ក្រុមហ៊ុនយក្ស Samsung

Samsung ដណ្ដើមតំណែងជើងឯកពី Apple បានមកវិញជាថ្មី ក្លាយជាប៊្រែនទូរសព្ទស្មាតហ្វូនដែលលក់ដាច់បំផុតទូទាំងពិភពលោក


ក្រុមហ៊ុនយក្ស Samsung Electronics របស់កូរ៉េខាងត្បូង បានវ៉ាឈ្នះក្រុមហ៊ុនយក្ស Apple របស់សហរដ្ឋអាម៉េរិកជាថ្មីម្ដងទៀត ក្លាយជាប៊្រែនទូរសព្ទស្មាតហ្វូន ដែលលក់ដាច់បំផុតទូទាំងពិភពលោក បន្ទាប់ពីខ្លួនបានជ្រុះបាត់តំណែងនេះទៅលើក្រុមហ៊ុន Apple កាលពី៥ខែមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Times។
ក្រុមហ៊ុនយក្ស Samsung
ដោយ

ក្រុមអ្នកជំនាញក្នុងឧស្សាហកម្ម និងទិន្នន័យ បានបង្ហាញកាលពីថ្ងៃច័ន្ទ ទី១ ខែមេសា ថា ការដណ្ដើមបានតំណែងជើងឯកពីក្រុមហ៊ុនយក្ស Apple បានមកវិញក្នុងរយៈពេលត្រឹមតែ៥ខែនេះ គឺដោយសារតែការចេញលក់កំពូលស្មាតហ្វូន Samsung Galaxy S24 Series ដែលដំណើរការដោយបច្ចេកវិទ្យា AI ថ្មីៗរបស់ខ្លួន ទទួលបានសន្ទុះគាំទ្រខ្លាំងគួរឱ្យភ្ញាក់ផ្អើល។

ក្រុមហ៊ុន Samsung បានរបូតបាត់តំណែងលេខ១ នេះទៅលើក្រុមហ៊ុន Apple កាលពីខែកញ្ញា ឆ្នាំមុន ប៉ុន្តែការចេញលក់កំពូលស្មាតហ្វូន Samsung Galaxy 24 Series ដែលមានមុខងារ AI ជាច្រើនបានធ្វើឱ្យការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung មានសន្ទុះកើនឡើងខ្លាំង ចាប់តាំងពីម៉ូឌែលនេះត្រូវបានចេញលក់ដំបូងនៅក្នុងខែមករា ដើមឆ្នាំនេះ។

កាលពីខែកុម្ភៈ ក្រុមហ៊ុន Samsung លក់ស្មាតហ្វូនបានរហូតដល់ទៅប្រមាណជិត២០លានគ្រឿង ដោយដណ្តើមបានចំណែកទីផ្សារ២០% ទូទាំងពិភពលោក ដោយវ៉ាឈ្នះក្រុមហ៊ុន Apple ដែលលក់ស្មាតហ្វូនបានត្រឹមតែជាង១៧លានគ្រឿង ដែលមានចំណែក១៨%នៃទីផ្សារពិភពលោក។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research។

ក្រុមអ្នកវិភាគបានលើកឡើងថា ការដណ្ដើមបានតំណែងលេខ១ របស់ក្រុមហ៊ុន Samsung បានមកវិញនេះ គឺដោយសារស្មាតហ្វូន Samsung លក់ដាច់ខ្លាំងនៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក និងទីផ្សារអឺរ៉ុប​។

ក្រុមហ៊ុន Samsung បានរក្សាតំណែងកំពូលរបស់ខ្លួននៅទីផ្សារអឺរ៉ុប ជាមួយនឹងចំណែកទីផ្សារ៣៤%។ លើសពីនេះទៀត ចំណែកទីផ្សាររបស់ក្រុមហ៊ុននេះ ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ នៅសហរដ្ឋអាម៉េរិក ដែលធ្លាប់តែគ្រប់គ្រងដោយក្រុមហ៊ុន Apple ដោយកើនឡើងពី២០%ក្នុងខែមករា ឈានដល់៣៦% ខណៈដែលចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple នៅសហរដ្ឋអាម៉េរិកបានធ្លាក់ចុះពី៦៤%មកនៅត្រឹម៤៨%ក្នុងរយៈពេលដូចគ្នានេះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននឹងបន្តនាំចូលផលិតផលពីបារាំង ទោះបីបារាំងគាំទ្រការស៊ើបអង្កេតរបស់អឺរ៉ុបលើយានយន្តអគ្គិសនីរបស់ចិន

ព័ត៌មាន
ប្រទេសចិន នៅដើមសប្តាហ៍នេះបានប្រកាសពីជំហរថា ខ្លួននឹងបន្តនាំចូលផលិតផល និងសេវាកម្មពីប្រទេសបារាំង បើទោះបីប្រទេសនេះបានគាំទ្រក្នុងការស៊ើបអង្ក…

របាយការណ៍សវនកម្មឆ្នាំ 2023 របស់ Vietjet៖ បង្ហាញពីកំណើនបណ្តាញជើងហោះហើរអន្តរជាតិដ៏រឹងមាំ ជាមួយនឹងប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសចំនួន 2.16 ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុមួយ ដែលបានធ្វើសវនកម្មរបស់ខ្លួនសម្រាប់ឆ្នាំ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ