វិស័យទេសចរណ៍ថៃ

រដ្ឋថៃ​គ្រោងនឹងផ្ដល់ឲ្យជិត ១០០ ដុល្លារ សម្រាប់ពលរដ្ឋណាចេញធ្វើដំណើរកម្សាន្ដឆ្លងខេត្ត


ដើម្បីសង្គ្រោះវិស័យទេសចរណ៍ឲ្យមានដង្ហើមដកឡើងវិញ រាជរដ្ឋាភិបាលថៃ កំពុងត្រៀមផែនការដើម្បីជំរុញដល់វិស័យទេសចរណ៍ក្នុងស្រុក ដែលចលនានេះ រំពឹងថា នឹងជួយឲ្យមានការចំណាយទៅក្នុងលំហូរសេដ្ឋកិច្ច ពិសេសក្នុងវិស័យនេះ។ ក្នុងនោះរាជរដ្ឋាភិបាលថៃ បានត្រៀមគម្រោងជំរុញទេសចរណ៍ក្នុងស្រុក តាមរយៈការផ្ដល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ដឆ្លងខេត្ត នូវទឹកប្រាក់ជិត ១០០ ដុល្លារ សម្រាប់ការចំណាយពេលដើរកម្សាន្ដ។
ថៃ នឹងត្រៀមកញ្ចប់ថវិកាប្រមាណ ១៦០ លានដុល្លារ ជំរុញកំណើនតម្រូវការទេសចរណ៍ក្នុងស្រុក (រូបភាព៖ https://jingdaily.com)
ដោយ

បើតាម​ប្រភព​ពីក្រសួង​ហិរញ្ញវត្ថុ​ថៃបានអះអាង​នៅក្នុង​កាសែត​បាងកកប៉ុស្ដិ៍ថា​ អ្នកធ្វើដំណើរ​កម្សាន្ដ​ដែលមានសិទ្ធិ​ទទួលបាន​​កញ្ចប់ប្រាក់​ជំរុញ​ទេសចរណ៍​ក្នុងស្រុកនេះ ចំនួន ៣.០០០បាត ឬស្មើនឹង​ប្រមាណ ជាង ៩៥ ដុល្លារអាមេរិកនេះ គឺតាមការ​កាត់កង​ជាមួយនឹង​ម្ចាស់​អាជីវកម្ម ដែលពួកគេ​បានជាវ​ផលិតផល ឬសេវាកម្ម  ប៉ុន្ដែ​ការទូទាត់នេះ អាចធ្វើឡើង​តែជាមួយ​សណ្ឋាគារ ភោជនីយដ្ឋាន និង​ប្រតិបត្តិករទេសចរណ៍​ដែលជា​ដៃគូរ​សហការ​ជាមួយ​រដ្ឋ​តែប៉ុណ្ណោះ។ មានន័យថា បើពួកគាត់​ចំណាយ អស់ ២០០ ដុល្លារ​សម្រាប់​ការធ្វើដំណើរកម្សាន្ដ ពួកគាត់នឹងត្រូវចំណាយ​ប្រាក់ផ្ទាល់ខ្លួន​តែ ១០៥ ដុល្លារ​ប៉ុណ្ណោះជាង ៩៥ ដុល្លារទៀត គឺ​រដ្ឋ​ជាអ្នកចេញថ្លៃ​ជំនួស។

គម្រោងនេះ នឹងតម្រូវ​ឲ្យ​សណ្ឋាគារ ភោជនីយដ្ឋាន​ និង​ប្រតិបត្តិករ​ទេសចរណ៍​ទាំងអស់ ត្រូវមកចុះឈ្មោះ ជាមួយនឹង​ភ្នាក់ងារ​របស់រដ្ឋ ខណៈដែលពលរដ្ឋ​ដែល​ជាអ្នកធ្វើដំណើរកម្សាន្ដ គឺមិនចាំបាច់​ចុះឈ្មោះទេ ពោលគឺ ពួកគេ​អាចទទួលបាន​ការផ្ដល់ជូនប្រាក់ឧបត្ថម្ភ ជាង ៩៥ ដុល្លារអាមេរិកនោះ ដោយស្វ័យប្រវត្តិ នៅពេល​ពួកគេ​ទូទាត់​ការចំណាយ​ជាមួយ​ប្រតិបត្តិករទេសចរណ៍ដែលបាន​សហការ​ជាមួយរដ្ឋ។ 

ទោះយ៉ាងណា ពលរដ្ឋ​ដែលមានសិទ្ធិទទួលបាន​ប្រាក់ឧបត្ថម្ភ​សម្រាប់​ការធ្វើដំណើរកម្សាន្ដ​នេះ ចាំបាច់​ត្រូវតែ​ចំណាយ​លើការស្នាក់នៅ​សណ្ឋាគារ និង​ប្រតិបត្តិករទេសចរណ៍​ពាក់ព័ន្ធ ដែលនៅខេត្ត​ផ្សេង ពីខេត្ត​ដែលពួកគេ​កំពុងរស់នៅ។

ការដាក់ចេញ​នូវគម្រោង​ជំរុញទេសចរណ៍​ក្នុងស្រុកនេះ គឺដើម្បីធ្វើយ៉ាងណា​ឲ្យពលរដ្ឋ​ចេញធ្វើ​ដំណើរកម្សាន្ដ និងចំណាយ​ទៅក្នុងលំហូរ​សេដ្ឋកិច្ច។

ក្រសួង​ហិរញ្ញវត្ថុថៃ កំពុង​ពិចារណា​កំណត់​ពីចំនួន​ពលរដ្ឋដែល​នឹងទទួលបាន​ប្រាក់ឧបត្ថម្ភនេះ ទោះយ៉ាងណា​​គេចង់បានក្នុងចំនួន​កាន់តែច្រើន​កាន់តែល្អ។ លើសពីនេះ ក្រសួង​ក៏កំពុង​តែសិក្សា​ថា នឹងផ្ដល់ជូន​ប្រាក់ខ្លះ​​ត្រឡប់​ទៅឲ្យ​ទេសចរ​វិញ បើពួកគាត់​ចំណាយលើស​ពីអ្វីដែល​រដ្ឋ​ឧបត្ថម្ភផងដែរ ពោល​បើពួកគាត់​ចំណាយលើសពីជាង ៩៥ដុល្លារ​ ដែលរដ្ឋ​ផ្ដល់ជូននេះ ពួកគាត់អាចនឹង​ទទួលបានប្រាក់ត្រឡប់មកវិញ ១០% ឬ ២០% នៃប្រាក់​ដែល​ពួកគាត់បានចំណាយនោះ។

ក្រសួងហិរញ្ញវត្ថុថៃ អះអាងថា ការផ្ដល់ប្រាក់ឧបត្ថម្ភ គឺជាមធ្យោបាយ​មាន​ប្រសិទ្ធភាពបំផុត ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់​នៃវិបត្តិ​កូវីដ-១៩ មកលើសេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ននេះ។ 

ប្រភពព័ត៌មានបន្ថែមទៀតថា រាជរដ្ឋាភិបាលថៃ ត្រៀម​ការបែងចែកថវិកា​​ប្រមាណ​ជិត​១៣ ពាន់លាន​ដុល្លារអាមេរិក សម្រាប់​ស្ដារសេដ្ឋកិច្ច និង​ធ្វើឲ្យផែនការ​ប្រសើរឡើងវិញ ក្រោម​​ការខ្ចីប្រាក់ ប្រមាណជិត ៣២ ពាន់លាន​ដុល្លារអាមេរិក នឹងត្រូវ​ប្រើប្រាក់ជាមូលនិធិ​គម្រោង​ជំរុញ​ទេសចរ​ណ៍ក្នុងស្រុក។ ជាមួយគ្នានេះ ការផ្ដល់ប្រាក់​ឧបត្ថម្ភនេះ មិនគួរ​ត្រូវបាន​ប្រើប្រាស់​ខុសគោលដៅនោះទេ ដោយ​លុយទាំងនេះ ត្រូវ​ចំណាយ​ដើម្បី​ជួយឲ្យ​​វិស័យទេសចរណ៍​រស់ឡើងវិញ រួមទាំងជួយដល់​សណ្ឋាគារ ភោជនីយដ្ឋាន ដែល​រងផលប៉ះពាល់​ធ្ងន់ធ្ងរ​ព្រោះតែ​កូវីដ-១៩ផងដែរ។

កញ្ចប់ថវិកា​ជំរុញសេដ្ឋកិច្ចនេះ រំពឹងថា​នឹងជួយឲ្យ​សេដ្ឋកិច្ចថៃ មានភាព​អណ្ដែតងើបឡើងវិញ បន្ទាប់ពីបាននិងកំពុង​លេចលង់​​ព្រោះតែ​វិបត្តិកូវីដ-១៩។ ហើយក្នុងនោះ វិស័យទេសចរណ៍ មានចំនួន​ជាង ១០% នៃផលិតផល​ក្នុងស្រុក​សរុប​របស់ប្រទេសនេះ។

លោក ឡាវ៉ារុន សាងស្នីត អគ្គនាយក​ការិយាល័យ​គោលយោបាយ​សារពើរពន្ធ បាន​បញ្ជាក់ថា វិធានការ​ជំរុញ​សេដ្ឋកិច្ចនេះ នឹង​អាច​ដាក់ចេញ​នៅ​ខែក្រោយ ដើម្បី​រក្សា​សន្ទុះចំណាយ​បន្ទាប់ពីក្នុងខែនេះ ​រដ្ឋ​បានផ្ដល់ជូន​ប្រមាណជិត ១៦០ ដុល្លារអាមេរិក​ទៅឲ្យកម្មករ​​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ដែល​រងផលប៉ះពាល់​ព្រោះតែ​កូវីដ-១៩៕  

© 2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាអាចនឹងនាំចេញស្វាយទៅចិន ៥០ម៉ឺនតោនរៀងរាល់ឆ្នាំ បន្ទាប់ពីការចុះពិធីសារបើកផ្លូវនៅថ្ងៃស្អែកនេះ!

ព័ត៌មាន
ទីផ្សារផ្លែស្វាយ ដែលធ្លាប់តែត្រូវបានរអ៊ូររទាំថា គ្មានទីផ្សារនោះ អាចនឹងមានសង្ឃឹមឡើងវិញ ក្រោយពីតំណាងរដ្ឋាភិបាលប្រទេសទាំងពីរ គឺចិន និងកម្ពុ…

អ្នកជំនាញ៖ ខេត្តកំពតកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោ

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ខេត្តកំពតកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវបរទេសដែលកំពុងស្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ