ថៃនាំចេញផ្លែឈើទៅចិនកើនឡើង

ថៃនាំចេញផ្លែឈើទៅចិនកើនឡើងដល់ជាង ២,៥ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ


អត្ថបទ៖ សុខ ជា ប្រទេសថៃបាននាំចេញផ្លែឈើជាង ១ លានតោនមានជាង ២ពាន់៥រយលានដុល្លារទៅកាន់ទីផ្សារប្រទេសចិននៅក្នុងឆមាសទី១នៃឆ្នាំនេះ ខណៈដែលនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា មានគោលបំណងបង្កើនការនាំចេញក្នុងវិស័យផ្សេងៗ និងដាក់ចេញគោលនយោបាយគាំទ្រការលក់ផ្លែឈើនៅក្រៅប្រទេសផងដែរ។ នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក Thanakorn ដែលបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថៃ។
ថៃនាំចេញផ្លែឈើទៅចិនកើនឡើងដល់ជាង ២,៥ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ

អ្នកនាំពាក្យលោក Thanakorn បាននិយាយដោយបង្ហាញអះអាងថា ការនាំចេញរបស់ថៃទៅប្រទេសចិនចាប់ពីខែមករា ដល់ខែមិថុនា បានកើនឡើងជិត១៣% ចាប់ពីឆ្នាំ ២០២១ ដោយបានកើនឡើងតម្លៃជាទឹកប្រាក់ ១៤០ ពាន់លានដុល្លារអាមេរិក ពោលគឺលើសពីគោលដៅដើមពី ៤-៥ ភាគរយ សម្រាប់រយៈពេលពេញ១ឆ្នាំ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ការនាំចេញផលិតផលកសិកម្ម និងផលិតផលកសិឧស្សាហកម្មបានរួមចំណែកយ៉ាងសំខាន់ដល់កំណើននៃការនាំចេញសរុបដែលមានតម្លៃជាង២៦ពាន់លានដុល្លារកាលពីខែមុន។

ដោយដកស្រង់ព័ត៌មានពីនាយកដ្ឋានកសិកម្មលោក Thanakorn បាននិយាយថា រវាងថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី២១ ខែកក្កដាមានការដឹកជញ្ជូនផ្លែឈើស្រស់ទៅកាន់ប្រទេសចិនចំនួន ជាង៦ម៉ឺនជើង ដែលមានបរិមាណផ្លែឈើស្រស់សរុបជាង១លានតោន ដែលមានតម្លៃជាង២ពាន់៥រយលានដុល្លារ។

អ្នកនាំពាក្យរូបនេះបាននិយាយថា តួលេខនេះបានរួមបញ្ចូលទាំងការនាំចេញផ្លែទុរេនជាង ៦៧ម៉ឺនតោនមានតម្លៃជិត២ពាន់លានដុល្លារ ដែលជាការឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អតិថិជនចិនចំពោះគុណភាព និងរសជាតិនៃផ្លែឈើរបស់ប្រទេសថៃ។

អ្នកនាំពាក្យរូបនេះបានបន្តទៀតថា ក្រៅពីផ្លែទុរេន ផ្លែឈើផ្សេងៗទៀតដែលត្រូវបាននាំចេញទៅប្រទេសចិនរួមមាន ផ្លែដូង ផ្លែមង្ឃុត ផ្លែមៀន ផ្លែសាវម៉ាវ និងផ្លែទទឹម។

លោក Thanakorn បាននិយាយទៀតថា នាយកដ្ឋានកសិកម្មបានដាក់ចេញនូវវិញ្ញាបនបត្រអនាម័យអេឡិចត្រូនិច ឬហៅថា e-Phyto ដែលជួយគាំទ្រ និងសម្រួលដល់ការនាំចេញផ្លែឈើទៅកាន់ប្រទេសចិនផងដែរ។

ទោះបីជាយ៉ាងណា លោក Wisut Chainaroon សមាជិកសភាគណបក្សភឿថៃ ជាតំណាងរាស្ត្រខេត្ត Phayao បានអំពាវនាវឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់បន្ថែមទៀត ចំពោះស្ថានភាពមិនសូវល្អរបស់អ្នកដាំដំណាំផ្លែមៀននៅភាគខាងជើងប្រទេសនេះ។

សមាជិកសភារូបនេះបានបន្តថា តម្លៃផ្លែមៀនបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៣០ឆ្នាំ គឺផ្ទុយពីការឡើងថ្លៃផលិតផលកសិកម្មពិភពលោក ខណៈដែលតម្លៃជីកសិកម្មដែលចេះតែឡើងថ្លៃឥតឈប់ឈរបានធ្វើឱ្យអ្នកដាំដើមមៀនកាន់តែឈឺចាប់បន្ថែមទៀត។

តំណាងរាស្ត្ររូបនេះបាននិយាយថា ប្រទេសថៃគឺជាប្រទេសផលិតផ្លែមៀនធំជាងគេទី២របស់ពិភពលោកដែលមានទិន្នផលជាង ១ លានតោនក្នុងមួយឆ្នាំ បន្ទាប់ពីប្រទេសចិន៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


តើកិច្ចប្រជុំពិភាក្សា២បូក២ រវាងជប៉ុន និងអាមេរិកសម្រេចបានកិច្ចព្រមព្រៀងអ្វីខ្លះ?

ព័ត៌មាន
ក្រុមមន្ត្រីគណៈរដ្ឋមន្ត្រីប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នា ដើម្បីបន្តពាណិជ្ជកម្មសេរី និងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំប្រកបដោយតម្លាភាព…

រោងចក្រវៀតណាមបង្ខំចិត្តកាត់បន្ថយម៉ោងធ្វើការកម្មក ខណៈការបញ្ជាទិញមានការធ្លាក់ចុះ

ព័ត៌មាន
បន្ទាប់ពីរយៈពេល ៦ ខែ នៃការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយមានភាពធូរស្រាលនៃកូវីដ១៩ រោងចក្រនៅទីក្រុងហូជីមិញបានប្រឈមនឹងកង្វះខាតសម្ភារៈ និង ការប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ