ប្រទេស​ប៉ូ​ឡូញ និង​ប៊ុល​ហ្គា​រី​រួច​ហើយ ក្រោយ​ពី​ប្រទេស​ទាំង​ពីរ​នេះ មិន​បាន​បំពេញ​តាម​ការ​ទាមទារ​របស់​ខ្លួន​ក្នុង​ការ​ទូទាត់​ជា​ប្រាក់​រូ​ប្ល​សម្រាប់​ការ​ទិញ​ឧស្ម័ន​។

គួរ​រំលឹក​ថា សហភាព​អឺរ៉ុប និង សហរដ្ឋអាមេរិក បាន​ដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ លើ​ទីក្រុង​ម៉ូ​ស្គូ និង ឥស្សរជន​ធុរកិច្ច​របស់​រុ​ស្ស៊ី ដែល លោកពូ​ទី​ន ចាត់​ទុក​ទ​ង្វើ​នេះ​ថា ជា​ការ​ប្រកាសសង្គ្រាម​សេដ្ឋកិច្ច​។ ហើយ​ថ្មី​ៗ​នេះ​ដែរ សហភាព​អឺរ៉ុប​កំពុង​ត្រៀម​ដាក់​ទណ្ឌកម្ម​ទី ៦ បន្ថែម​ទៀត​លើ​រុ​ស្ស៊ី ដែល​មាន​ទិស​ដៅ កាត់​ផ្តាច់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ទាំងស្រុង​ទៅ​កាន់​សហភាព​អឺរ៉ុប​៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ទីរបញ្ចកោណអាមរិកស្នើសុំសភាផ្ដល់មូលនិធិដល់គម្រោងជីករ៉ែ នៅប្រទេសអូស្ត្រាលី និងអង់គ្លេស

ព័ត៌មាន
នៅចំពេលដែល សង្គ្រាមកំពុងឆេះក្ដៅរវាងរុស្ស៊ី និងអ៊ុយក្រែន បង្កឲ្យមានតម្រូវការនៃការផ្គត់ផ្គង់អាវុធកើនឡើង ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានស្ន…

តម្លៃម្ហូបអាហារប្រទេសចិនកើនឡើងខ្លាំង ចំពេលគោលនយោបាយគ្មានកូវីដ ដាក់សម្ពាធលើអតិផរណា

ព័ត៌មាន
តួលេខកម្រិតអតិផរណាថ្មីបំផុតបានបង្ហាញថា វិធានការដាក់កំហិតរបស់ប្រទេសចិនក្នុងការទប់ទល់នឹងជំងឺរាតត្បាតកូវីដ១៩នោះ បានជំរុញឱ្យតម្លៃម្ហូបអាហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ