វិស័យអចលនទ្រព្យ

កុំថាឡើយមហាយក្សចិន! សូម្បីវិស័យអចលនទ្រព្យនៅសហអាម៉េរិក ក៏ប្រឈមវិបត្តិបំណុលធ្ងន់ធ្ងរដែរ


ស្របពេលវិស័យអចលនទ្រព្យនៅប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកកំពុងជាប់ផុងក្នុងវិបត្តិបំណុលដោះស្រាយមិនទាន់ដោះស្រាយចេញស្រួលបួលផង ស្រាប់តែពេលនេះវិស័យអចលនទ្រព្យនៅអាម៉េរិក ដែលជាមហាអំណាសេដ្ឋកិច្ចទី១ ក៏កំពុងប្រឈមនឹងបញ្ហាមិនខុសគ្នាប៉ុន្មាននោះទេ ដោយវិស័យនេះអាចនឹងខកខានទូទាត់បំណុលរហូតដល់ទៅខ្ទង់ទ្រីលានដុល្លារឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានដ៏ល្បីល្បាញ Business Insider។
វិស័យអចលនទ្រព្យ
ដោយ

កំពូលមហាសេដ្ឋីអាម៉េរិក លោក ហូវើដ ឡាត់ណិក (Howard Lutnick) នាយកប្រតិបត្តិក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុ ឃែនធ័រ ហ្វីតជើរ៉ាល (Cantor Fitzgerald) បានព្រមានថា ទីផ្សារអចលនទ្រព្យនៅ​សហរដ្ឋអាម៉េរិក អាចនឹងជួបវិបត្តិខកខានទូទាត់បំណុលរហូតដល់ទៅ១ទ្រីលានដុល្លារ នៅពីរបីឆ្នាំខាងមុខ។

លោកបានគូសបញ្ជាក់ថា បន្ទុកបំណុលដ៏សម្បើមនេះបង្កហានិភ័យដ៏ធំសម្រាប់ឧស្សាហកម្មសំណង់ និងវិស័យអចលនទ្រព្យ ខណៈអត្រាការប្រាក់ទំនងជានឹងនៅតែខ្ពស់ក្នុងរយៈពេលយូរតទៅទៀត។ លោកព្យាករថា ទោះបីជាវិនិយោគិនមួយចំនួនរំពឹងថា ធនាគារកណ្តាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់យ៉ាងគំហុកនៅឆ្នាំនេះក្ដី ក៏អត្រាការប្រាក់នឹងនៅតែខ្ពស់ដដែល។

លោកពន្យល់ថា អត្រាការប្រាក់ខ្ពស់ធ្វើឱ្យអ្នកខ្ចីប្រាក់មានបញ្ហាក្នុងការស្នើសុំរៀបចំឥណទានថ្មីឡើងវិញ ដើម្បីជំនួសកាតព្វកិច្ចបំណុលចាស់ ហើយបណ្ដាស្ថាប័នធនាគារអាចនឹងផ្អាកផ្ដល់ហិរញ្ញប្បទានដល់គម្រោង ដែលមានហានិភ័យខ្ពស់ ហើយជាលទ្ធផល វានឹងធ្វើឱ្យវិស័យអចលនទ្រព្យជួបវិបត្តិខកខានទូទាត់បំណុល ចំណែកឯអចលនទ្រព្យ ក៏នឹងធ្លាក់ថ្លៃខ្លាំង។

កំពូលមហាសេដ្ឋីរូបនេះបានប៉ាន់ប្រមាណថា ការខកខានទូទាត់បំណុលនេះអាចមានទំហំចន្លោះពី៧០០ពាន់លានដុល្លារ ទៅ១ទ្រីលានដុល្លារឯណោះ ហើយថា វិបត្តិបំណុលនេះអាចនឹងផ្ទុះឡើងនៅចន្លោះ១៨ខែទៅ២ឆ្នាំខាងមុខ ប្រសិនបើបញ្ហានេះ ជាពិសេសអត្រាការប្រាក់មិនត្រូវបានដោះសា្រយឱ្យបានត្រឹមត្រូវ និងសមស្របទេនោះ។

ក្រុមអ្នកជំនាញក៏ធ្លាប់ព្រមានផងដែរអំពីបញ្ហា ដែលអាចនឹងកើតមានឡើងសម្រាប់វិស័យអចលនទ្រព្យប្រភេទពាណិជ្ជកម្មចាប់តាំងពីដើមឆ្នាំ២០២៣ ជាពេលដែលវិស័យធនាគារនៅសហរដ្ឋអាម៉េរិក ជួបចលាចល និងបានរឹតបន្តឹងលក្ខខណ្ឌឥណទានសម្រាប់បណ្ដាស្ថាប័នធនាគារថ្នាក់តំបន់ ដែលផ្តល់ហិរញ្ញប្បទានមួយភាគធំនៃកម្ចីអចលនទ្រព្យពាណិជ្ជកម្មទាំងអស់៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដុល្លារអាម៉េរិកកាន់តែបាត់បង់អានុភាព ខណៈទំហំពាណិជ្ជកម្មពាក់កណ្ដាលរបស់ចិន ត្រូវបានទូទាត់ជាប្រាក់យន់

ព័ត៌មាន
ខណៈប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងហៅកាត់ថា BRICS កំពុងបន្តជំរុញការធ្វើបដិដុល្លារនីយកម្ម ឬការឈប់ប្រើប្រាស់រូបិយប័ណ្ណដុល្លារអាម…

ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច ជំរុញឲ្យអគ្គនាយកដ្ឋានពន្ធដារពង្រឹងការប្រមូលចំណូលបន្ថែម

ព័ត៌មាន
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកការប្រមូលចំណូលរបស់អគ្គនាយកដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ