វិបត្តិសេដ្ឋកិច្ចស្រីលង្កា

ប្រធានាធិបតីថ្មីស្រីលង្កា ត្រូវចូលមកខ្លួនមកដោះស្រាយបញ្ហាចម្បងៗអ្វីខ្លះ?


ប្រធានាធិបតីស្រីលង្កាដែលទើបតែងតាំងថ្មីលោក Ranil ត្រូវការចរចារពីខ្សែជីវិតហិរញ្ញវត្ថុជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីទប់ទល់វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ប្រទេសនេះតាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨។ ប៉ុន្តែអ្វីកាន់តែលំបាកថែមទៀតនោះ គឺការដោះស្រាយជាមួយម្ចាស់បំណុលធំៗជាពិសេស គឺបំណុលដែលជំពាក់ប្រទេសចិនតែម្ដង។ នេះបើតាមការរាយការណ៍ ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
បញ្ហាចម្បងៗអ្វីខ្លះ ដែលប្រធានាធិបតីថ្មីស្រីលង្កា ត្រូវដោះស្រាយ?

អ្នកនយោបាយជើងចាស់លោក រ៉ានីល ត្រូវ​បាន​សមាជិក​សភា​ស្រីលង្កា​បោះឆ្នោត​ឱ្យ​លោក​ធ្វើ​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​នេះ ដើម្បីជំនួស​លោក​ Gotabaya Rajapaksa ដែលបានភៀសខ្លួនចេញពីប្រទេស និង​បាន​លាលែង​ពី​តំណែង​ ហើយកាលពីថ្ងៃទី ២១កក្កដា​នេះ​ លោក​រ៉ានីល ក៏​ទើបតែ​បាន​ស្បថ​ចូល​កាន់​តំណែង​ថ្មី​​ផង​ដែរ ​នៅ​ចំពេលមាន​​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​​របស់​ប្រទេស​នេះ​។

ប៉ុន្ដែ នៅថ្ងៃសុក្រនេះ ចំពេលដែលមានលោក​ប្រធានាធិបតី​ថ្មី​ត្រូវចូលមកធ្វើការ​នៅការិយាល័យនោះ គេឃើញមាន​ការដាក់ពង្រាយ​កងកម្លាំងសន្ដិសុខយ៉ាងច្រើន នៅក្នុងទីក្រុងកូឡំបូ ដើម្បីត្រៀមទប់ទល់នឹងបាតុភាពណាមួយកើតឡើង ដោយ​ទង្វើនេះ ត្រូវបានគេមើលឃើញថា លោករ៉ានីល អាចនឹង​មានការចេញបញ្ជា​ឲ្យមានការបង្ក្រាប​លើការតវ៉ាប្រឆាំងនឹងលោក នៅថ្ងៃដំបូង​នៃការកាន់តំណែង​ប្រធានធិបតីផ្លូវការនោះ។

គេនៅចាំបានថា កាល​ពី​ពេល​មាន​ការ​ផ្ទុះ​ឡើង​​នៃ​ការ​តវ៉ា​​ប្រឆាំង​​​រដ្ឋាភិបាល​​លោក រ៉ានីល បាន​កាន់​តំណែង​ជារដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ ​និង​ជា​នាយក​រដ្ឋ​មន្ត្រី​​ដោយ​បាន​បំពេញ​ការ​ងារ​ធ្វើ​ការ​ចរ​ចា​​ជា​មួយ​មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​ (IMF) ដើម្បី​ស្វែង​រក​មូល​និធិ​ដោះ​ស្រាយ​វិបត្តិ​សេដ្ឋ​កិច្ច​របស់​ប្រទេស​នេះ​ ហើយ​ពេល​នេះ​លោក​​នឹង​បន្ត​ភារ​កិច្ច​នេះ​ក្នុងតំណែង​ជា​ប្រធានា​ធិបតី​ថ្មី​ជា​បន្ត​ទៀត​។​​​

ខណៈ​ដែល​ភាពចលាចលសាធារណៈកាន់តែក្តៅគគុក​នោះ​ រដ្ឋាភិបាល​របស់​លោករ៉ានីល បាន​ប្រឹង​ប្រែងយ៉ាង​ខ្លាំង ​ដើម្បីចរចាកិច្ចព្រមព្រៀងជាមួយ​មូល​និធិ​ IMF។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅ​រដ្ឋ​ធានី​​កូឡុំបូ​បានកើនឡើង​ ៥៥% ​ក្នុងខែមិថុនា ឆ្នាំ​នេះ​ ខណៈដែលសាធា​រណជន​ជួបកង្វះខាតសម្ភារៈ​សំខាន់ៗ​​រួម​មាន​​​ប្រេងឥន្ធនៈ ថ្នាំពេទ្យ និងអាហារ​ជា​ដើម​។

ប្រទេសស្រីលង្កាបាន​ខក​ខាន​​សង​បំណុលបរទេស​កាលពីខែឧសភា ហើយ​ការរៀបចំ​រចនា សម្ព័ន្ធបំណុល​ឡើង​វិញ គឺ​ជា​បុរេ​លក្ខខណ្ឌ​​មួយ​​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​​​មូលនិធិសង្គ្រោះបន្ទាន់​។ ប៉ុន្តែ ​បុរេ​លក្ខខណ្ឌ​​នេះ​​​ទាមទារ​ឱ្យ​មានការ​ចរចា​​ជាមួយ​ប្រទេស​​ចិន​​ជា​មុន​សិន​ ដែលជា​​ឧបសគ្គ​ដ៏ធំ​បំផុតមួយ ​​ព្រោះ​វា​មិន​​បង្ហាញ​​​ច្បាស់លាស់​ថា ​​តើ​​ស្រីលង្កា​​​ជំពាក់​ចិន​​ប៉ុន្មាន​នោះ​ទេ​​។

ទិន្នន័យផ្លូវការពីក្រសួង​ហិរញ្ញវត្ថុ​ស្រីលង្កា​​បង្ហាញថា ស្រីលង្កា​ជំពាក់​បំណុល​ចិន​​ត្រឹមតែ​ប្រហែល ១០​% នៃបំណុលក្រៅប្រទេស​​សរុប​​ចំនួន ៣៥.១ ពាន់លានដុល្លារ​របស់​ប្រទេស​នេះ​គិត​ត្រឹម​ចុង​​ខែមេសា ឆ្នាំ២០២១​។​ ប៉ុន្តែអ្នកសង្កេតការណ៍មួយចំនួនគិតថា តួលេខនេះអាច​គិត​ត្រឹម​តែបំណុល​រវាង​រដ្ឋាភិបាល ​និង​រដ្ឋាភិបាល​ប៉ុណ្ណោះ។​

របាយការណ៍ដែលបានចេញផ្សាយកាលពីខែមិថុនា​ដោយសេដ្ឋវិទូស្រីលង្កា ២ នាក់​បាន​​ផ្តល់រូប​ភាពខុស​ពី​នេះដោយ​អះ​អាង​ថា ប្រសិន​បើ​គេ​បូក​រួម​ទាំង​បំណុលសាធារណៈ និង​ការធានាជាសាធារណៈ​ ដែល​រួមបញ្ចូល​ទាំង​ការផ្តល់ប្រាក់កម្ចីពាណិជ្ជកម្មដល់រដ្ឋាភិបាល និងប្រាក់កម្ចីដល់​សហគ្រាស​រដ្ឋ​​ស្រីលង្កា​ដែរ​នោះ ​គឺ​ស្រីលង្កា​បាន​ជំពាក់​​ប្រទេសចិន​សរុប​ចំនួន​ ២០​% នៃ​បំណុល​បរ​ទេស​សរុប​គិត​ត្រឹម​ចុង​ឆ្នាំ​មុន​។​

សមាមាត្រនោះ​បាន​កើន​លើសពី​ប្រភពបំណុលបរទេស​ផ្សេង​ទៀត ​ក្រៅពីមូលបត្របំណុល​អធិបតេយ្យ​​អន្តរជាតិ​​ដែលមាន​ចំនួន​​ ៣៦% នៃចំនួនបំណុល​សរុប​​​ ប៉ុន្តែ​បំណុល​នោះ​បាន​កើន​ឡើង​នៅ​ក្នុងចំណោមម្ចាស់​បណ្ណ​បំណុល​ផ្សេងៗ​ ហើយ​ប្រសិន​បើ​ប្រៀបធៀប​ទៅ​ ​ឃើញ​ថា ស្រីលង្ការ​មាន​ជំពាក់​​​ធនាគារអភិវឌ្ឍន៍​អាស៊ី ១៥% ​ជំពាក់​ធនាគារពិភពលោក ​១០% និងជំពាក់​បំណុល​ជប៉ុន ៩% នៃបំណុលបរទេសរុប។​

ទោះ​យ៉ាង​ណា​​ប្រទេសចិនបានផ្តល់ជំនួយមនុស្សធម៌ចំនួនតិចតួចដល់ស្រីលង្កា ​ហើយ​សូម្បី​តែ​សំណើរបស់រដ្ឋាភិបាល​ក្រុង​កូឡុំបូ​សុំ​ជំនួយឥណទានចំនួន ២.៥ ពាន់លានដុល្លារក៏​រដ្ឋា​ភិបាល​ក្រុង​ប៉េកាំង​​​បានផ្ដល់ជូន​​​ទាំង​ទើស​ទាល់​​ផង​ដែរ​។​

លោក Alan Keenan ទីប្រឹក្សាជាន់ខ្ពស់នៅ​ក្រុម​ដោះ​ស្រាយ​វិបត្តិអន្តរជាតិ​​បាននិយាយ​​ថា ស្រីលង្កានៅតែមាន​ប្រយោជន៍សម្រាប់​ប្រទេសចិន​ ​ប៉ុន្តែរឿងផ្សេង​ទៀត ក៏​សំខាន់​ផង​ដែរសម្រាប់​ចិន ​​ជាពិសេស ប្រទេស​ម្ចាស់បំណុល​ដ៏ធំមួយនេះ ​មិនចង់បង្កើត​គម្រូ​​​នៅប្រទេសស្រីលង្កា​ពី​​ការ​​បន្ធូរ​បន្ថយ​បំណុលបំណុលនោះឡើយ ព្រោះបារម្ភថា ​​ប្រទេសដែលជំពាក់បំណុលចិន​ផ្សេង​ទៀត​អាច​យក​ជា​គម្រូក្នុង​ការ​​​ស្នើសុំ​​បែប​នេះ​ដែរ។

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ទីបំផុតកំពង់ផែសមុទ្រខ្មៅអ៊ុយក្រែនត្រូវបើកដំណើរការឡើងវិញជាផ្លូវការហើយ

ព័ត៌មាន
ប្រភពព័ត៌មានពីខុទ្ទកាល័យប្រធានាធិបតីទួរគី ដែលតែងដើរតួនាទីជាអ្នកសម្របសម្រួលលើកិច្ចការចរចារបស់ភាគីជម្លោះរុស្ស៊ី និងអ៊ុយក្រែន បានឱ្យដឹងកាល…

លោកពូទីនពិភាក្សាអំពីទីផ្សារប្រេងជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ក្រោយការបរាជ័យរបស់អាមេរិកនៅសប្តាហ៍មុន

ព័ត៌មាន
វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត លោកម៉ូហាមេដ ប៊ីន សាលមេន (Mohammed …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ