ស័យកសិកម្ម និងកសិ-ឧស្សាហកម្ម

មន្ត្រីជាន់ខ្ពស់ CDC ជំរុញឱ្យវិនិយោគិនងាកមកវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មដែលជាវិស័យមានសក្តានុពលខ្ពស់


ស្ថិតក្នុងកាលៈទេសៈដែលស្ថានភាពពិភពលោកនៅមិនទាន់មានភាពច្បាស់លាស់ និងជួបបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជំរុញឱ្យវិនិយោគិនក្នុងស្រុក គិតគូរលើការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មឱ្យបានច្រើន ពីព្រោះវិស័យទាំង២នេះ ក៏ជាវិស័យដែលមានសក្តានុពលខ្លាំងសម្រាប់កម្ពុជានាពេលបច្ចុបប្បន្ន ដោយធ្វើយ៉ាងណាត្រូវបង្កើតបរិយាកាសវិនិយោគក្នុងវិស័យទាំងនេះប្រកបដោយភាពអំណោយផល។
CDC ជំរុញឱ្យវិនិយោគិនងាកមកវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម
ដោយ

ជាមួយគ្នានេះ អ្នកជំនាញនិងអ្នកជំនួញនៅក្នុងវិស័យកសិកម្មក៏បានអះអាងដែរថា វិនិយោគិនគួរងាកទៅវិនិយោគលើអ្វីដែលជាតម្រូវការទីផ្សារ ជាពិសេសគឺផ្នែកផលិតកម្មកែច្នៃ និងការប្រមូលទិញជាដើម ខណៈដែលកម្ពុជាមានផលិតផលវត្ថុធាតុដើមជាច្រើនដែលមានសក្តានុពលសម្រាប់កែច្នៃនិងនាំចេញ។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងកិច្ចពិភាក្សានៃវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ បានគូសបញ្ជាក់ថា ការប្រកួតប្រជែងគឺជារឿងសំខាន់ណាស់នៅក្នុងដំណាក់កាលដែលពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមជាច្រើន។ ដោយឯកឧត្តម បញ្ជាក់ថា កម្ពុជាគួរកែប្រែបញ្ហាឱ្យទៅជាកាលានុវត្តភាព និងដំណោះស្រាយ ហើយកាលានុវត្តភាពដែលសំខាន់នោះ គឺវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដោយវិស័យទាំងពីរនេះមានសក្តានុពលខ្លាំងណាស់នាពេលច្ចុប្បន្ន ខណៈដែលកម្ពុជានៅមានផ្ទៃដីធំទូលាយផងនោះ កម្ពុជាត្រូវធ្វើយ៉ាងណាខិតខំប្រឹងប្រែងដើម្បីធានាលើការផលិត និងផ្គត់ផ្គង់ស្បៀងសម្រាប់តម្រូវការក្នុងស្រុកផង និងសម្រាប់ធ្វើការនាំចេញផងដែរ។ បើតាម ឯកឧត្តម ជា វុទ្ធី កំណើននៃប្រជាជននៅលើពិភពលោកមានការកើនឡើងច្រើន ជាក់ស្តែងនៅឥណ្ឌាបច្ចុប្បន្ន មានកំណើនប្រជាជនលើសចិនទៅទៀត រហូតបានធ្វើឱ្យឥណ្ឌាមានការផ្អាកការនាំចេញអង្ករទៅក្រៅស្រុកផងដែរ។ ការណ៍នេះ វាជាកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ ដូច្នេះហើយវិស័យឯកជនត្រូវតែពង្រឹងលើការកែច្នៃក្នុងស្រុកនេះឱ្យបានច្រើន។

ជាមួយគ្នានេះ ឧកញ៉ា ហ៊ុន ឡាក់ អ្នកជំនាញនិងជាអ្នកវិនិយោគនៅក្នុងវិស័យកសិកម្មកម្ពុជា បានគូសបញ្ជាក់ថា វិនិយោគិនក្នុងស្រុកគួរតែគិតគូរវិនិយោគទៅលើអ្វីដែលជាតម្រូវការទីផ្សារ ជាពិសេសផ្នែកផលិតកម្មកែច្នៃ និងការប្រមូលទិញ ពោលគឺដូចជាការវិនិយោគលើវិស័យស្រូវ និងស្វាយចន្ទីជាដើម ដែលជាផលិតផលកសិកម្មដែលមានសក្តានុពលខ្ពស់សម្រាប់នាំចេញ។ ក៏ប៉ុន្តែផ្ទុយទៅវិញ អ្នកជំនាញកសិកម្មរូបនេះសង្កេតឃើញថា ផលិតផលទាំងពីរនេះត្រូវបានឈ្មួញកណ្តាលនៃប្រទេសជិតខាងកម្ពុជាចូលមកប្រមូលទិញដើម្បីកែច្នៃសម្រាប់នាំចេញទៅវិញ ដ្បិតកម្ពុជានាំចេញតែផលិតផលវត្ថុធាតុដើម ដែលជាហេតុធ្វើឱ្យកម្ពុជាបានបាត់បង់នូវផលចំណេញជាច្រើនពីផលិតផលទាំងនោះ។ ទោះយ៉ាងណា ឧកញ៉ា ហ៊ុន ឡាក់ បានបង្ហាញក្តីរំពឹងថានៅពេលខាងមុខការនាំចេញក្នុងវិស័យកសិកម្មនៅតែមានសញ្ញាជាវិជ្ជមាន ក៏ប៉ុន្តែកម្ពុជាត្រូវមានការប្រយ័ត្នខ្ពស់ ជាពិសេសការនាំចេញទៅចិន ដោយសារប្រទេសនោះកំពុងមានបញ្ហាអតិផរណាទំនិញចុះថោកលើប្រភេទគ្រឿងឧបភោគបរិភោគ ដោយសារបញ្ហាសេដ្ឋកិច្ចមិនល្អនាំឱ្យប្រជាជននៅទីនោះកាត់បន្ថយការចំណាយរបស់ពួកគេ។
សូមជម្រាបថា ឯកឧត្តម ជា វុទ្ធី ក៏បានបញ្ជាក់ដែរថាស្ថិតនៅក្នុងស្ថានភាពពិភពលោកមិនច្បាស់លាស់នាពេលបច្ចុប្បន្ននេះ វិស័យឯកជនត្រូវតែសហការគ្នាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីស្វែងរកកាលានុវត្តភាព និងដំណោះស្រាយ ដោយវិស័យឯកជនទៀតសោតត្រូវហ៊ានលើកឡើងអំពីបញ្ហាប្រឈមដែលខ្លួនបានជួបប្រទះ ដើម្បីលើកទៅរដ្ឋាភិបាលដោយមានការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីដោះស្រាយបញ្ហាទាំងនោះ ដោយធ្វើយ៉ាងណាឱ្យបរិយាកាសវិនិយោគកាន់តែមានភាពអំណោយផលបន្ថែមទៀត ជាក់ស្តែងដូចជាច្បាប់វិនិយោគថ្មីបានផ្តល់ការលើកទឹកចិត្តប្រសើរច្រើនជាងច្បាប់វិនិយោគចាស់ ពិសេសពាក់ព័ន្ធនឹងការទិញចូលនូវធាតុចូលផលិតកម្មដើម្បីយកទៅផលិតផងដែរ៕




អត្ថបទបន្ទាប់


ជប៉ុននិងអាមេរិកកំពុងពិភាក្សាគ្នាអំពីការបង្កើតមីស៊ីលថ្មី ដើម្បីស្ទាក់ចាប់មីស៊ីលលឿនជាងសម្លេងរបស់រុស្ស៊ី ចិន និងកូរ៉េខាងជើង

ព័ត៌មាន
តាមការចុះផ្សាយដោយសារព័ត៌មានជប៉ុនNikkei Asia ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានចាប់ផ្តើមពិភាក្សាលើការអភិវឌ្ឍន៍គម្រោងការរួមគ្នាមួយ ដែលក្រស…

អ្នកឧកញ៉ា លាង ម៉េង៖ យើងមិនអាចវិនិយោគ១០០លានដុល្លារ ហើយខ្ចីបំណុលគេ៨០លានដុល្លារនោះទេ

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវគិតគូឲ្យបានហ្មត់ចត់លើបញ្ហាទីផ្សារនិងចរន្តរំហូរសាច់ប្រាក់របស់ខ្លួន ក៏ដូចជាជៀសវាងវិនិយោគ១០០លានដុល្លារ ហើយខ្ចីបំណុលគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ