ដំណាំស្វាយចន្ទី

កម្ពុជា រកចំណូលបានជាង៨០០លានដុល្លារ ពីការលក់គ្រាប់ស្វាយចន្ទីឆៅក្នុងរយៈពេល៩ខែ


ប្រធានសមាគមស្វាយចន្ទីកម្ពុជា អះអាងថា វៀតណាមនៅតែជាទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីឆៅធំជាងគេរបស់កម្ពុជា ពោលគឺមានរហូតដល់៩៥%ឯណោះ ខណៈ៥%ទៀត ត្រូវបានកែច្នៃដោយសិប្បកម្មក្នុងស្រុក។ បើតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា នៅ៩ខែឆ្នាំនេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារប្រទេសវៀតណាមជាង៦១ម៉ឺនតោន ធ្លាក់ចុះជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដំណាំស្វាយចន្ទី
ដោយ

លោក អួន សីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា នៅ៩ខែឆ្នាំ២០២៣ នេះ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីឆៅបានជិត៦៤ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាម បានជាង៦១ម៉ឺន៣ពាន់តោន គិតជាទឹកប្រាក់មានជាង៨រយលានដុល្លារ ថយចុះជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ការនាំចេញធ្លាក់ចុះនេះ ត្រូវបានប្រធានសមាគមរូបនេះ អះអាងថា គឺដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យទិន្នផលស្វាយចន្ទីមានការធ្លាក់ចុះ។ បើទោះបីបរិមាណនាំចេញគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះក្តី ប៉ុន្តែតម្លៃគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះហាក់មានស្ថានភាពល្អប្រសើរជាងឆ្នាំមុន ពោលគឺតម្លៃគ្រាប់ស្វាយចន្ទីស្ងួតនៅខែកញ្ញា មានតម្លៃពី៧ពាល់រៀល ទៅ៧ពាន់៥រយរៀលក្នុងមួយគីឡូក្រាម ឬស្មើនឹង១ពាន់៩រយដុល្លារ ក្នុងមួយតោន មានការកើនឡើងបន្តិចបន្តួចបើ់ធៀបនឹងឆ្នាំមុន។

បើតាមប្រធានសមាគមស្វាយចន្ទីរូបនេះ គ្រាប់ស្វាយចន្ទីឆៅកម្ពុជា ប្រមាណ៩៥% ត្រូវបាននាំចេញទៅប្រទេសវៀតណាម សម្រាប់កែច្នៃយកទៅលក់បន្ត ខណៈមានតែ៥%ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃដោយសិប្បកម្មក្នុងស្រុក។ ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកនៅមានកម្រិតនេះ ត្រូវបានលោក អួន ស៊ីឡុត អះអាងថា គឺដោយសារសមត្ថភាពផលិតនៅមានកម្រិត និងកង្វះចំណេះដឹង និងជំនាញសម្រាប់ការអភិវឌ្ឍឧស្សាហកម្មសិប្បកម្មដល់ការកែច្នៃចំណីអាហារប្រកបដោយស្តង់ដារសុវត្ថិភាពសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងខ្វះទុនបង្វិលសម្រាប់ទិញគ្រាប់ស្តុកទុកដើម្បីកែច្នៃ គួបផ្សំមិនទាន់មានការលើកទឹកចិត្តលើផ្នែកពន្ធដាជាដើម។ យ៉ាងណាមិញអ្នកជំនាញរូបនេះស្នើឱ្យមានការបន្ធូរបន្ថយនូវលក្ខខណ្ឌកម្ចីមួយចំនួនពីធនាគាររដ្ឋ និងឯកជន ដើម្បីឱ្យខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទីនៅកម្ពុជាមានការអភិវឌ្ឍទៅមុខបានលឿន។ បន្ថែមលើនេះ លោក ក៏ចង់ឱ្យមានការបន្ធូរបន្ថយផ្នែកពន្ធដារមួយចំនួនសម្រាប់សហគ្រាសក្នុងស្រុក ពិសេសក្នុងវិស័យស្វាយចន្ទីផងដែរ។

យោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានកាប់ដើមស្វាយចន្ទីចោលប្រហែល១០ម៉ឺនហិកតា ប៉ុន្តែក្នុងនោះក៏មានការដាំឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ៧០ម៉ឺនហិកតាប៉ុណ្ណោះ ខណៈនៅឆ្នាំ២០២១ មានប្រមាណ៨០ម៉ឺនហិកតា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ីស្រាអែល និងហាម៉ាស សាចទឹកដាក់គ្នាជុំវិញការវាយប្រហារលើមន្ទីរពេទ្យនៅ Gaza

ព័ត៌មាន
មនុស្សប្រមាណ៥០០នាក់ ត្រូវបានស្លាប់នៅក្នុងការវាយប្រហារមួយក្នុងមន្ទីរពេទ្យនៅតំបន់ Gaza កាលពីថ្ងៃអង្គារ ដោយមន្ត្រីអ៊ីស្រាអែល និងក្រុមហាម៉ាស ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ