រកឃើញបុរសជនជាតិនីហ្សេរីយ៉ាម្នាក់វិជ្ជមានជំងឺអុតស្វា

កម្ពុជារំឭកពលរដ្ឋឲ្យការពារខ្លួន ក្រោយរកឃើញបុរសជនជាតិនីហ្សេរីយ៉ាម្នាក់វិជ្ជមានជំងឺអុតស្វា ឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា


ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា បានក្រើនរំឭកដល់ ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ពីជំងឺឆ្លងអុតស្វា ដែលជំងឺនេះ ទើបតែត្រូវបានអង្គការសុខភាពពិភពលោកប្រកាសអាសន្នសុខភាពសាកល បន្ទាប់ពីវាបាននិងកំពុងឆ្លងរាតត្បាតយ៉ាងសកម្មនៅប្រទេសចំនួន៧៥នៅទូទាំងពិភពលោកគិតមកទល់ពេលនេះ។ យ៉ាងណាមិញ កាលពីថ្ងៃទី ២៣ ខែកក្កដា ក្រសួងសុខាភិបាលក៏បានរកឃើញករណីបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ វិជ្ជមានជំងឺអុតស្វានេះ ដែលបានរត់គេចពីប្រទេសថៃ និងបានចូលមកកម្ពុជា។
ជំងឺអុតស្វា

បច្ចុប្បន្ន បុរសបរទេសមានវិជ្ជមានជំងឺអុតស្វារូបនេះ ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូវៀតរាជធានីភ្នំពេញ។ ក្រសួងសុខាភិបាលកម្ពុជា ក៏បានប្រកាសប្រាប់ឲ្យអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិនីហ្សេរីយ៉ា ដែលមានវិជ្ជមានជំងឺអុតស្វាខាងលើនេះ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ពីក្រុមគ្រួសារ និងតាមដានមើលសុខភាពរបស់ខ្លួនឯងជាប្រចាំផងដែរ បើមានអ្វីមិនស្រួលត្រូវទំនាក់ទំនងទៅកាន់អាជ្ញាធរ ឬក្រុមគ្រូពេទ្យជាបន្ទាន់។

មែនទែនទៅ បុរសជនជាតិនីហ្សេរីយ៉ា ដែលមានវិជ្ជមានជំងឺអុតស្វា និងបានធ្វើដំណើរចូលមកកម្ពុជានោះ គឺត្រូវបានធ្វើរោគវិនិឆ្ឆ័យដោយអាជ្ញាធរសុខាភិបាលថៃនូវជំងឺអុតស្វានេះរួចហើយ ប៉ុន្ដែ បុរសនោះបានតត់គេចពីអាជ្ញាធរថៃ តាំងពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ហើយបានធ្វើដំណើរចូលមកក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី ២៣ ខែកក្កដា ហើយក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ជាតិ និងសាលារាជធានីភ្នំពេញ ព្រមទាំងផ្នែកពាក់ព័ន្ធផ្សេងទៀត បានរកឃើញនៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នាយប់ថ្ងៃទី២៣ ខែកក្កដា។ បច្ចុប្បន្នអ្នកជំងឺអុតស្វានេះ ត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរួចរាល់ហើយផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា។

ដើម្បីការពារការចម្លងនៃវីរុសអុតស្វា ក្រសួងសុខាភិបាល បានអំពាវនាវឱ្យអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិនីហ្សេរីយ៉ាទាំងអស់ ដាក់ខ្លួននៅដោយឡែក ហើយស្វែងរកការពិនិត្យសុខភាព ឬជូនព័ត៌មានមកក្រុមគ្រូពេទ្យដែលនៅជិត ឬជូនព័ត៌មានទៅលេខ ១១៥ ដើម្បីទទួលបានការជួយជ្រោមជ្រែង ពិនិត្យសុខភាព ស្វែងរកការចម្លងបន្ត និងដើម្បីចូលរួមកាត់ផ្តាច់ខ្សែចម្លងវីរុសអុតស្វានេះបានទាន់ពេលវេលា។ បន្ថែមពីនេះ ក្រសួងសុខាភិបាល បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធានការការពារការចម្លងវីរុសអុតស្វា ដែលក្រសួងបានចេញសេចក្ដីណែនាំជារឿយៗ ជាពិសេស មិនត្រូវប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ជាមួយសត្វព្រៃ និងត្រូវបរិភោគអាហារដែលឆ្អិនល្អ ព្រមទាំងរក្សាអនាម័យដៃ និងអនាម័យខ្លួនប្រាណឱ្យបានស្អាត ដោយឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល ឬជែល និងស្វែងរកការពិនិត្យព្យាបាលប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវឲ្យមន្ត្រីប្រចាំការនៅច្រកចេញចូលអន្តរជាតិ ត្រូវយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់ នូវអ្នកដំណើរចូលមកកម្ពុជា ប្រសិនបើបុគ្គលមានកន្ទួលរមាស់ ឬចេញពងទឹកនៅលើសរីរាង្គ អមដោយមានគ្រុនក្តៅជាដើម និងរួមមានប្រវត្តិធ្វើដំណើរមកពីបណ្ដាប្រទេសប៉ែកខាងអាហ្វ្រិក ដែលមានកើតជំងឺអុតស្វាបែបអង់ដេមី ត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ។ ប៉ុន្តែ មិនទាន់មានការហាមឃាត់អ្នកដំណើរមកពីប្រទេសណាមួយ ចូលមកកម្ពុជានោះទេ គ្រាន់តែមានការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពអ្នកដំណើរចូលមកកម្ពុជាតែប៉ុណ្ណោះ។

សូមជម្រាបថា ស្របពេលដែលកម្ពុជា បានរកឃើញករណីជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលអាជ្ញាធរថៃបានធ្វើរោគវិនិច្ឆ័យថាមានជំងឺអុតស្វាហើយបានរត់គេចខ្លួនចូលមកកម្ពុជានោះ អង្គការសុខភាពពិភពលោក (WHO) ក៏បានប្រកាសដាក់ភាពអាសន្នសុខភាពសាធារណៈនៃជំងឺរាតត្បាតអុតស្វានៅលើសាកលលោកនេះដែរ។

បច្ចុប្បន្ន ជំងឺអុតស្វានេះ បានឆ្លងរកឃើញករណីឆ្លងសរុបជាង១ម៉ឺន៦ពាន់នាក់ហើយ នៅក្នុងប្រទេសចំនួន៧៥ ហើយនៅតំបន់អាស៊ាននេះ គឺចំនួន៣ហើយ ដែលរកឃើញករណីឆ្លងជំងឺអុតស្វានេះ រួមមានប្រទេសថៃ សិង្ហបុរី រួមទាំងកម្ពុជា៕




អត្ថបទបន្ទាប់


អ្នកជំនាញ៖ ឆ្នាំ២០២៥ ការផ្គត់ផ្គង់ខុនដូរនឹងមានជិត៨ម៉ឺនយូនីត ខណៈទីផ្សារនេះកំពុងចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋវ័យក្មេង

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យអះអាងថា ទីផ្សារខុនដូនៅកម្ពុជា នៅតែមានសកម្មភាពទិញលក់ជាហូរហែ ទោះបីជាស្ថិតនៅក្នុងបរិបទកូវីដ១៩ក្ដី ពោលគឺ អត…

រុស្ស៊ីផ្លោងមីស៊ីលសម្ដៅកំពង់ផែអូដេសារបស់អ៊ុយក្រែន ខណៈក្រុងកៀវចោទម៉ូស្គូចង់បំផ្លាញកន្លែងស្តុកស្រូវសាលី

ព័ត៌មាន
កិច្ចព្រមព្រៀងបើកឱ្យនាំចេញស្បៀងអាហាររបស់អ៊ុយក្រែន ទើបតែចុះហត្ថលេខារួចមិនបានប៉ុន្មានថ្ងៃផង ឥឡូនេះ ភាគីរុស្ស៊ីបានបាញ់មីស៊ីលវាយប្រហារលើកំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ