គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត

ចិនប្រកាសគាំទ្រពេញទំហឹងចំពោះគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត


នាយកដ្ឋានមូលធនបរទេសនិងការវិនិយោគក្រៅប្រទេសនៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទេសចិន បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត។ ក្រោយបង្ហាញការគាំទ្រគម្រោងនេះ ភាគីចិនក៏បានចាត់តាំងក្រុមការងារបច្ចេកទេសដើម្បីចូលរួមសហការជាមួយភាគីកម្ពុជា ក្នុងការអនុវត្តការងារបច្ចេកទេសពាក់ព័ន្ធក្នុងជំហានបន្ទាប់។ នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។
ចិនប្រកាសគាំទ្រពេញទំហឹងចំពោះគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត រូបភាព៖ MPWT

ជុំវិញការស្នើឱ្យបង្កើតក្រុមការងារបច្ចេកទេសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានផ្តល់ការឯកភាព នឹងមានការចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីស្ថាប័នពាក់ព័ន្ធ ផងដែរ។

លោក ZHANG Zhiqing អនុប្រធាននាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទសចិន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ នៅក្នុងកិច្ចប្រជុំខាងលើនេះ ភាគីចិនបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ និងបានចាត់តាំងក្រុមការងារបច្ចេកទេសដើម្បីចូលរួមសហការជាមួយភាគីកម្ពុជា ក្នុងការអនុវត្តការងារបច្ចេកទេសពាក់ព័ន្ធក្នុងជំហានបន្ទាប់។ ជាមួយគ្នានេះ ភាគីចិនក៏បានផ្តល់ការពន្យល់លម្អិតអំពីយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ដោយបានបញ្ជាក់ថា ការបង្កើតក្រុមការងារបច្ចេកទេស គឺជាការងារអាទិភាព។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីគម្រោងធំៗ ចំនួន៣ ដាក់ជូនទៅគណៈប្រតិភូចិន ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយហិរញ្ញប្បទាន ផងដែរ ដែលក្នុងនោះមានដូចជា ទី១៖ គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC។ ទី២៖គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុន Shanghai Construction Group Co.,Ltd និង ទី៣៖ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd។

ជាការឆ្លើយតប លោក ZHANG Zhiqing បានជម្រាបថា ចំពោះគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ និងគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប កំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យលទ្ធភាព និងធ្វើការវាយតម្លៃ។ ដោយឡែក ចំពោះគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ភាគីចិនស្នើសុំពេលវេលា ដើម្បីយកលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព ដាក់ទៅស្ថាប័នជំនាញពាក់ព័ន្ធពិភាក្សាឱ្យបានលម្អិតស៊ីជម្រៅ ដើម្បីបានជាមូលដ្ឋានក្នុងការឆ្លើយតបត្រឡប់មកវិញ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាជាពិសេសលើគម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត ដើម្បីពន្លឿនគម្រោងមួយនេះឱ្យលេចឡើង ស្របតាមអនុសាសន៍ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត៖ ពិភពលោកបច្ចុប្បន្នយកមនោគម និងនយោបាយដឹកមុខ ភ្លេចគិតពីសេដ្ឋកិច្ច និងជីវភាពប្រជាជន

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថា ពិភពលោកបច្ចុប្បន្នកំពុងយកនយោបាយនិងមនោគមវិជ្ជានាំមុខ ដោយភ្លេចគិតពីបញ្ហាសេដ្ឋកិច្ច ន…

មន្ត្រីចារកម្មអាមេរិកថា កូរ៉េខាងជើងនឹងមិនបាញ់សាកល្បងនុយក្លេអ៊ែរ ក្នុងអំឡុងសមយុទ្ធអាមេរិក-កូរ៉េខាងត្បូងទេ

ព័ត៌មាន
បើតាមប្រធានទីភ្នាក់ងារចារកម្មនៅក្រសួងការពារជាតិអាមេរិកបាននិយាយកាលីថ្ងៃពុធ ទី ២២ មីនា ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ហាក់មិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ