ការស៊ើបអង្កេតលើការនាំចូលសូឡា

អាមេរិកនឹងបើកការស៊ើបអង្កេតលើការនាំចូលសូឡាមកពីប្រទេសចំនួន៤ រួមទាំងកម្ពុជា


មន្ត្រីពាណិជ្ជកម្មអាមេរិកនៅថ្ងៃទី ២៨ ខែមីនា បាននិយាយថា អាមេរិកនឹងចាប់ផ្តើមការស៊ើបអង្កេត ដែលអាចឈានដល់ការយកពន្ធលើបន្ទះសូឡា ដែលនាំចូលមកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន៤រួមមាន ម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជា។ ការស៊ើបអង្កេតនេះ បន្ទាប់ពីមានការរាយការណ៍ថា ក្រុមហ៊ុនផលិតបន្ទះសូឡានៅប្រទេសអាស៊ីអាគ្នេយ៍ទាំង៤នេះ គឺជាក្រុមហ៊ុនចិន ដែលមានការនាំចេញបន្ទះសូឡាទៅអាមេរិក ដោយគេចវេះពីទណ្ឌកម្មពន្ធគយរបស់អាមេរិក។
បន្ទះសូឡា

ទោះ​យ៉ាងណា ការ​ស៊ើបអង្កេត​នេះ ក៏​អាច​ប៉ះទង្គិច​ដល់​ក្រុម​អ្នក​អភិវឌ្ឍន៍​គម្រោង​ថាមពល​ស្អាត​នៅ​អា​មេ​រិ​ក ដែល​ពឹងផ្អែក​លើ​ការ​នាំ​ចូល​បន្ទះ​សូ​ឡា​មាន​តម្លៃ​ថោក​ពី​ប្រទេស​អាស៊ី​គ្នេ​យ៍ ដើម្បី​ទប់​ការ​ចំណាយ​របស់​ពួក​គេ​ផង​ដែរ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយ​រ៉​យ​ទ័​រ​។

បើ​ទោះបីជា ការ​ស៊ើបអង្កេត​មាន​លទ្ធផល​បែប​ណា​ក៏​ដោយ ប៉ុន្ដែ ការ​សម្រេចចិត្ត​របស់​ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​ក ក្នុង​ការ​បើក​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា​ពី​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន​៤ រួម​មាន​ថៃ ម៉ា​ឡេ​ស៊ី វៀតណាម និង​កម្ពុជា​នេះ វា​គឺជា​ជ័យជម្នះ​រួច​ទៅ​ហើយ​សម្រាប់​ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា Auxin Solar ដែល​ជា​ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា​ដែល​មាន​អាយុកាល​វែង​ជាងគេ​បំផុត​នៅ​អា​មេ​រិ​ក​។ ដ្បិតថា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សាន​ចូ​ស (San Jose) នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​មួយ​នេះ ទើបតែ​បាន​ស្នើ​សុំ​អាជ្ញាធរ​អា​មេ​រិ​ក​ឲ្យ​បើក​ការ​ស៊ើបអង្កេត​លើ​ការ​នាំ​ចូល​បន្ទះ​សូ​ឡា​នេះ ដោយ​សម្អាង​លើ​ហេតុផល​ថា ក្រុមហ៊ុន​ផលិត​សូ​ឡា​របស់​ចិន​មួយ​ចំនួន​បាន​មក​បើក​អាជីវកម្ម​បន្ទះ​សូ​ឡា នៅ​តាម​ប្រទេស​ទាំង​អាស៊ី​អាគ្នេយ៍ ដើម្បី​នាំ​ចេញ​បន្ទះ​សូ​ឡា​ទៅ​អា​មេ​រិ​ក ដោយ​រួច​ផុត​ពី​ការ​បង់ពន្ធ​របស់​សហរដ្ឋអាមេរិក ព្រោះថា​អា​មេ​រិ​កបាន​ដាក់​ពន្ធ​លើ​បន្ទះ​សូ​ឡា​ពី​ចិន​មក​រយៈពេល​ជិត​មួយ​ទសវត្សរ៍​មក​ហើយ​។

ញត្តិ​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ក្រុមហ៊ុន​Auxin នេះ គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ចុង​ក្រោយបង្អស់​របស់​ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា​របស់​សហរដ្ឋអាមេរិក​មួយ​នេះ ដើម្បី​ទប់ស្កាត់​លំហូរ​បន្ទះ​សូ​ឡា​អាស៊ី ដែល​មាន​តំលៃ​ថោក​មក​ពី​ប្រទេស​តំបន់​អាស៊ី ដោយ​បាន​អះអាង​ថា វា​បាន​ធ្វើ​ឱ្យ​ផលិតផល​របស់​ពួក​គេ​មិន​អាច​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​បាន​។

អ្នកជំនាញ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​បាន​មើលឃើញ​ថា ការ​ស៊ើបអង្កេត​ពី​ករណី​នាំ​ចូល​បន្ទះ​សូ​ឡា​ពី​អាស៊ី​អាគ្នេយ៍​ទៅ​អា​មេ​រិ​ក​នេះ វាន​នឹង​បន្ទច់បង្អាក់​ដល់​ការ​អភិវឌ្ឍ​គម្រោង​ថាមពល​ស្អាត ហើយ​ថែម​ទាំង​ប៉ះពាល់​ដល់​វឌ្ឍនភាព​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden បាន​កំណត់​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើ​អគ្គិសនី​ផលិត​ចេញពី​ប្រេងឥន្ធនៈ​នៅ​ត្រឹម​ឆ្នាំ​២០៣៥ ហើយ​វា​ជា​គោលដៅ​មួយ​ដែល​អាច​ជំរុញ​ឱ្យ​មានការ​ផ្គត់ផ្គង់​បន្ទះ​សូ​ឡា​មាន​រហូត​ដល់​ទៅ​៤០% នៃ​តម្រូវការ​អគ្គិសនី​របស់​អា​មេ​រិ​ក​ពោល​គឺ​កើនឡើង​ពី​អត្រា ៣% ដែល​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​។

អា​មេ​រិ​កបាន​នាំ​ចូល​បន្ទះ​សូ​ឡា​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ថៃ វៀតណាម និង​កម្ពុជា ប្រហែល ៨០%​នៃ​បន្ទះ​សូ​ឡា​ដែល​រំពឹង​ថា​នឹង​ត្រូវ​បាន​ដំឡើង​នៅ​ក្នុង​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​ក្រុម​ឧស្សាហកម្ម​ថាមពល​ស្អាត​របស់​អា​មេ​រិ​ក​។

នាយិកា​ប្រតិបត្តិ​សមាគម​ពាណិជ្ជកម្ម​អា​មេ​រិ​ក​លោកស្រី ហ៊ី​ធឺ ហ្ស៊ី​ឆ​ល់ (Heather Zichal) បាន​និយាយ​ក្នុង​សន្និសីទ​ព័ត៌មាន​ថា ការ​សម្រេចចិត្ត​នេះ​នឹង​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ថាមពលព្រះអាទិត្យ​របស់​សហរដ្ឋអាមេរិក​។ និយាយ​ឱ្យ​ត្រង់​ទៅ​គឺថា ចំណាត់ការ​របស់​ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​ក​ក្នុង​ការ​ផ្តួចផ្តើម​ឱ្យ​មានការ​ស៊ើបអង្កេត​នេះ​ឡើង គឺជា​គ្រោះ​មហន្តរាយ​មួយ​សម្រាប់​ឧស្សាហកម្ម​បន្ទះ​សូ​ឡា​របស់​អា​មេ​រិ​ក​ផ្ទាល់​តែ​ម្ដង ព្រោះថា អា​មេ​រិ​ក​គឺ​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំ​ចូល​បន្ទះ​សូ​ឡា​ដែល​មាន​តម្លៃ​ថោក​ពី​ប្រទេស​នៅ​អាស៊ី​គ្នេ​យ៍​ទាំងនេះ ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​របស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន និង​អនាគត​៕

 អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ចូ បៃដិន ស្នើសភាអនុម័តកញ្ចប់ថវិកាចំនួន ៥,៨ ទ្រីលានដុល្លារ ដើម្បីប្រកួតប្រជែងជាមួយរុស្ស៊ី និងចិន

ព័ត៌មាន
លោក ចូ បៃដិន ក៏ទើបតែបានស្នើសុំឱ្យសភាអាមេរិកអនុម័តកញ្ចប់ថវិកាចំនួនជិត៦ ទ្រីលានដុល្លារ ដើម្បីផ្ដោតទៅលើការប្រកួតប្រជែងជាមួយឥទ្ធិពលទាំងផ្នែ…

GDP របស់វៀតណាមកើនឡើងក្នុងរង្វង់ ៥% នៅត្រីមាសទី១ឆ្នាំ ២០២២

ព័ត៌មាន
ការិយាល័យស្ថិតិទូទៅវៀតណាមបានឱ្យដឹងនៅថ្ងៃអង្គារនេះថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានកើនឡើងក្នុងរង្វង់៥% នៅក្នុងត្រីមាសទី ១ ឆ្នាំ២០២២ បើធៀបន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ