លើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់

រាជរដ្ឋាភិបាល បន្តលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ រយៈពេល៣ខែបន្ថែម


ក្រោយពីមើលឃើញ អាជីវកម្មនៅក្នុងវិស័យទេសចរណ៍ នៅបន្ដរងផលប៉ះពាល់ពីវិបត្តិជំងឺរាតត្បាតកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ និងលើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ខែបន្ថែមទៀត គឺពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា។
រាជរដ្ឋាភិបាល បន្តលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ រយៈពេល៣ខែបន្ថែម រូបភាព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប

បន្ទាប់ពីប្រទេសកម្ពុជាបានចាប់ផ្ដើមបើកដំណើរការពេញលេញឡើងវិញនូវគ្រប់សកម្មភាពសង្គម-សេដ្ឋកិច្ចតាមរយៈការបន្ធូរបន្ថយវិធានការសុខាភិបាល និងលក្ខខណ្ឌតម្រូវនានាចំពោះអ្នកដំណើរមកកាន់កម្ពុជាដែលបានចាក់វ៉ាក់សាំងរួច វិស័យមួយចំនួនដែលធ្លាប់បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ បានចាប់ផ្តើមមានសកម្មភាពអាជីវកម្ម និងបានកើនឡើងវិញគួរឱ្យកត់សម្គាល់។ ក្នុងនោះ ចំពោះវិស័យទេសចរណ៍ ទោះបីជាចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិមានការកើនឡើងក៏ដោយ ប៉ុន្តែបញ្ហាមួយចំនួនដូចជា ការបន្តគំរាមកំហែងដោយជំងឺកូវីដ-១៩ និងការកើនឡើងនៃអត្រាអតិផរណាជាសកល នៅតែជាសម្ពាធដល់ការកើនឡើងវិញនៃភ្ញៀវទេសចរ ដែលនាំឱ្យប្រតិបត្តិករជាច្រើននៅក្នុងវិស័យទេសចរណ៍នៅបន្តជួបប្រទះនូវបញ្ហាប្រឈមនានាក្នុងអាជីវកម្មរបស់ខ្លួន។

ដោយមើលឃើញពីកត្តាប្រឈមទាំងអស់នេះ ចំពោះវិស័យទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ខែបន្ថែមទៀត គឺពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។ ប៉ុន្ដែ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែក្នុងអំឡុងពេលនេះ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលបានបន្តផ្តល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ ២០២២ សម្រាប់វិស័យទេសចរណ៍។ ព្រមទាំងជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ ក្នុងការរៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់ផងដែរ។

ជុំវិញការងើបឡើងវិញនៃវិស័យទេសចរណ៍នេះដែរ លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា ក៏បានកត់សម្គាល់ឃើញថា បើទោះបីជាប្រទេសកម្ពុជាបានបើកដំណើរការទូលំទូលាយពេញលេញឡើងវិញក៏ដោយ ប៉ុន្តែចំពោះវិស័យសណ្ឋាគារ និង ផ្ទះសំណាក់ហាក់នៅមានភ្ញៀវតិចតួចនៅឡើយ ពោលគឺ នៅរាជធានីភ្នំពេញមានភ្ញៀវស្នាក់នៅត្រឹមតែ ២០% និងនៅខេត្តសៀមរាបមានត្រឹម ១០% ទៅ ១៥% ប៉ុណ្ណោះ ហើយដើម្បីអាចឲ្យវិស័យសណ្ឋាគារ និងផ្ទះសំណាក់មានភាពប្រសើរឡើង វិញបាន ទាល់តែមានចំនួនផ្ញៀវស្នាក់នៅដល់ដល់ ៥០% ឯណោះ នៃចំនួនសមត្ថភាពផ្គត់ផ្គង់សរុប។

សូមជម្រាបថា រាជរដ្ឋាភិបាលនឹងបន្តតាមដានជាប្រចាំ នូវស្ថានភាពនៃជំងឺកូវីដ-១៩, លើស្ថានភាពសង្គម-សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល, តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗ ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់ ដើម្បីស្ដារកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងរយៈពេលមធ្យម ឱ្យត្រឡប់ទៅកំណើនសក្តានុពលនិងពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ក្រោមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកង-១៩ តាមកន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣៕




អត្ថបទបន្ទាប់


ABC ច្នៃផលិតផលថ្មីជាមួយ “Reserve” ដែលជាស្រាបៀរលាយវីស្គីដំបូងគេក្នុងប្រទេសកម្ពុជា

ព័ត៌មាន
ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២, ស្រាបៀរ ABC កំពុងបោះជំហានមួយកម្រិតទៀត តាមរយៈការណែនាំពីការផលិតថ្មីផ្តាច់មុខរបស់ខ្លួនគឺ ស្រាបៀរ ABC Reserv…

ក្រុមអ្នកជំនាញអះអាងថា វិស័យធានារ៉ាប់រង ជាសំណាញ់សុវត្ថិភាពសង្គមផ្នែកហិរញ្ញវត្ថុ

ព័ត៌មាន
វិស័យធានារ៉ាប់រង មិនត្រឹមតែដើរតួនាទីជួយការពារហានិភ័យជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាទៀតផង។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ