ប្រទេសរុស្ស៊ី

រុស្ស៊ីប្រកាសបិទការបង្ហូរឧស្ម័នទាំងស្រុងទៅអឺរ៉ុប ក្រោមហេតុផលជួសជុលបំពង់បង្ហូរឧស្ម័ន


ប្រទេសរុស្ស៊ីបានផ្អាកការផ្គត់ផ្គង់ឧស្ម័នទាំងស្រុងតែម្តង តាមរយៈបំពង់បង្ហូរឧស្ម៍នដ៏សំខាន់មួយទៅកាន់តំបន់អឺរ៉ុបរាប់ចាប់ពីថ្ងៃពុធទៅ៣១សីហាតទៅ ក្រោមហេតុផលជួសជុលបំពង់បង្ហូរឧស្ម័ននេះ ប៉ុន្ដែខាងសហភាពអឺរ៉ុបវិញចោទទីក្រុងម៉ូស្គូថាមានចេតនាសងសឹកខ្លួនដែលបានដាក់ទណ្ឌកម្មនាពេលកន្លងមក។
រុស្ស៊ីប្រកាសបិទការបង្ហូរឧស្ម័នទាំងស្រុងទៅអឺរ៉ុប៤ថ្ងៃ!

ប្រការនេះកំពុងបង្កើនការប្រឈមមុខដាក់គ្នាផ្នែកសេដ្ឋកិច្ចរវាងទីក្រុងមូស្គូ និងអឺរ៉ុប ក៏ដូចជាបង្កើនក្តីបារម្ភថា សេដ្ឋកិច្ចអាចធ្លាក់ចុះមួយកំរិតទៀត នៅក្នុងប្រទេសដែលមានតម្រូវការថាមពលច្រើនជាងគេនៅក្នុងតំបន់មួយនេះ។ ការកាត់ផ្តាច់ការបង្ហូរឧស្ម័នទាំងស្រុងនៅបំពង់ Nord Stream ទី១ នឹងធ្វើឡើងពីថ្ងៃទី៣១ខែសីហា ដល់ទី០៣ខែកញ្ញា។ នេះបើយោងតាមក្រុមហ៊ុនថាមពលរដ្ឋរបស់រុស្ស៊ី Gazprom។

សម្រាប់ភាគីរុស្ស៊ីការប្រកាសកាត់ផ្តាច់ភ្លាមៗ មិនបានជួនដំណឹងមុន គឺដោយសារគេត្រូវជួសជុលបំពង់បង្ហូរដែលខូចមិនអាចដំណើរការបាន។ ខុសគ្នាពីការផ្អាកចំនួន១០ថ្ងៃកាលពីខែមុន ដែលបានជូនដំណឹងមុនពីរសប្តាហ៍ ការផ្អាកបង្ហូរឧស្ម័នលើកនេះជាការផ្អាកទាំងស្រុង ក្នុងកំរិតសូន្យតែម្តងសម្រាប់ពេល៤ថ្ងៃ។ ទីក្រុងមូស្គូដែលបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុបអស់មួយភាគធំរួចមកហើយនៅប៉ុន្មានខែចុងក្រោយ បានស្តីបន្ទោសលើបញ្ហាថែទាំ និងការដាក់ទណ្ឌកម្មដែលធ្វើឱ្យគេពិបាកនាំចូលឧបករណ៍និងសម្ភារៈសម្រាប់ជួសជុល។

មែនទែននៅមានតែអាល្លឺម៉ង់ និងប្រទេសក្បែរនោះមួយចំនួនប៉ុណ្ណោះដែលនៅទទួលបានឧស្ម័នពីរុស្ស៊ី ខណៈប៊ុលហ្គារី ដាណឺម៉ាក ហ្វាំងឡង់ ហូឡង់ និងប៉ូឡូញត្រូវរុស្ស៊ីកាត់ផ្តាច់ការផ្គត់ផ្គង់ទាំងស្រុងជាយូរណាស់មកហើយ។

អឺរ៉ុបបារម្ភថាទីក្រុងមូស្គូអាចពន្យារពេលការកាត់ផ្តាច់នេះលើសពី៤ថ្ងៃ ដើម្បីជាការសងសឹកចំពោះទណ្ឌកម្មរបស់លោកខាងលិចដែលបានដាក់មកលើខ្លួន ហើយបានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ីលោកពូទីន ពីបទប្រើប្រាស់ការផ្គត់ផ្គង់ថាមពលធ្វើជាអាវុធនៃសង្គ្រាម។ ទីក្រុងមូស្គូបដិសេធចំពោះការចោទប្រកាន់នេះ។

ក្នុងករណីមានការពន្យារពេលផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុបលើសពី៤ថ្ងៃពិតមែន វានឹងរុញច្រានឱ្យ វិបត្តិថាមពលកាន់តែធ្ងន់ធ្ងរ ខណៈដែលតម្លៃឧស្ម័នកើនឡើង ៤០០% រួចទៅហើយ ចាប់តាំងពីខែសីហាឆ្នាំមុន។ នៅប្រទេសអាល្លឺម៉ង់ដែលពឹងផ្អែកខ្លាំងលើថាមពលរុស្ស៊ី កំពុងមានអតិផរណាឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត៥០ឆ្នាំ គិតត្រឹមខែសីហា ស្របពេលចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ដល់កម្រិតទាបបំផុត៣ខែជាប់ៗគ្នារួចហើយ ដោយហេតុថាគ្រួសារនីមួយៗត្រូវទូទាត់វិក័យប័ត្រថាមពលដែលមានតម្លៃខ្ពស់ជាងសព្វដង។

សូមជម្រាបថា ដើម្បីដោះស្រាយបញ្ហាសម្រាប់ពលរដ្ឋនៅអឺរ៉ុប ប្រធានប្រតិបត្តិសហភាពអឺរ៉ុប និងជាអធិការបតីនៃប្រទេសអាល្លឺម៉ង់កាលពីថ្ងៃ២៩ សីហា បានសន្យាធ្វើកំណែទម្រង់ទីផ្សារថាមពលអគ្គិសនីរបស់ទ្វីបអឺរ៉ុបនៅឆ្នាំក្រោយ ដើម្បីជួយកាត់បន្ថយតម្លៃថាមពលដែលកំពុងកើនឡើងខ្ពស់៕




អត្ថបទបន្ទាប់


ជប៉ុនត្រូវការទុនវិនិយោគ ២៤ ពាន់លានដុល្លារ ដើម្បីជំរុញការអាគុយរថយន្តអគ្គិសនី

ព័ត៌មាន
ក្រសួងឧស្សាហកម្មជប៉ុនបាននិយាយក្នុងថ្ងៃពុធ ទី ៣១ ខែ សីហាថា ប្រទេសជប៉ុនត្រូវការការវិនិយោគជាង ២៤ ពាន់លានដុល្លារពីវិស័យសាធារណៈ និង ឯកជន …

បុគ្គលិកបម្រើសេវាកម្មផ្លូវដែកអង់គ្លេសគ្រោងធ្វើកូដកម្មទូទាំងប្រទេស ដើម្បីទាមទារអត្ថប្រយោជន៍ការងារបន្ថែម

ព័ត៌មាន
សហជីពអង់គ្លេសបាននិយាយក្នុងថ្ងៃទី ៣១ ខែ សីហាថា បុគ្គលិកបម្រើសេវាកម្មផ្លូវដែកអង់គ្លេសគ្រោងនឹងធ្វើកូដកម្មរយៈពេល ២៤ ម៉ោងទូទាំងប្រទេសតែម្ដង ចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ