Samsung ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប និងទូរទស្សន៍ដ៏ធំបំផុតនៅក្នុងពិភពលោកបានប៉ាន់ប្រមាណថា ប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនបានកើនឡើងដល់ជិត៥ពាន់លានដុល្លារ នៅក្នុងត្រីមាសដំបូងឆ្នាំ២០២៤ មានការកើនឡើងជាង៩០០% បើធៀបនឹងប្រាក់ចំណេញ៥០០លានដុល្លារ ដែលទទួលបានកាលពីឆ្នាំមុន ហើយវានឹងក្លាយជាប្រាក់ចំណេញប្រតិបត្តិការខ្ពស់បំផុតរបស់ក្រុមហ៊ុននេះចាប់តាំងពីត្រីមាសទីបីនៃឆ្នាំ២០២២។
ការប៉ាន់ប្រមាណពីប្រាក់ចំណេញប្រតិបត្តិការនេះ ខ្ពស់ជាងការព្យាកររបស់ក្រុមហ៊ុន LSEG SmartEstimate ដែលរំពឹងសម្រេចបានប្រមាណជាង៤ពាន់លានដុល្លារ ហើយវាទំនងជានឹងកើនឡើង១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
លោក ផាក ស៊ុងសុន (Park Sung-soon) អ្នកវិភាគនៅក្រុមហ៊ុនបម្រើសេវាទំនាក់ទំនងវិនិយោគិនកូរ៉េបាននិយាយថា ដោយហេតុតែប្រាក់ចំណូលភាគច្រើនមានដំណើរការល្អ ហើយប្រាក់ចំណេញប្រតិបត្តិការកើនលើសពីការរំពឹងទុកទៀតនោះ ដូច្នេះហើយគេអាចសន្និដ្ឋានបានថា ការផលិតបន្ទះឈីប និងតម្រូវការបន្ទះឈីបអាចមានភាពល្អប្រសើរឡើងវិញហើយ។
អ្នកវិភាគរូបនេះបានបន្ថែមថា តម្រូវការទូរសព្ទស្មាតហ្វូន Galaxy S24 ថ្មី ដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ក៏មានភាពវិជ្ជមានផងដែរ ដូច្នេះហើយប្រសិនបើទូរសព្ទស៊េរីទំនើបនេះត្រូវបានលក់ដាច់បានច្រើនជាងការរំពឹងទុកមែននោះ វានឹងមានឥទ្ធិពលច្រើនទៅលើប្រាក់ចំណូលនេះ។
សូមបញ្ជាក់ថា បើតាមក្រុមហ៊ុនចងក្រងទិន្នន័យបន្ទះឈីបបានឱ្យដឹងថា តម្លៃបន្ទះឈីប DRAM បានកើនឡើងប្រហែល២០% នៅក្នុងត្រីមាសទី១ឆ្នាំនេះ បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣ ខណៈដែលបន្ទះឈីប NAND បានកើនឡើងចន្លោះពី២៣% ទៅ២៨%៕
អត្ថបទ៖ សុខ ជា