ការរឹតត្បិតនាំចេញរបស់អាមេរិកទៅកាន់ចិន

ក្រុមហ៊ុនបច្ចេកវិទ្យាឈីបកូរ៉េខាងត្បូងធំៗ២ នឹងរួចផុតចេញពីបញ្ជីរឹតត្បិតរបស់អាមេរិកចំពោះការនាំចេញទៅកាន់ប្រទេសចិន


រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គ្រោងនឹងគិតគូរជាថ្មីដើម្បីជួយសង្គ្រោះក្រុមហ៊ុនកូរ៉េខាងត្បូងធំៗចំនួនពីរ ខណៈដែលអាមេរិក នឹងដាក់ចេញជាផ្លូវការក្នុងសប្តាហ៍នេះនូវការរឹតត្បិតដល់ការនាំចេញបច្ចេកវិទ្យាសម្រាប់ផលិតបន្ទះឈីប ទៅកាន់ប្រទេសចិន។ វិធានការរបស់ក្រុងវ៉ាស៊ីងតោននេះ គឺដើម្បីកំណត់សមត្ថភាពរបស់គូប្រជែង និងមិនឱ្យធ្លាក់ដល់ដៃយោធាចិនបានឡើយ ក្នុងការធានាដល់សន្តិសុខជាតិរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២២។
ក្រុមហ៊ុន Samsung ទំនងមិនប៉ះពាល់ពីការរឹតត្បិតការនាំចេញរបស់អាមេរិក ទៅកាន់ចិនឡើយ

រដ្ឋបាល​លោក ចូ បៃឌិន មានផែនការ​​ជួយសង្គ្រោះ​ក្រុមហ៊ុនឈីប​ចំនួនពីរ​របស់​កូរ៉េខាងត្បូង គឺក្រុមហ៊ុន Samsung និងក្រុមហ៊ុន SK Hynix ដោយសារ​តែក្រុមហ៊ុន​ទាំងពីរនេះ កំពុងប្រតិបត្តិការ​នៅក្នុងប្រទេសចិន ហើយ​អាច​នឹងជាប់​ក្នុងបញ្ជី​នៃការរឹតត្បិត​របស់​អាមេរិក។

យោងតាម​ប្រភព​ដែលបង្ហើបប្រាប់ Reuters ឱ្យដឹងថា ក្រសួងពាណិជ្ជកម្មអាមេរិកទំនង​ជាច្រានចោល​សំណើសុំ​​របស់​ក្រុមហ៊ុន​អាមេរិក ដែល​ចង់​បញ្ជូន​គ្រឿង​បរិក្ខារ​ទៅឱ្យ​ក្រុមហ៊ុន​ឈីប​ចិន​ដូចជា Yangtze Memory Technologies និង ChangXin Memory Technology។ ប៉ុន្តែ ​​ចំពោះក្រុមហ៊ុនបរទេសដែលរកស៊ីក្នុងប្រទេសចិន ដូចជាក្រុមហ៊ុន​កូរ៉េ Samsung និង SK Hynix អាច​នឹង​ត្រូវពិនិត្យ​មើល​ជាករណីពិសេសដាច់ដោយឡែក ពោលគឺ​ក្រុមហ៊ុនបរទេសទាំងពីរនេះ ទំនងជា​នៅតែ​អាច​ទទួលបាន​គ្រឿងបរិក្ខារក្នុងការផលិតឈីប ពីអាមេរិកដដែល។

សូមបញ្ជាក់ថា ផែនការ​ដាក់កំហិតការនាំចេញ​ផលិតផល​បច្ចេកវិទ្យារបស់អាមេរិកនេះ គឺមានគោលដៅ​ទៅលើក្រុមហ៊ុនចិន ​​ដែល​ផលិតឈីប​ប្រភេទ DRAM និង NAND។ ផែនការ​នេះ ក៏ធ្វើឡើង​តែ១ខែប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរសហរដ្ឋអាមេរិក បាន​បញ្ជា​ឱ្យក្រុមហ៊ុន Nvidia Corp បញ្ឈប់ការនាំចេញ​បន្ទះឈីបកុំព្យូទ័រ ២ប្រភេទ ទៅកាន់ប្រទេសចិនផងដែរ។

យ៉ាងណាមិញ ផែនការរបស់​អាមេរិក​នេះត្រូវបាន​ស្ថានទូតចិន​ប្រចាំក្រុងវ៉ាស៊ិនតោន ហៅថា ជាការគ្រប់គ្រងវិទ្យាសាស្រ្ត-បច្ចេកវិទ្យាតែឯងក្នុងលោក និងបានចោទអាមេរិកថា ព្យាយាម​ប្រើប្រាស់​អំណាច​បច្ចេកវិទ្យា ក្នុងការបង្អាក់​និងគាបសង្កត់​ការអភិវឌ្ឍរបស់​ប្រទេសដទៃ។

តាម​ការចុះផ្សាយ​របស់​ Businesskorea បង្ហាញថា ការនាំចេញឈីប​របស់កូរ៉េខាងត្បូង​កាលពីឆ្នាំមុន មានទំហំទឹកប្រាក់សរុប ៦៩ពាន់លានដុល្លារ ក្នុងនោះ ៤៨% គឺនាំចេញ​ទៅកាន់ប្រទេសចិន។

សូមជម្រាប​ថា ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង មានរោងចក្រ​ផលិតឈីប NAND នៅក្នុងខេត្ត Shaanxi ប្រទេសចិន ស្មើនឹង ៣៨ភាគរយ​នៃ​ការផលិតសរុបរបស់ខ្លួន។ ចំណែក​ក្រុមហ៊ុន SK Hynix ក៏មាន​រោងចក្រ​ផលិតឈីប NAND នៅក្នុង​ប្រទេសចិន​ផងដែរ ដែលបានទិញសិទ្ធិពីក្រុមហ៊ុន​ Intel Corp។ នេះបើយោងតាមទិន្នន័យរបស់​ក្រុមហ៊ុនវិភាគទីផ្សារបច្ចេកវិទ្យា Yole Intelligence៕




អត្ថបទបន្ទាប់


អាមេរិកជំរុញបង្កើតច្បាប់ដាក់សម្ពាធលើអង្គការ OPEC+ ក្រោយកាត់បន្ថយផលិតកម្មប្រេងជិត២លានបារ៉ែលក្នុងមួយថ្ងៃ

ព័ត៌មាន
សមាជិកព្រឹទ្ធសភាកំពូលរបស់សហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ ទី ៦ ខែតុលា បានផ្តល់គាំទ្រក្នុងការចេញច្បាប…

អ្នកជំនាញរំពឹងថាទេសចរប្រមាណ៤០ម៉ឺននាក់នឹងចូលរួមពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២២

ព័ត៌មាន
ឆ្នាំ២០២២នេះជាឆ្នាំទី៧ ហើយដែលកម្ពុជា បានរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដោយផ្ដោតសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា។ យ៉ាងណាមិញ សម្រា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ