វិស័យ SME

អ្នករកស៊ីក្នុងវិស័យ SME ស្នើឲ្យរដ្ឋជួយទប់ស្កាត់ការនាំចូលទំនិញ ដែលខ្មែរអាចផលិតបាន


ក្រុមអ្នកជំនាញក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា(SME) កត់សម្គាល់ឃើញថា នៅមួយរយៈពេលចុងក្រោយនេះ វិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានរួមចំណែកកាន់តែសំខាន់ក្នុងសេដ្ឋកិច្ច។ ប៉ុន្តែបើទោះជាបែបនេះក្ដី នៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មរបស់វិស័យនេះ នៅតែជួបប្រឈមបញ្ហាមួយចំនួនមិនទាន់អាចដោះស្រាយបាននៅឡើយទេ ដូចជាបញ្ហាខ្វះប្រភពទុន ខ្វះភាពប្រកួតប្រជែង និងលំហូរទំនិញពីទីផ្សារខាងក្រៅ។
វិស័យ SME
ដោយ

ក្រុមអ្នកប្រកបរបរក្នុងវិស័យនេះ បានចាត់ទុកការហូរចូលទំនិញពីទីផ្សារខាងក្រៅ គឺជាឧបសគ្គដ៏ធំមួយសម្រាប់វិស័យ SME របស់កម្ពុជា ហើយបញ្ហានេះ ក៏នៅតែប្រឈមខ្លាំងសម្រាប់វិស័យ SME កម្ពុជា នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ក្រុមអ្នកប្រកបរបរក្នុងវិស័យនេះ ស្នើឲ្យរាជរដ្ឋាភិបាលជួយទប់ស្កាត់ និងកាត់បន្ថយការនាំចូលទំនិញដែលខ្មែរអាចផលិតបាន ដើម្បីជួយលើកកម្ពស់វិស័យ SME កម្ពុជា និងជំរុញតម្លៃទំនិញក្នុងស្រុក។

ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកត់សម្គាល់ឃើញថា បើទោះជាកន្លងមកវិស័យ SME មានការជួយជ្រោមជ្រែងយ៉ាងសកម្មពីសំណាក់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានាក្តី តែវិស័យនេះនៅតែជួបបញ្ហាប្រឈម ជាពិសេសទាក់ទងនឹងការហូរចូលផលិតផលសម្រេចពីខាងក្រៅតែម្ដង។ លោកឧកញ៉ាអះអាងថា ការហូរចូលទំនិញពីខាងក្រៅចូលមកទីផ្សារកម្ពុជាកំពុងជះឥទ្ធិពលអវិជ្ជមានមកលើវិស័យ SME នៅកម្ពុជា ស្របពេលដែលវិស័យនេះបន្តជួបបញ្ហាប្រឈមមួយចំនួនស្រាប់ទៅហើយ។ សម្រាប់អ្នកជំនាញរូបនេះ បច្ចុប្បន្នការផ្គត់ផ្គង់តម្រូវការក្នុងប្រទេសកម្ពុជា ហាក់លែងសូវក្លាយជាបញ្ហាប្រឈមទៀតហើយ ពោលគឺកម្ពុជាកាន់តែមានលទ្ធភាពផលិតក្នុងការផលិតទំនិញ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ក្នុងន័យនេះ អ្នកជំនាញរូបនេះស្នើឱ្យរាជរដ្ឋាភិបាលជួយទប់ស្កាត់និងកាត់បន្ថយការនាំចូលទំនិញណា ដែលកម្ពុជាអាចផលិតបាន ដើម្បីជួយលើកកម្ពស់តម្លៃផលិតផលផលិតក្នុងស្រុក និងវិស័យ SME នៅកម្ពុជា

ស្រដៀងគ្នានេះ ឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី បានកត់សម្គាល់ឃើញថា វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅមួយរយៈចុងក្រោយនេះ ហាក់មានការប្រែប្រួលគួរឲ្យកត់សម្គាល់ ក្រោយមានការជួយជ្រោមជ្រែងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យនេះតែម្តង។ បើទោះបីវិស័យសហគ្រាសធុនតូច និងមធ្យមមានការប្រែប្រួល និងកាន់តែរីកចម្រើនក៏ពិតមែន ក៏ប៉ុន្តែសម្រាប់ឧកញ៉ា កែវ មុំ ការនាំចូលផលិតផលដែលកម្ពុជាអាចផលិតបានដោយខ្លួនឯងពីខាងក្រៅនៅតែជាបញ្ហាប្រឈមសម្រាប់វិស័យ SME កម្ពុជា។

​ឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបាននិងកំពុងកើតមាននៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជានេះ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ និងបានដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្តជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្តដល់វិស័យ SME នៅកម្ពុជា។ ជាក់ស្តែងកាលពីពេលថ្មីៗ រាជរដ្ឋាភិបាលបានជំរុញ និងលើកទឹកចិត្តដល់គ្រប់ធនាគារទាំងអស់នៅកម្ពុជាបន្តផ្ដល់ឥណទានសម្រាប់វិស័យ SME និងការរៀបចំបង្កើតជាបណ្ដុំសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាគោលនយោបាយលើកទឹកចិត្តផ្សេងៗទៀត សំដៅជួយលើកកម្ពស់វិស័យ SME នៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា វិស័យសហគ្រាសធុនតូច និងមធ្យម(SME) បានដើរតួនាទីយ៉ាងសំខាន់ និងក្លាយជាវិស័យស្នូលមួយដ៏សំខាន់មួយក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងបច្ចុប្បន្នមានសហគ្រាសធុនតូច និងមធ្យមប្រមាណ៩៨% នៃសហគ្រាសសរុបទូទាំងប្រទេសកម្ពុជា ដោយបានរួមចំណែកប្រមាណ៥៨% នៃផលិតផលក្នុងស្រុកសរុប(GDP) និងបានបង្កើតការងារប្រមាណ៧០% នៃកម្លាំងពលកម្មសរុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ បានផ្តល់សំណងជូនអតិថិជនជាង៤៦លានដុល្លារនៅ៩ខែឆ្នាំនេះ ខណៈទំហំបុព្វលាភមានជាង២៦៦លានដុល្លារ

ព័ត៌មាន
ថ្នាក់ដឹកនាំសមាគមធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់នៅទូទាំងប្រទេសបានផ្តល់សំណងលើករណីផ្សេងៗជូនអតិថិជនមានទ…

តម្លៃប្រេងបានធ្លាក់ចុះ៣% ចំពេលការដឹកជញ្ជូននៅសមុទ្រក្រហមមានភាពធូរស្បើយ

ព័ត៌មាន
តម្លៃប្រេងបានធ្លាក់ចុះ៣% គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ខណៈដែលក្រុមហ៊ុនដឹកជញ្ជូនជាច្រើនទៀតបាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ