យានយន្ដ

តើរថយន្តមិនបានផ្ទេរកាត់ឈ្មោះនឹងត្រូវរងការផាកពិន័យដែរទេ?


ក្រោយពីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលប្រកាសពីការបន្ធូរបន្ថយនីតីវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត(ការកាត់ឈ្មោះឡាន) មក មានប្រជាពលរដ្ឋជាច្រើនបានសម្រុកទៅសុំផ្ទេរកម្មសិទ្ធិយានយន្តនៅអគ្គនាយកដ្ឋានដឹកជញ្ជូន ព្រោះថាការបន្ធូរបន្ថយនីតិវិធីស្នើសុំផ្ទេរកម្មសិទ្ធិយានយន្តនេះ នឹងត្រូវផុតកំណត់នៅដំណាច់ខែមិថុនានេះហើយ។
តើរថយន្តមិនបានផ្ទេរកាត់ឈ្មោះនឹងត្រូវរងការផាកពិន័យដែរទេ?
ដោយ

មន្រ្តីនៃក្រសួង​សាធារណការ​ប្រាប់​ខេមបូណូមីស​តាម​តេឡក្រាមថា មានពលរដ្ឋ​មួយចំនួនធំ​ មានការ​យល់ច្រលំ​ចំពោះការស្នើ​សុំផ្ទេរ​កម្មសិទ្ធិ​យានយន្ត (ការកាត់ឈ្មោះឡាន) នេះ។ មន្រ្តីរូបនេះ បានបញ្ជាក់ថា «ពាក់ព័ន្ធនឹង​ករណីផ្ទេរ​កម្មសិទ្ធិ​នេះ តាមជា​គោលការណ៍​របស់​ក្រសួង​ដូចជា​មិនមាន​ការកំណត់​ឲ្យប្រជាពលរដ្ឋ លោកត្រូវ​តែធ្វើការ​ផ្ទេរកម្មសិទ្ធិ​ទេ គឺលោកមិន​បាច់ផ្ទេរ​ក៏បានដែរ តែ​ដើម្បី​ឲ្យបាន​សមស្រប​ទៅតាម​នីតិវិធីច្បាប់ មានបញ្ជាក់​មានការ​ទទួល​ខុសត្រូវ ដឹងឭ​ចំពោះ​មុខ​ច្បាប់ ហើយបាន​ចុះបញ្ជី​នៅគល់​បញ្ជីចំពោះ​អ្នកដែល​ជាម្ចាស់​កម្មសិទ្ធិ គឺគាត់គួរ​តែទៅបំពេញ​បែបបទ​ផ្ទេរកម្មសិទ្ធ​ឲ្យហើយ​»។


អានអត្ថបទទាក់ទង៖ តើ​ការបង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្មសិទ្ធិ​យានយន្ត​ ត្រូវ​​ធ្វើដូចម្តេច​ខ្លះ?


នៅពេលដែល​សួរថា តើ​រថយន្ដ​ដែលមិនបា​ន​ទៅផ្ទេរ​កាត់ឈ្មោះនោះ នឹងត្រូវ​រងការផាកពិន័យ​ដែរ ឬយ៉ាងណា? មន្រ្តីជំនាញរូបនេះ​ បានឆ្លើយតប​យ៉ាងដូច្នេះថា « ពាក់ព័ន្ធទៅ​នឹង​​ការផាកពិន័យ ដូចដែល​ខ្ញុំបាន​​បញ្ជាក់​ជូន​អញ្ចឹង គឺមិន​មាន​ការ​ផាកពិន័យទេ តែបើសិន​បច្ចុប្បន្ន​ម្ចាស់រថយន្តហ្នឹង គាត់បើក​ប៉ះពារ​ ឬក៏មានបញ្ហា​អីមួយ មានពាក្យ​បណ្តឹង​ណាមួយ​ទៅលើ​រថយន្ត​គឺគេស្វែង​រកទាំង​ម្ចាស់ដើម​អី​ទាំងអស់ហើយ តែបើយើង​បានផ្ទេរ​ហើយ​វាអត់បញ្ហាទេ តែប្រសិន​យើង​មិនបានផ្ទេរ​ នីតិ​វិធីដោះស្រាយ​នឹងកាន់តែ​វែងឆ្ងាយ​នាំឲ្យខាតពេល​វេលា​យើង»។

បើតាមមន្រ្តីរូបនេះ ការកំណត់​រយៈពេលផ្ទេរ​កម្មសិទ្ធិ​យានយន្ត​ត្រឹមដំណាច់​ខែមិថុនា​នេះ មិនមែន​ជាការកំណត់​សម្រាប់​ការផាកពិន័យ​ដល់អ្នកដែល​មិនបាន​មកកាត់នោះទេ តែជា​ការកំណាត់​ថា ចាប់ពី​ខែកក្កដាទៅ នីតិវិធី​នៃការផ្ទេរ​នឹងវិល​រកធម្មតាវិញ ពោលគឺ រាល់ការផ្ទេរ​កម្មសិទ្ធិ​ចាប់ពី​ខែកក្កដា ឆ្នាំ២០២០ទៅ តម្រូវឲ្យ​មានវត្តមាន​ម្ចាស់ដើម​នៃយានយន្ត​នោះទើប​អាចផ្ទេរបាន។

បើតាម​ក្រសួងសាធារណការ ចំពោះឯកសារ​ដែលប្រជាពលរដ្ឋ​ត្រូវភ្ជាប់ទៅ​ជាមួយ​នៅពេលដាក់ពាក្យ​ស្នើសុំផ្ទេរ​កម្មសិទ្ធិ​យានយន្តរួមមាន៖

-ពាក្យសុំផ្ទេរកម្មសិទ្ធិ(មានផ្ដល់ជូននៅទីតាំងផ្ដល់សេវា)

 -លិខិតទិញលក់ 

-បណ្ណសម្គាល់​យានយន្ត​ច្បាប់ដើម

-លិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណ​របស់​ភាគីទាំង​អ្នកលក់ និងអ្នកទិញ 

-វិញ្ញាបនបត្រត្រួត​ពិនិត្យលក្ខណៈ​បច្ចេកទេសយានយន្ត

-លិខិតស្នើ​សុំពីអង្គភាព ឬស្ថាប័នសាមី (ចំពោះផ្លាកលេខអង្គភាព)

ចំពោះតម្លៃសេវានៃការស្នើសុំផ្ទេរកម្មសិទ្ធិរួមមាន៖

-រថយន្តធុនតូច ឬធុនស្រាល ក្នុងរាជធានីខេត្ត ៤៨.០០០ រៀល

-រថយន្តធុនតូច ឬធុនស្រាល ឆ្លងរាជធានីខេត្ត ១០១.០០០ រៀល

-រថយន្តធុនធំ ឬធុនធ្ងន់ ក្នុងរាជធានីខេត្ត ៦៧.០០០ រៀល

-រថយន្តធុនធំ ឬធុនធ្ងន់ ឆ្លងរាជធានីខេត្ត ១២៥.០០០ រៀល

គួរបញ្ជាក់ថា តម្លៃសេវានេះ គឺមិនទាន់រាប់​បញ្ចូល​តម្លៃពន្ធប្រថាប់ត្រា ៤%នោះទេ ហើយនីតិវិធី​នៃការស្នើសុំ​នឹងត្រូវ​រួចរាល់​ក្នុងរយៈពេល​យ៉ាងយូរ ២ថ្ងៃប៉ុណ្ណោះ ដោយមិនរាប់បញ្ជូល​រយៈពេល​នៃការបង់ពន្ធ​ប្រថាប់ត្រា​នៅពន្ធដារ​នោះទេ។ បើតាមអ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច នីតិវិធី​នៃការស្នើ​សុំបង់ពន្ធ​ប្រថាប់ត្រា ត្រូវចំណាយ​រយៈពេល​ពី ៣ ទៅ៥ថ្ងៃ នៃថ្ងៃធ្វើការ។

ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា ទៅថ្ងៃខាងមុខ ក្រសួងនឹង​សម្រួល​នីតិវិធី​បង់ពន្ធ​ប្រថាប់ត្រា​ ដោយពលរដ្ឋ​អាចនឹងបង់ពន្ធ​នៅកន្លែង​ផ្តល់សេវា​ស្នើសុំផ្ទេរកម្មសិទ្ធិ​យានយន្ត​តែម្តង ដោយមិនចាំបាច់​ទៅអគ្គនាយក​ដ្ឋានពន្ធដារ ឬសាខាពន្ធ​ផ្សេងទៀត​ឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វី​កម្ពុជា​ជំរុញ​ខ្លាំង​លើ​ការអភិវឌ្ឍ​សាងសង់​ព្រលាន​យន្តហោះ​ក្នុង​ស្រុក​ជាច្រើន?

ព័ត៌មាន
បច្ចុប្បន្ន កម្ពុជា​កំពុងតែ​អភិវឌ្ឍ​សាងសង់​ព្រលាន​យន្តហោះ​ថ្មីៗ​ក្នុង​ស្រុក​ជាច្រើន រួមទាំង​បាន​ធ្វើការ​កែ​លម្អ​ព្រលាន​យន្តហោះ​ដែល​មាន​ស្រាប…

វៀតណាម មិនគួរ​រំពឹង​ខ្លាំង​ពេក​ទៅ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អឺរ៉ុបនោះទេ

ព័ត៌មាន
អនុរដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​អះអាង​ថា បើទោះបី​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អឺរ៉ុប ជា​ដំណឹង​ដ៏​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ