អាមេរិកបាញ់កម្ទេចវត្ថុមិនស្គាល់អត្តសញ្ញាណមួយទៀត

អាមេរិកបាញ់កម្ទេចវត្ថុមិនស្គាល់អត្តសញ្ញាណមួយទៀត ដែលហោះលើដែនអាកាសកាណាដា


យន្តហោះចម្បាំង F-22 របស់អាមេរិកបានបាញ់ទម្លាក់វត្ថុរាងស៊ីឡាំងមិនស្គាល់អត្តសញ្ញាណមួយដែលបានហោះរំលោភពីលើដែនអាកាសប្រទេសកាណាដាកាលពីថ្ងៃសៅរិ៍ ទី១១ ខែកុម្ភៈ ដែលវាជាការបាញ់កម្ទេចជាលើកទីពីរ ក្រោយពីបានបាញ់ទម្លាក់បាឡុងចារកម្មចិនកាលពីពេលថ្មីៗនេះ។ ប្រការនេះបានទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ពិភពលោក។
អាមេរិកបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណមួយលើលើទឹកដីកាណាដា

ក្នុងនោះ ទីក្រុងវ៉ាស៊ីនតោនក៏ត្រូវបានគេរាយការណ៍មកថា កំពុងដាក់ក្រុមហ៊ុនចិនចំនួន៦ ចូលក្នុងបញ្ចីខ្នៅ ដែលអាមេរិកចោទថា បានជាប់ពាក់ព័ន្ធទៅនឹងការសាងសង់ និងអភិវឌ្ឍបាឡុងដែលហោះចូលក្នុងទឹកដីរបស់ខ្លួនផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

ទីបញ្ជាការ ការពារដែនអាកាសអាមេរិកភាគខាងជើង (NORAD) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «វត្ថុដែលហោះចូលក្នុងដែនអាកាសរបស់ប្រទេសកាណាដានោះត្រូវបានគេសង្ស័យថាគឺជាយន្តហោះ តែវាមិនត្រូវបានចាប់សញ្ញាបានដោយរ៉ាដាអាមេរិក ថាជាអ្វីឱ្យប្រកដនោះទេ»។

នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានប្រកាសជាលើកដំបូងថា «ពិតជាមានការបាញ់ទម្លាក់នេះ កាលពីថ្ងៃសៅរិ៍មែននៅលើទឹកដី Yukon ភាគខាងជើងប្រទេសកាណាដា ដោយអះអាងថា កងកម្លាំងកាណាដាកំពុងរុករក និងស្រាវជ្រាវបំណែកនៃយន្តហោះមិនស្គាល់អត្តសញ្ញាណនោះ»។

បើតាមរដ្ឋមន្ត្រីការពារជាតិកាណាដាលោកស្រី Anita Anand បានបដិសេធមិនធ្វើការប៉ាន់ស្មានអំពីប្រភពដើមនៃវត្ថុនោះ គ្រាន់តែប្រាប់សារព័ត៌មានឱ្យដឹងថា «វាមានរាងស៊ីឡាំង»។ ទោះជាយ៉ាងណា លោកស្រីបាននិយាយថា វត្ថុនោះគឺមានទំហំតូចជាងបាឡុងចារកម្មចិន ដែលអាមេរិកបាញ់ទម្លាក់កាលពីសប្តាហ៍មុន ទោះបីជាមានរូបរាងស្រដៀងគ្នាក៏ដោយ។ វត្ថុនេះបានហោះក្នុងរយៈកម្ពស់ ១២,២០០ ម៉ែត្រ ដោយអាចបង្កគ្រោះថ្នាក់ដល់ចរាចរណ៍ផ្លូវអាកាសស៊ីវិល ដូននេះហើយត្រូវតែបាញ់ទម្លាក់តែម្តង។

យ៉ាងណាមិញ យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកមកពីមូលដ្ឋាន Elmendorf-Richardson ក្នុងរដ្ឋអាឡាស្កា បានត្រួតពិនិត្យឃើញវត្ថុមិនស្គាល់អត្តសញ្ញាណនេះ ហើយបានចេញធ្វើប្រតិបត្តិការជាមួយយន្តហោះចម្បាំងកាណាដាផ្សេងទៀតក្នុងការបាញ់កម្ទេច។ យោងតាមសេចក្តីថ្លែងការណ៍ពីមន្ទីរបញ្ជកោណអាមេរិក ឧត្តមសេនីយ៍ Patrick Ryder បានឱ្យដឹងថា៖ «យន្តហោះចម្បាំង F-22 បានធ្វើការបាញ់កម្ទេចវត្ថុមិនស្គាល់អត្តសញ្ញាណដែលបានហោះចូលក្នុទឹកដីកាណាដា ដោយប្រើបា្រស់មីស៊ីល AIM 9X ជាមួយនឹងការសម្របសម្រួលយ៉ាងដឹតដល់ពីសំណាក់អាជ្ញាធរសហរដ្ឋអាមេរិក និងកាណាដា»។

ដោយឡែក ជុំវិញបញ្ហាបាឡុងចិនវិញ យោងតាមប្រភពពីរ៉យទ័របានឱ្យដឹងកាលពីថ្ងៃសុក្រ ទី១០ កុម្ភៈ រដ្ឋបាលលោកចូ បៃដិនបានរកឃើញ និងដាក់ក្រុមហ៊ុនចិនចំនួន៦ចូលទៅក្នុងបញ្ជីខ្មៅ ដែលចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនឹងការផលិត និងអភិវឌ្ឍន៍បាឡុងចារកម្មដែលខ្លួនបានបាញ់ទម្លាក់កាលពីសប្តាហ៍មុន។

ការរឹតបន្តឹងថ្មីនេះកើតឡើងបន្ទាប់ពីសេតវិមានបានសង្កត់ធ្ងន់ថា ខ្លួននឹងពិចារណាលើកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយដើម្បីលាតត្រដាងពីសកម្មភាពស៊ើបការសម្ងាត់របស់ប្រទេសចិនមកលើសហរដ្ឋអាមេរិក ដែលវាបានគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខ និងសម្ព័ន្ធមិត្តរបស់ខ្លួន។

នាយកដ្ឋានពាណិជ្ជកម្មអាមេរិកបាននិយាយថា ក្រុមហ៊ុនទាំងប្រាំ និងវិទ្យាស្ថានស្រាវជ្រាវមួយកំពុងគាំទ្រ «ការធ្វើទំនើបកម្មផ្នែកយោធារបស់ចិន ជាពិសេសកម្មវិធីអវកាសរបស់កងទ័ពរំដោះប្រជាជន (PLA) រួមទាំងនាវាអាកាសនិងបាឡុងហោះផងដែរ។ ក្នុងនោះគឺមានអង្គភាពចំនួនពីរគឺ (Beijing Nanjiang Aerospace Technology) និងវិទ្យាស្ថានស្រាវជ្រាវទី៤៨ នៃ (China Electronics Technology Group Corporation)។

រដ្ឋបាល Biden ក៏បានបន្ថែមក្រុមហ៊ុនបច្ចេកវិទ្យា (Dongguan Lingkong Remote Sensing Technology) និង (Eagles Men Aviation Science and Technology Group) អង្គភាពបច្ចេកវិទ្យាអាកាសចរណ៍ (Guangzhou Tian-Hai-Xiang) និងក្រុមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាកាសចរណ៍(Shanxi Eagles Men)។ ទន្ទឹមនឹងគ្នានេះ គេមិនទាន់ឃើញស្ថានទូតចិនប្រចាំវ៉ាស៊ីនតោនចេញប្រតិកម្មជុំវិញការចោទប្រកាន់នេះទេ ហើយក្រុមហ៊ុនខាងលើក៏បានចេញសេចក្តីអត្ថាធិប្បាយដូចគ្នា៕




អត្ថបទបន្ទាប់


ហេតុអ្វីថៃ និងវៀតណាម រំពឹងការនាំចេញអង្ករនៅឆ្នាំ២០២៣ទាបជាងឆ្នាំមុន?

ព័ត៌មាន
ប្រទេសថៃ និងវៀតណាម ដែលជាប្រទេសនាំចេញអង្ករធំៗលំដាប់ពិភពលោក និងជាគូរប្រជែងរបស់កម្ពុជាផងដែរនោះ បានបន្ទាបការព្យាករការនាំចេញអង្កររបស់ខ្លួន…

ក្រុមហ៊ុនប្រេងអាមេរិក Chevron សម្រេចលក់ទ្រព្យសកម្មរបស់ខ្លួនទាំងអស់ ដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា

ព័ត៌មាន
ក្រុមហ៊ុនប្រេងដ៏ធំរបស់អាមេរិក Chevron Corp ថ្មីៗនេះបានបញ្ជាក់អះអាងថា ខ្លួនបានសម្រេចលក់ទ្រព្យសកម្មទាំងអស់ដែលមាននៅមីយ៉ាន់ម៉ា ទៅឲ្យក្រុមហ៊…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ