ផលិតផល​កសិកម្ម​នាំចេញ

កម្ពុជា មានសមត្ថភាព ផ្គត់ផ្គង់ផ្លែស្វាយទៅចិន កន្លះលានតោន ក្នុងមួយឆ្នាំ បើមានកិច្ចព្រមព្រៀងបើកផ្លូវ នៅដើមឆ្នាំ ២០២០


បើមិនមានអ្វី ប្រែប្រួលទេ ផ្លែស្វាយរបស់កម្ពុជា អាចនាំចេញទៅកាន់ប្រទេសចិន បន្ទាប់ពីមានការចុះកិច្ចព្រមព្រៀងរួមគ្នា រវាងភាគីចិន និងកម្ពុជា នៅដើមឆ្នាំ ២០២០ខាងមុខ។ ផ្លែស្វាយរបស់កម្ពុជា ត្រូវបានគេដឹងថា មានសក្ដានុពលក្នុងការផ្គត់ផ្គង់នាំចេញទៅកាន់ទីផ្សារចិន ប្រមាណ ៥០ម៉ឺនតោន ជារៀងរាល់ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី ២៣ តុលា ឆ្នាំ២០១៩នេះ។
តើផ្លែស្វាយកម្ពុជា អាចនាំចេញទៅកូរ៉េខាងត្បូង នៅឆ្នាំនេះ ដូចការរំពឹងទុកទេ? (រូបភាព៖ ហ្វេសបុក​ក្រសួង​កសិកម្ម)
ដោយ

ស្ថានទូតចិន ប្រចាំ​កម្ពុជា បាន​អះអាង​នៅលើ​ទំព័រហ្វេសបុក​ផ្លូវការ​របស់ខ្លួន​កាលពីថ្ងៃទី ២៣ តុលា យ៉ាងដូច្នេះថា «ប្រសិនដំណើរការ​បានយ៉ាងរលូន និងជោគជ័យ នាដើមឆ្នាំក្រោយ​ខាងមុខនេះ ប្រទេសចិន និងកម្ពុជា នឹង​មានការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្ដីអំពី ការនាំចេញ​ផ្លែស្វាយ​ពីកម្ពុជា ទៅកាន់ប្រទេសចិន»។

ស្ថានទូតចិន ប្រចាំកម្ពុជា បាន​គូសបញ្ជាក់ទៀតថា ប្រទេសកម្ពុជា មានសក្ដានុពល​ក្នុងការនាំចេញ​ផ្លែស្វាយ ជាង ៥០ម៉ឺនតោន ទៅកាន់​ប្រទេសចិន​ជារៀងរាល់ឆ្នាំ ហើយប្រទេសចិន នឹង​បើកចំហទីផ្សារ​ជូនដល់​កឲផលិតផលកសិកម្ម​កម្ពុជា​កាន់តែច្រើនទៀត នៅពេលខាងមុខ។

នៅរយៈពេល​ជាង ៩ខែឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញ​ផ្លែស្វាយជាង ៤,៤ ម៉ឺនតោន ទៅកាន់​ទីផ្សារប្រទេស វៀតណាម ថៃ និងសិង្ហបុរី។ នេះបើយោងតាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ។ 

គួរបញ្ជាក់ដែរថា ផ្លែស្វាយ​របស់កម្ពុជា ក៏រំពឹងថា អាចនឹង​ធ្វើការនាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​កូរ៉េខាងត្បូង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះដែរ បន្ទាប់ពី​បាន​អូសបន្លាយ​ពេល​អស់មួយរយៈ ដោយសារតែ​បញ្ហា​បច្ចេកទេស។ 

កសិករ ដាំស្វាយ មានក្ដីសង្ឃឹមជាងមុន និងសាទរ​ចំពោះ ដំណឹង​នេះ និងរំពឹងថា ​កិច្ចព្រមព្រៀងនាំចេញ​ផ្លែស្វាយទៅចិន​​នេះ នឹងត្រូវបាន​ចុះហត្ថលេខា នៅដើម​ឆ្នាំក្រោយ​ ដូចការ​លើកឡើងមែនទៅចុះ។

កាលពី​ដើម​ឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជា​ក៏ទើបតែ​ទទួលបាន​ការអនុញ្ញាតនាំចេញ​ចេក​អំបូងលឿង​ទៅកាន់​ទីផ្សារ​ប្រទេសចិនផងដែរ។ បើតាមរបាយការណ៍ ពីក្រសួង​កសិកម្ម នៅ​នៅ៩ខែ ២២ ថ្ងៃ នៃឆ្នាំ២០១៩ កម្ពុជា​នាំចេញ​ផ្លែចេក​បាន​ជាងជិត ១២ម៉ឺនតោន ទៅកាន់ទីផ្សារ​គោលដៅ​សំខាន់​ចំនួន ៣ គឺប្រទេសចិន វៀតណាម និងជប៉ុន។

ក្រៅពី ផ្លែស្វាយ កាលពីពេលកន្លងទៅនេះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បាន​ស្នើ​ដល់ភាគីចិន អនុញ្ញាតឲ្យកម្ពុជាអាច​នាំចេញ​ផលិតផល​កសិកម្ម​ជាច្រើន​មុខទៀត​ទៅកាន់ប្រទេសចិន ដូចជា​ តាង៉ែន ស្រកានាគ ដូង ម្រេច និងទឹកមាត់ត្រចៀក​កាំ​ជាដើម។ 

របាយការណ៍ ពីក្រសួង​កសិកម្ម បាន​ឲ្យដឹងដែរថា ក្នុងរយៈពេល ៩ ខែ ២២ ថ្ងៃ នៃ​ឆ្នាំ២០១៩ នេះ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​​ដែលបានកែច្នៃរួច និងមិនទាន់កែច្នៃ ជាង ១០មុខទំនិញ​ទៅកាន់ទីផ្សារ​ក្រៅប្រទេស​ក្នុងតំបន់​អាស៊ី និងអឺរ៉ុប ដោយមានបរិមាណសរុបជាង ៥លានតោន។

ក្នុងនោះ កសិផល ដែលបាន​នាំចេញតាម​ច្រកចេញចូល​តែមួយជាង ៣លានតោន និងការនាំចេញ​ស្រូវមិនបានឆ្លងកាត់​ច្រកចេញចូល​តែមួយ​មានជាង ១,៧ លានតោន។

របាយការណ៍ បាន​គូសបញ្ជាក់ទៀតថា ផលិតផលកសិកម្ម​ដែលបាននាំចេញ​ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៩នេះ មានដូចជាអង្ករ​ចំនួន ជិត៤៣ម៉ឺនតោន ក្នុងនោះ ចិនមាន​ចំណែកទីផ្សារ​ច្រើនជាងគេ​ប្រមាណ ៤០ភាគរយ ដែលមាន​បរិមាណអង្ករ ជាង ១៧ ម៉ឺន ៨ពាន់តោន។ ទីផ្សារអឺរ៉ុបមាន​ជាង ១៤,៥ ម៉ឺនតោន ខណៈទីផ្សារ​អាស៊ាន និងទីផ្សារគោលដៅ​ផ្សេងទៀត មានចំនួន​ប្រហាក់​ប្រហែល​គ្នាជាង ៥,៦ម៉ឺន​តោន។

ជាមួយគ្នានេះ ចំណិតដំឡូងមីក្រៀម មានបរិមាណ​នាំចេញ​សរុបជាង ១លានតោន និងដំឡូងមីស្រស់ ជាង ១លានតោនដែរ ត្រូវបាននាំចេញ​ទៅកាន់​ប្រទេសថៃ និងវៀតណាម។ ចំណែក ម្សៅដំឡូងមី វិញ ក៏ត្រូវបាននាំចេញ​ក្នុងបរិមាណ​ជាង ៤ម៉ឺនតោនផងដែរ។

គ្រាប់ស្វាយចន្ទី ត្រូវបាននាំចេញ​ក្នុងបរិមាណ​ជិត ១៧ម៉ឺនតោន គ្រាប់ពោតជាង ១១,៧ ម៉ឺនតោន សណ្តែក​សៀងជាង ២ម៉ឺនតោន ផ្លែចេកជាង ១១ម៉ឺនតោន ផ្លែស្វាយជាង ៤,៤ ម៉ឺនតោន ម្រេចជាង ៣ពាន់តោន បន្លែជាង ១០០តោន និងមុខទំនិញ​នៃដំណាំ​ផ្សេងទៀត​ជាង ២២ម៉ឺនតោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋីចិន Jack Ma គ្រោងនឹងពង្រីកការវិនិយោគក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយបង្កើតមជ្ឈមណ្ឌលភ័ស្តុភារនៅក្នុងប្រទេសថៃ

ព័ត៌មាន
មហាសេដ្ឋីចិន JACK MA ម្ចាស់ក្រុមហ៊ុន Alibaba កំពុងតែធ្វើការចរចាជាមួយ រាជរដ្ឋាភិបាលថៃ លើគម្រោងបង្កើតមជ្ឈមណ្ឌលភ័ស្តុភារ នៅក្នុងប្រទេសថៃ ដើ…

Huawei កំពុងពិចារណាប្រទេសថៃ ធ្វើជាទីផ្សារចម្បង សម្រាប់អភិវឌ្ឍបណ្ដាញប្រព័ន្ធអេកូ 5G

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន គឺ Huawei កំពុងតែពិចារណាជ្រើសយកប្រទេសថៃ ជាទីផ្សារដ៏ធំចម្បងមួយ ដើម្បី ធ្វើការអភិវឌ្ឍបណ្ដាញប្រព័ន្ធ អេកូ 5G…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ