អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

ក្រសួងការបរទេសចិនថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាគម្រោងដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវរវាងកម្ពុជា-ចិន


អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា ការដាក់ឲ្យដំណើរការនូវប្រតិបត្តិការដឹកជញ្ជូនផ្លូវអាកាសតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីដែលវិនិយោគដោយក្រុមហ៊ុនចិន គឺជាដំណឹងដ៏ល្អ និង ជាសក្ខីភាពមួយនៃកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ។ អ្នកនាំពាក្យក្រសួងការបរទេសចិនក៏បានធ្ងន់ទៀតថា វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង ចិន និងសមាជិកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នេះ នឹងអាចគូសវាសប្លង់មេបន្ថែមទៀត ដើម្បីបន្តរុញច្រានចរន្តនៃការអភិវឌ្ឍពិភពលោកបន្តទៀត ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប
ដោយ

លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន​នៅក្នុងសន្និសីទកាសែត​ដែលបាន​រៀបចំកាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ​២០២៣ បានវាយតម្លៃខ្ពស់​ចំពោះ​ការដាក់ឲ្យ​ដំណើរការ​សេវាកម្មដឹក​ជញ្ជូនតាម​ផ្លូវអាកាស​តាមច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀម​រាប-​អង្គរថ្មី ដែលបានកសាងក្រោមទឹកប្រាក់​វិនិយោគដែលមានតម្លៃដល់ទៅ ១ ១០០ លានដុល្លារអាមេរិក។​

ឆ្លើយតបនឹងសំនួររបស់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំង លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ថា ការដាក់ឲ្យ​ដំណើរការនូវការដឹកជញ្ជូនតាមផ្លូវអាកាស​នៅអាកាសយានដ្ឋាន​អន្តរជាតិ​សៀម​រាប-​អង្គរថ្មីនេះ គឺជាដំណឹងល្អ ។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ “ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-​អង្គរថ្មីគឺជាគម្រោង​ដ៏សំខាន់មួយនៃ​កិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរវាងចិននិងកម្ពុជា ហើយក៏ជាអាកាសយានដ្ឋានអន្តរជាតិដំបូងគេដែលត្រូវបានវិនិយោគ សាងសង់ និងដំណើរការ​ដោយក្រុមហ៊ុនចិន”។

នាឱកាសសន្និសីទកាសែតក្នុងទីក្រុងប៉េកាំងនោះដែរ លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានវាយតម្លៃខ្ពស់ចំពោះ​ប្រសាសន៍របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានមាន​ប្រសាសន៍ថា អាកាសយានដ្ឋាននេះ នឹងជួយតភ្ជាប់ផ្លូវអាកាសអន្តរជាតិ នាំភ្ញៀវទេសចរ​បរទេស និងអ្នកវិនិយោគកាន់តែច្រើន ព្រមទាំងសម្រួលដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម​របស់កម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន​នៅក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរ​ពាណិជ្ជកម្ម​ដំបូងមកកាន់​អាកាស​យា​ន​ដ្ឋានអន្តរជាតិ​សៀមរាប-អង្គរ (SAI) កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ការដាក់ឲ្យប្រើ​ប្រាស់​អាកាសយានដ្ឋានថ្មីនេះ គឺជាការបើកទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់លើកស្ទួយវិស័យ​ទេសចរណ៍​របស់កម្ពុជា​នៅក្រោយវិបត្តិកូវីដ១៩។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសង្កត់ធ្ងន់ទៀតថា អាកាសយានដ្ឋានអន្តរជាតិ​សៀម​រាបអង្គរថ្មីនេះ ក៏ជាសមទ្ធិផល​មួយដ៏អស្ចារ្យក្រោម​ការដឹកនាំ និងឯកភាពគ្នា​របស់សម្តេច​តេជោហ៊ុន សែន និងប្រធានាធិបតីចិន ស៊ី ជីនពីង ផងដែរ ដ្បិតវា ស្ថិតនៅក្រោម​គំនិតផ្ដួចផ្ដើមខ្សែ​ក្រវាត់ និងផ្លូវ ​របស់ចិន ដែលគំនិតផ្ដួចផ្ដើមនេះ បាននិងកំពុង​លើកកម្ពស់​កិច្ចសហ​ប្រតិបត្តិការ​ប្រទេសទាំងពីរ។ ជាពិសេស បានធ្វើឱ្យមានកិច្ចសហការ លើវិស័យ​សំខាន់ៗ ដែលជាប្រយោជន៍ដល់ការកែ​លម្អនៃការ អភិវឌ្ឍ​​សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ រួមមានទាំងការពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ការវិនិយោគ និងវិស័យកសិកម្ម។

ជុំវិញគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវនេះ លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានមាន​ប្រសាសន៍ដែរថា វេទិកាខ្សែក្រវ៉ាត់និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលកំពុងតែ​ដំណើរការ​រៀបចំ​នៅទីក្រុងប៉េកាំង​នឹងអាចជួយ​ត្រួសត្រាយ​ផ្លូវដើម្បីជំរុញកិច្ច​សហប្រតិបត្តិការ បន្ថែមទៀត ។

អ្នកនាំពាក្យក្រសួងការបរទេសចិនដដែលនេះ បានបញ្ជាក់ថា “ យើងមានហេតុផល​គ្រប់គ្រាន់​នៅក្នុងការជឿជាក់ និងរំពឹងថា វេទិកានេះ​នឹងគូសប្លង់មេថ្មីសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលនឹងផ្តល់កម្លាំងចលកររុញច្រានថ្មីបន្ថែមទៀត សម្រាប់ការអភិវឌ្ឍន៍ជាសកល” ។

គិតមកដល់ថ្ងៃទី​១៨ ខែ តុលា ឆ្នាំ​២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា គឺបាននឹងកំពុងតែ​ស្ថិតនៅក្នុងដំណើរការនៃការចូលរួមពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ កាលពីថ្ងៃទី ១៧ ខែ តុលា កន្លងទៅ កម្ពុជានិងចិនបានចុះហត្ថលេខា​លើឯកសារ​រហូតដល់ទៅ ៨ ដែលឯកសារទាំងនោះ គឺសុទ្ធតែមានផលប្រយោជន៍​និងបម្រើ​ដល់ការអភិវឌ្ឍ​របស់ប្រជាជាតិទាំងពីរ ។

អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងទាំងនោះរួមមាន៖ ​ទី១ អនុស្សរណៈ​នៃការយោគយល់គ្នា​ស្តីពីការរួមគ្នាជំរុញគម្រោងគន្លឹះវង់ទី៣ សម្រាប់កិច្ចសហប្រតិបត្តិការ​សមត្ថភាព​ផលិត និងការវិនិយោគកម្ពុជា-ចិន។ ទី២ អនុស្សរណៈនៃការយោគយល់គ្នា​ស្តីពីការបង្កើតយន្ត​ការការងារសម្រាប់​ការអនុវត្តគម្រោងផែន​ការ​កិច្ចសហប្រតិបត្តិការទ្វេភាគី​ដើម្បីរួមគ្នា កសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១។ ទី៣ អនុស្សរណៈនៃ​ការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ​លើការអភិវឌ្ឍបៃតង​និងកាបូនទាប។ ទី៤ កិច្ចព្រមព្រៀងឥណទានសម្បទាន​សម្រាប់ហិរញ្ញប្បទានលើ​គម្រោងសាងសង់ខ្សែ​បញ្ជូនអគ្គិសនីជនបទដំណាក់កាលទី៨។ ទី៥ លិខិតប្តូរសារ​សម្រាប់ការសិក្សា​សមិទ្ធិលទ្ធភាពគម្រោងជួសជុលប្រាសាទព្រះវិហារ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥត​សំណងពីរដ្ឋាភិបាលចិន។ ទី៦កំណត់ហេតុនៃកិច្ចប្រជុំស្តី​ពីការសិក្សាសមិទ្ធិលទ្ធភាពនៅលើទីតាំងរបស់គម្រោងផ្លូវជនបទជំហាន៣នៅកម្ពុជាក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន​ឥតសំណងពីរដ្ឋាភិបាលចិន។ ទី៧ អនុស្សរណៈនៃការយោគយល់​ស្តីពីការបង្កើត​យន្តការកិច្ចសហប្រតិបត្តិការផ្លូវរថភ្លើងកម្ពុជា-ចិន ។ និងទី៨ អនុស្សរណៈ​នៃការយោគយល់គ្នា​ស្តីពីកិច្ចសហប្រតិបត្តិការ​រួមគា្នក្នុងការសាងសង់​សួនឧស្សាហកម្មចិន-កម្ពុជា ។

គួរបញ្ជាក់ថា នៅក្រោយពេលអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-​អង្គរថ្មីបើកដំណើរការ មានជើងហោះហើរពាណិជ្ជកម្មប្រមាណជា ១៧​ជើង បានចុះចតដោយសុវត្ថិភាព ។

តាមការគម្រោងទុក ​អាកាសយានដ្ឋាន​អន្តរជាតិ​ ​សៀមរាប​-​អង្គរ​ ​នឹង​ដាក់សម្ពោធឲ្យ​ប្រើប្រាស់​ផ្លូវការ​ ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែវិច្ឆិកា​ ​ក្រោម​អ​ធិ​ប​តី​ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតីធិបតី ​ហ៊ុន​ ​ម៉ា​ណែ​ត និង ​ថ្នាក់ដឹកនាំកំពូលរបស់ចិនផងដែរ​ ​​។​

​អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ​នេះ​ ​អាច​ផ្ទុក​ទំនិញ​តាម​ផ្លូវអាកាស​ចំនួន​ ​១​០​.​០​០​០​តោន​ ​ក្នុង​មួយ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ​២​០​២​៣​ ​និង​ ​២​៦.​០​០​០​ ​តោន​ ​ក្នុង​មួយ​ឆ្នាំ​ ​ចាប់ពី​ឆ្នាំ​២​០​៤​០​ ​ហើយ​អាច​ទទួល​ជើង​ហោះហើរ​បាន​ពី​ ​៦​៥​.​៨​០​០​ជើង​ក្នុង​មួយ​ឆ្នាំ​​ចាប់ពី​ឆ្នាំ​ ​២​០​២​៣​ ​ទៅ​ ​១​១​២​.​៧​០​០​ ​ជើង​ ​ក្នុង​មួយ​ឆ្នាំ​ ​ចាប់ពី​ឆ្នាំ​២​០​៤​០​។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd ដែលជាការវិនិយោគ ក្រោមគម្រោង BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកត្រៀមពង្រាយទ័ពជួយអ៊ីស្រាអែល វាយកម្ទេចហាម៉ាស ខណៈអ៊ីរ៉ង់ព្រមានឆ្លើយតប

ព័ត៌មាន
ក្រសួងការពារជាតិ អាមេរិក បានឱ្យដឹងនៅថ្ងៃចន្ទទី១៧ តុលា ថា កងម៉ារីនឆ្លើយតបពិសេសអាមេរិកនឹងត្រូវដាក់ពង្រាយ ដើម្បីជួយអ៊ីស្រាអែល ក្នុងតួនាទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ