អង្គការសុខភាពពិភពលោក-ជំងឺអុតស្វា

WHO រកឃើញជំងឺអុតស្វាជិត២ម៉ឺនករណីជុំវិញពិភពលោក ក្នុងនោះអឺរ៉ុបមានច្រើនជាងគេ


អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងកាលពីថ្ងៃពុធទី២៧កក្កដាថា មានករណីជំងឺអុតស្វាជិត២ម៉ឺនករណីត្រូវបានរាយការណ៍នៅទូទាំងពិភពលោក ពីប្រទេសចំនួន៧៨ ហើយដែលភាគច្រើននៃករណីទាំងនេះ ត្រូវបានគេរកឃើញនៅតំបន់អឺរ៉ុប។ ថ្មីៗនេះ អង្គការសុខភាពពិភពលោកក៏បានប្រកាសអាសន្នសុខភាពសកល ពាក់ព័ន្ធនឹងការផ្ទុះរាលដាលនៃជំងឺអុតស្វានេះផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រូបតំណាង៖ ជំងឺអុតស្វា
ដោយ

បើតាមអង្គការសុខភាពពិភពលោកដដែល រហូតមកដល់ពេលនេះមាន ៩៨%នៃករណីវិជ្ជមាន​ជំងឺអុតស្វាដែលបានរកឃើញនៅបណ្តា​ប្រទេសក្រៅទ្វីបអាហ្រ្វិក​ជាទីដែលជំងឺនេះត្រូវបានរកឃើញដំបូង គឺកើតនៅលើមនុស្សប្រុស​ដែលបានរួមភេទ​ជាមួយមនុស្ស​ប្រុសដូចគ្នា។

ប្រធានអង្គការសុខភាពពិភពលោក គឺលោកវេជ្ជបណ្ឌិត ដេត្រូស ហ្កេព្រៀលយេស៊ូស(Tedros Ghebreyesus) បានជំរុញឱ្យក្រុមបុរសដែលស្រលាញ់ភេទដូចគ្នា ពិចារណាកាត់បន្ថយចំនួនដៃគូផ្លូវភេទថ្មី និងប្រសិនបើត្រូវផ្លាស់ប្តូរដៃគូមែន គេត្រូវស្វែងយល់លម្អិត​ពីព័ត៌មានសុខភាព​របស់ដៃគូថ្មីនោះ។

ថ្លែងប្រាប់សន្និសីទសារព័ត៌មានពី​ទីក្រុងហ្សឺណែវលោក តេដ្រូសនិយាយថា អុតស្វាជាជំងឺរាតត្បាតដែលអាចបញ្ឈប់បាន ហើយវិធីល្អបំផុតដើម្បីធ្វើវាបាននោះ គឺកាត់បន្ថយហានិភ័យចម្លង តាមរយៈការប៉ះពាល់គ្នា។ នេះជាជម្រើស​​សុវត្ថិភាព​​សម្រាប់​ខ្លួន​ឯង និង​អ្នក​ជុំវិញខ្លួន។

ដោយឡែកលោក ម៉ែក រ៉ាយអិន(Mike Ryan) នាយកផ្នែក​សង្គ្រោះបន្ទាន់របស់ WHO បាននិយាយថា ជំងឺអុតស្វា ឬភាសាអង់គ្លេសហៅថា Monkeypox កំពុងស្ថិតក្នុងដំណើរការប្តូរឈ្មោះ ។ ប្តូរឈ្មោះ​គឺដើម្បីចៀសវាងការយកឈ្មោះនេះ ទៅធ្វើជាអាវុធវាយប្រហារ ឬប្រើជាវិធីរើសអើងពូជសាសន៍។

ទីភ្នាក់ងារអង្គការសហប្រជាជាតិ កំពុងផ្តល់អនុសាសន៍ឱ្យ​មានការចាក់វ៉ាក់សាំង​សម្រាប់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ ក្នុងនោះរួមមាន បុគ្គលិកសុខាភិបាល និងពិសេសបុរសដែលរួមភេទជាមួយនឹងបុរស ហើយដែលមានដៃគូរួមភេទច្រើន។

ទោះយ៉ាងណា ការចាក់វ៉ាក់សាំងតែមួយដូស​មិនទាន់គ្រប់គ្រាន់ទេ។​ អ្នកជំនាញ បានដាស់តឿនថា វាត្រូវចំណាយពេលច្រើនសប្តាហ៍​បន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី២ ដើម្បីបង្កើតប្រព័ន្ធការពារបានយ៉ាងពេញលេញ ដូច្នេះមនុស្សគួរតែចាត់វិធានការប្រុងប្រយ័ត្នបន្ថែមរហូត​ដល់ក្រោយចាក់វ៉ាក់សាំងដូសទី២។

បើតាមរបាយការណ៍ចុងក្រោយមួយរបស់ WHO បាននិយាយថា​ប្រហែល១០ភាគរយនៃអ្នកជំងឺទាំងអស់បច្ចុប្បន្នតម្រូវឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមានអ្នកជំងឺ៥នាក់ក្នុងទ្វីបអាហ្រ្វិកបានស្លាប់។

គួររំឭកបន្តិចថា ជំងឺអុតស្វានេះ ជាបញ្ហាសុខាភិបាលនៅក្នុងផ្នែកខ្លះនៃទ្វីបអាហ្វ្រិកដែលមិនសូវត្រូវបានគេយកចិត្តទុកដាក់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែទើបតែនៅមួយរយៈចុងក្រោយនេះប៉ុណ្ណោះ ករណីបានចាប់ផ្តើមរកឃើញនៅប្រទេសក្រៅតំបន់អាហ្វ្រិកជាបន្តបន្ទាប់ ពោលគឺចាប់ពីខែឧសភាមក។

ជំងឺអុតស្វា អាចបណ្តាលឱ្យមានរោគសញ្ញាស្រាលទៅមធ្យម រួមមានគ្រុនក្តៅ អស់កម្លាំង និងដំបៅលើស្បែក បង្កការឈឺចាប់ តែអាចព្យាបាលបានក្នុងរយៈពេលពីរទៅបីសប្តាហ៍។ ប្រធាន WHO និយាយថា មានវ៉ាក់សាំងដែលត្រូវបានអនុម័តប្រើប្រាស់ស្មើនឹងប្រហែល ១៦លានដូស ប៉ុន្តែមិនទាន់វេចខ្ចប់ត្រឹមត្រូវឡើយ ហើយដែលវាត្រូវការចំណាយពេលច្រើនខែដើម្បីបញ្ចូលទៅក្នុងដូស៕




អត្ថបទបន្ទាប់


បុរសខ្លាំងរដ្ឋចិន ស៊ី ជីនពីងដាក់ផែនការ៥ឆ្នាំទៀត ដោះស្រាយការអភិវឌ្ឍជាតិដែលមិនមានតុល្យភាព

ព័ត៌មាន
ចាប់តាំងពីឆមាសទីពីរឆ្នាំ២០២០មក ប្រទេសចិនមានកំណើនសេដ្ឋកិច្ចម្តងលឿនម្តងយឺត និងបន្តដើរអូសជើងជាមួយកំណើនតិចតួច មិនស្របតាមការប៉ាន់ស្មាន ដោយ…

តើសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ទទួលបានលទ្ធផលផ្លែផ្កាអ្វីខ្លះ?

ព័ត៌មាន
រដ្ឋសភាបានអនុម័តទាំងស្រុងលើរបៀបវារៈចំនួន៥ នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ និងមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ