គម្រោងលុបបឹង​ក្នុងទីក្រុងរណប​ហ្គ្រេនភ្នំពេញ

តំណាងសហគមន៍រស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ បញ្ជាក់ជំហរប្រឆាំងដាច់ខាត ចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលគ្រោងលុបបឹង


តំណាងសហគមន៍រស់នៅក្នុងបុរីទីក្រុងរណបហ្គ្រេនភ្នំពេញ បានបញ្ជាក់ជាថ្មីម្ដងទៀតរបស់ខ្លួនថា ពួកគេនៅតែមានគោលជំហរប្រឆាំងដាច់ខាតចំពោះ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលមានផែនការនឹងលុបបឹង (ស្រះទឹក) ក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញនោះ ដោយពួកគេបានចោទប្រកាន់ថា ក្រុមហ៊ុន ជីប ម៉ុង កំពុងកែប្រែប្លង់គោលដើម របស់គម្រោងទីក្រុងរណបមួយនេះ។
តំណាងសហគមន៍រស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ បញ្ជាក់ជំហរប្រឆាំងដាច់ខាតចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលគ្រោងលុបបឹង

ការតវ៉ា​ រវាង​តំណាង​សហគមន៍​រស់នៅ​ក្នុងទីក្រុងរណប​ហ្គ្រេន​ភ្នំពេញ និងក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាម្ចាស់ថ្មី របស់​ទីក្រុងរណបនេះ នៅតែបន្ដឆេះក្ដៅ​នៅឡើយ​ ដោយមិនទាន់​មាន​ការសម្រប​សម្រួល​ណាមួយ ពីស្ថាប័នពាក់ព័ន្ធ​នៅឡើយទេ គិតត្រឹម​ថ្ងៃទី ២៥ ខែកញ្ញានេះ ខណៈដែល​ខាងតំណាង​សហគមន៍ អ្នកតវ៉ា បាន​ដាក់ស្នើសុំ​អន្តរាគមន៍​ទៅកាន់​ក្រសួងពាក់ព័ន្ធ​រួចរាល់​អស់ហើយ។

បើតាម តំណាង​សហគមន៍ អ្នករស់នៅក្នុង​ទីក្រុង​រណប​ហ្គ្រេន​ភ្នំពេញ ដែលបានចេញមុខ​តវ៉ា នឹងគម្រោង​លុប​ស្រះទឹក​នៅក្នុងទីក្រុងរណបនេះ បាន​ឲ្យដឹងថា មកដល់ពេលនេះ ខាង​ក្រុមហ៊ុន ជីប ម៉ុង បាន​យក​សំណាញ់​មកបាំង​ស្រះទឹក​ ដោយគ្រោងនឹង​លុប​តាម​ការ​បញ្ជាក់​របស់ក្រុមហ៊ុន បើទោះបី ពលរដ្ឋ​រស់នៅក្នុង​សហគមន៍ មានការ​តវ៉ាជំទាស់​យ៉ាងណាក្ដី។ 

រូបប្លង់មេដើម (រូបលើ) និងប្លង់មេថ្មី​របស់ក្រុមហ៊ុន​ជីប ម៉ុង (រូបក្រោម)

យ៉ាងណាមិញ នៅថ្ងៃទី ២៥ ខែកញ្ញានេះ ខាង​តំណាង​សហគមន៍​អ្នកតវ៉ា​គម្រោង​លុប​ស្រះទឹកនេះ បាន​នាំគ្នា​ស្នើសុំ​ ទៅកាន់ក្រុមហ៊ុន ជីប ម៉ុងឲ្យ​ផ្អាក​សកម្មភាព​រៀបចំ​ហ៊ុមព័ទ្ធបឹង (ស្រះទឹក) នេះហើយដែរ។ ដោយ​ក្នុង​លិខិតនេះ បាន​ស្នើទៅកាន់​លោកឧកញ៉ា លាង ឃុន និងលោកឧកញ៉ា លាង ម៉េង ដែលជា​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង។

លោក អ៊ិន ចាន់នី ជាអ្នកតំណាង​ឲ្យពលរដ្ឋ​ចំនួន ១៤០នាក់ ដែលរស់នៅ​ក្នុងបុរី​ទីក្រុងរណប​ហ្គ្រេន​ភ្នំពេញ បាន​បញ្ជាក់ថា កាលពីលោក ក៏ដូចជា​​ពលរដ្ឋ​ដែលកំពុង​រស់នៅក្នុង​សហគមន៍​នៃទីក្រុងរណប​ហ្គ្រេនភ្នំពេញ បាន​ទិញផ្ទះ​នៅក្នុងគម្រោងនេះ ដោយមានផ្អែក​ទៅតាម​ប្លង់មេ​ឆ្នាំ២០០៦ ដល់ឆ្នាំ២០១៩ ដែលក្រុមហ៊ុន​YLP CIPUTRA (ម្ចាស់ចាស់​ទីក្រុងរណប​ហ្គ្រេនភ្នំពេញ) បាន​ប្រកាសលក់​ ដោយក្នុង​ប្លង់មេ មាន​ស្រះទឹក កន្លែង​វាយកូនហ្គោល និងសួនច្បារធំទូលាយ។ លោកបន្ថែមថា ផ្ទះដែលបាន​ដាក់លក់​នៅតាមក្បែរ​មាត់ស្រះទឹកនោះទៀតសោត ក៏មាន​តម្លៃខ្ពស់​ណាស់ដែរ។

នៅខែ តុលា ឆ្នាំ២០១៩ ក្រុមហ៊ុន YLP CIPUTRA បានលក់ ប្រតិបត្តិការ និងទ្រព្យសម្បត្តិ​ទាំងអស់​នៅក្នុង​ទីក្រុងរណប​ហ្គ្រេន​ភ្នំពេញ​នេះ ទៅឲ្យ​ក្រុមហ៊ុន​ជីប ម៉ុង លែន ដើម្បីអភិវឌ្ឍបន្ដ។

បើតាម​លោក អ៊ិន ចាន់នី កាលពីអំឡុង​ខែ កក្កដាកន្លងទៅនេះ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជា​ម្ចាស់ថ្មីនៃ​ទីក្រុងរណប​ហ្គ្រេនភ្នំពេញ បាន​ចូលខ្លួន​មកកាន់កាប់​និងចាប់ផ្ដើម​អភិវឌ្ឍ​ ដោយបាន​ប្រកាស​លក់គម្រោងថ្មី​របស់ខ្លួននៅក្នុង​ទីក្រុងរណបនេះ ប៉ុន្ដែ នៅក្នុងគម្រោង​ថ្មីនេះ គឺមិនមាន​បង្ហាញ​ថា​មានស្រះទឹកទេ ដូចប្លង់​មេដើម​នោះទេ ដូច្នេះហើយ ទើបពលរដ្ឋ​ក្នុងសហគមន៍​ចាប់ផ្ដើម​ភ្ញាក់ផ្អើល និងបាន​ដឹងថា ក្រុមហ៊ុន​បាន​កែប្រែប្លង់មេ​អភិវឌ្ឍន៍​ទីក្រុងរណបនេះ​ ខុសពីប្លង់មេ​ដើម​របស់​ក្រុមហ៊ុន​ចាស់​ហើយ។

រូបប្លង់មេដើម

លោក អ៊ិន ចាន់នី មានប្រសាសន៍ថា «នៅពេល​យើងបានឃើញ​ការផ្សព្វផ្សាយ​(លក់គម្រោងថ្មី​របស់ក្រុមហ៊ុន​ជីប ម៉ុង លែនក្នុងទីក្រុងរណប​ហ្គ្រេនភ្នំពេញ) កាលពីខែ ៧ឆ្នាំ២០២០ យើងចាំយូរពេក យើងក៏​ធ្វើលិខិតមួយ ដែលមានកាលបរិច្ឆេទ​ថ្ងៃទី ០១ ខែ៩ ឆ្នាំ២០២០ ដើម្បីសុំជួប​ក្រុមហ៊ុន​ជីបម៉ុង និងសុំ​ការបំភ្លឺ​អំពីប្លង់មេ ហេតុអី​ក៏គាត់លុបស្រះយើង? យើងឃាត់គាត់​មិនឲ្យ​លុបស្រះ»។

បន្ទាប់មក ខាង​តំណាង​ក្រុមហ៊ុន​ជីប ម៉ុង លែន បាន​អនុញ្ញាត​ឲ្យ​ខាង​តំណាង​សហគមន៍​ចូលជួប ប៉ុន្ដែ ក្នុងជំនួបនោះ ខាងតំណាង​ក្រុមហ៊ុន បានអះអាងថា ស្រះទឹកនោះ គឺជា​របស់ក្រុមហ៊ុន ហើយមាន​ពួកគេ​​សិទ្ធិលុប ដើម្បីអភិវឌ្ឍ​បន្ត ប៉ុន្ដែ ខាង​សហគមន៍​បានជំទាស់​ដាច់ខាត​ចំពោះគម្រោង​លុប​ស្រះនេះ។

ប្រជាពលរដ្ឋ​ក្នុងសហគមន៍ ក៏បាន​នាំគ្នា​ចង​បដា ដែលសរសេរ​ពាក្យ​ ប្រឆាំងតវ៉ា​ នឹងការ​លុបស្រះទឹកនេះផងដែរ ប៉ុន្ដែ នៅថ្ងៃដំបូង​នៃការ​ចង​បដា​តាមរបងផ្ទះ ក៏មាន​អ្នកដើរប្រមូល​បដា របស់ប្រជាពលរដ្ឋ​បាត់អស់ ដែលនេះ គឺជាការបំពារបំពានមួយ​ ទៅកាន់​​ពលរដ្ឋ​ក្នុងសហគមន៍។

លោក អ៊ិន ចាន់នី បញ្ជាក់យ៉ាងដូច្នេះ «បដាទាំងអស់ហ្នឹង​កាលយើង​ដាក់​ ដាក់នៅថ្ងៃ​​ដើម​សប្ដាហ៍ហ្នឹង​ ស្រាប់តែយប់​មិនដឹង​ជា​ស្មើណា​ទេ មានគេ​ដើរប្រមូល​ដក​បដា​ចេញ​ទាំងអស់​នៅតាម​​របងផ្ទះហ្នឹង ដោយគ្មាន​ការអនុញ្ញាត​ពីពួកយើង ហើយពួកយើង​ក៏អត់ដឹងដែរ យប់សម្រាក​ យប់ជ្រៅ ប្រហែលជា​ ក្រោយ​កណ្ដាល​អាធ្រាតផង​ក៏មិនដឹង បាត់បដាទាំងអស់គ្នា។ នោះឯង គឺជាការ​បំពាន​របស់​ក្រុមហ៊ុន​ទៅលើ​ទ្រព្យសម្បត្តិ​ឯកជន​ ព្រោះនេះ យើងដាក​នៅរបង​ផ្ទះយើងទេ ហេតុអី​បានជា​មានជន​ខិលខូច​ ដែលហ្គ្រេន​ភ្នំពេញហ្នឹង​មានអ្នកយាម ២៤ម៉ោងហ្នឹង!​បណ្ដោយ​ឲ្យ​ជនខិលខូច​ចូលមកលួច​ ខ្ញុំចោទថា ​អ្នកដែល​យាម​នោះឯង​ដែល​ដើរ​ប្រមូល»។

លោក ចាន់នី បន្ថែមទៀតថា «នៅព្រឹក​ឡើងថ្ងៃទី ២៣ (ខែកញ្ញា) នៅពេលដឹង​ថា​បាត់​បដា យើង​ក៏នាំគ្នា​សរសេរ​ឡើងវិញ​ ដើម្បី​ដាក់នៅ​មុខផ្ទះ​ ដាក់នៅក្នុងរបង ព្យួរឡើងលើ​ឡើងវិញ​ ពេលនោះ​ឯង​មានអំពើ​អំភិតបំភ័យ ដោយមាន​ជន ដែលមាន​អាវុធ​ ជិះម៉ូតូ​មកថត​នៅមុខ​ផ្ទះ ថត​អី​ចឹង​ ដូច​ថា គំរាម​កំហែង​ ជាកាយវិការមួយ​គំរាម​កំហែង​ដល់​​អ្នកនៅក្នុង​សហគមន៍​ នោះគឺជា​អំពើ​មួយ​ថោកទាប​ជាទី​បំផុត!»

លោក អ៊ិន ចាន់នី បន្ថែមថា «ចំពោះយើង ស្រះទឹក​ក្រៅពីផ្ដល់​ធ្វើឲ្យ​បរិយាកាស​មានភាពត្រជាក់​ហើយ​ស្អាតហ្នឹង គឺស្រះទឹកហ្នឹង​ក៏មាន​អត្ថប្រយោជន៍​​សម្រាប់​សហគមន៍​ទាំងមូល​ហើយសម្រាប់​ទីក្រុង​ភ្នំពេញ​ទៅទៀត​ក្នុងករណី​ដែលមានអគ្គីភ័យ​នៅកន្លែងណា​ គឺស្រះទឹកហ្នឹង​មានទឹកច្រើន​អាចយក​ទៅប្រើ​ប្រាស់បាន។»

លោក សុត វីរៈ ជា​ប្រជាពលរដ្ឋ​ម្នាក់​​បាន​ចូល​ទៅរស់នៅ​ក្នុងទី​ក្រុង​រណប​ហ្រ្គេន​ភ្នំពេញ​ប្រមាណជា​៧ឆ្នាំ​មកហើយ បានប្រាប់​ក្រុមការងារ​ខេមបូណូមីស​តាមទូរសព្ទ​ថា មូលហេតុ​ដែលពលរដ្ឋ​ក្នុងសហគមន៍​ហ្រ្គេនភ្នំពេញ​តវ៉ាមិនឲ្យ​មានការ​លុបស្រះ ព្រោះតែ ស្រះនេះ មានប្រយោជន៍​ច្រើនណាស់​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​សម្រាប់​លោកផ្ទាល់​ ក៏ដូចជា​ប្រជាពលរដ្ឋ​ដទៃទៀត​នៅក្នុងតំបន់នេះ។

ពលរដ្ឋ​សរសេរលើរបងផ្ទះ ដើម្បីតវ៉ា​នឹងគម្រោងលុបបឹង​

លោក សុត វីរៈ បានលើកឡើងថា៖«​ស្រះនេះ មានទំហំ ប្រហែលជាង​១០ហិកតា ហើយស្តុក​ទឹកភ្លៀង ដែលហូរមក គឺចូល​ក្នុងស្រះហ្នឹង ដែលអាច​បញ្ជៀស​ការជន់លិច​ក្នុងតំបន់​នេះ​បាន។ ហើយមួយវិញ​ទៀត ទឹកស្រះ បានផ្តល់​ជាប្រយោជន៍​សម្រាប់ការ​ស្រោចស្រព​​វាលស្មៅ​រាប់សិប​ហិកតា​នៅតំបន់​ជុំវិញនេះ រួមទាំងស្មៅ​សម្រាប់​វាយកូនហ្គោល​ផង។

លោកបន្ថែមថា «មានពលរដ្ឋច្រើន​ណាស់ ដែលសម្រេច​ចិត្តទិញ​ផ្ទះ​នៅហ្រ្គេននេះ ដោយសារ​មាន​ស្រះទឹក​ដ៏ធំនេះ បើគ្មាន​ស្រះទឹកនេះទេ វាដូចតែ​បុរីផ្សេងទៀត​នៅក្នុង​ទីក្រុង​ដែរហ្នឹង អញ្ចឹង​ពីដំបូងឡើយ​គេចាំបាច់​មកទិញ​ដល់ហ្នឹងធ្វើអី»។

បើតាមលោក សុត វីរៈ​ ប្រជាពលរដ្ឋ​ក្នុងហ្រ្គេន​ភ្នំពេញ​ជាង១៤០ នាក់​ គ្រោងនឹង​ជួបជុំគ្នា​តវ៉ា នៅចុង​សប្តាហ៍នេះ ដើម្បីស្នើសុំឲ្យ​ក្រុមហ៊ុន​បញ្ឈប់​គម្រោង​លុបស្រះ​ទឹកនេះ។

លោក ឃុន ហួន ជាប្រជាពលរដ្ឋ​រស់នៅក្នុង​ទីក្រុង​រណបហ្រ្គេន​ភ្នំពេញ​ជិត១០ឆ្នាំ​មកហើយនោះ បានប្រាប់ដែរថា លោកមិនទាន់​ទទួលបាន​ព័ត៌មានច្បាស់​លាស់​ពីការជួប​ជុំគ្នាតវ៉ា​នេះ​នៅឡើយ​នោះទេ តែលោកថា បើសិនជា​មានការតវ៉ា​មែននោះ លោកនឹង​ចូលរួម​ជាក់​ជាមិនខាន។

លោកបានបន្តថា៖« សន្ទុះនៃទឹកចិត្ត​របស់បង​ប្អូន​ដែលរស់​នៅក្នុង​ទីក្រុង​រណបនេះ ជាពិសេស​អ្នកនៅ​ខាងលិច​ស្រះ គឺហាក់បី​ដូចជា​មិនព្រម ចំពោះការ​លើកឡើង​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្រោយនេះទេ ដោយពលរដ្ឋ​នៅតែទទូច​ស្នើសុំ​ជាបន្តបន្ទាប់​ទៅថ្នាក់លើ​ឲ្យមាន​ការដោះស្រាយ។»

ខេមបូណូមីស បានព្យាយាម​ទាក់ទង​ទៅកាន់​ក្រុមហ៊ុន ជីប ម៉ុង លែន​ សម្រាប់ការឆ្លើយតប​ចំពោះ​ការតវ៉ា​គម្រោង​លុប​ស្រះទឹក​ខាងលើនេះដែរ នៅថ្ងៃទី ២៥ ខែកញ្ញានេះ ប៉ុន្ដែ មិនអាច​ទទួល​បាន​ឆ្លើយតប​ពីខាង​ក្រុមហ៊ុន​នៅឡើយទេ។

រូបស្រះទឹក​ក្នុង​ទីក្រុងរណប​ហ្គ្រេន​ភ្នំពេញ

ទោះយ៉ាងណា កាលពីថ្ងៃទី ២៣ ខែកញ្ញា តំណាង​ក្រុមហ៊ុន ជីប ម៉ុង លែន ធ្លាប់បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេមបូណូមីស តាមរយៈ​បណ្ដាញ​តេឡេក្រាមថា បឹង ឬស្រះទឹក ដែលក្រុមហ៊ុន មាន​គម្រោង​លុបនោះ គឺជាទីតាំង​ដែលត្រូវបាន​ជីក​យក​អាចម៌ដី និងប្រើប្រាស់​ជាអាង​ស្តុកទឹក​ជាបណ្ដោះ​អាសន្ន សម្រាប់​ស្រោចស្រព​ទីលានវាយ​កូនហ្គោល​តែប៉ុណ្ណោះ។ មិនតែ​ប៉ុណ្ណោះ ដីនោះ គឺជាប្រភេទ​ដីសាងសង់​ និងមាន​ចារឹក​ក្នុងវិញ្ញាបនបត្រ​ច្បាស់លាស់។

ក្រុមហ៊ុន ជីប ម៉ុង បាន​បញ្ជាក់​​យ៉ាងដូច្នេះថា  «ក្រុមហ៊ុន​យើងខ្ញុំ​បានទទួល​ជួបជាមួយ​អ្នកតំណាង​ឲ្យប្រជាពលរដ្ឋ​ ដែលរស់នៅ​ក្នុង​តំបន់ ហ្គ្រេន ភ្នំពេញ និងបាន​ធ្វើការពន្យល់​យ៉ាងក្បោះក្បាយ​នូវសិទិ្ធ​ស្របច្បាប់​របស់​ក្រុមហ៊ុន រួមជាមួយ​ឯកសារ​ផ្សេងៗទៀត ដែលពាក់ព័ន្ធ​ទៅលើ​ដីដែលអាង​ស្តុកទឹក​នោះស្ថិតនៅ ដោយ​ក្រុមហ៊ុន​ជីប ម៉ុង​ លែន និងតំណាង​ម្ចាស់​កម្មសិទ្ធិករ​មុន បានបញ្ជាក់​យ៉ាងច្បាស់ថា ដីនេះជាប្រភេទ “ដីសាងសង់” ដូចមាន​ចារឹកក្នុង​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ លេខ ច IX-0905»។

បើតាម​ក្រុមហ៊ុន​​ជីប ម៉ុង លែន ​ ក្រុមហ៊ុន​បានប្តេជ្ញា​កែប្រែអាង​ស្តុកទឹក​បណ្តោះ​អាសន្ន​នេះឱ្យក្លាយ​ទៅជាសួន​ឧទ្យាន​បៃតង​ចម្រុះដោយ​មានដើម​ឈើ​ជាច្រើន កន្លែង​ហាត់ប្រាណ កន្លែងលេង​សម្រាប់​កុមារ និងទីតាំង​សម្រាប់​លំហែអារម្មណ៍ ដោយមាន​កន្លែង​បាញ់ទឹក (ហៅថា​គម្រោង “Central Park”) ជាជាង​ការរក្សា​ទុក​អាងស្តុក​ទឹកនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាអូស្រ្ដាលី ផ្ដល់ជំនួយហិរញ្ញប្បទាន​បន្ថែម​ជូន​ដល់​សហគ្រាស​ក្នុង​វិស័យ​កសិកម្ម​តាមររយៈ​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​លើកទី២

ព័ត៌មាន
សហគ្រិនខ្មែរ (ស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាអូស្រ្ដាលី ហៅកាត់ថា CAVAC (កម្មវិធីរប…

ជាងពាក់កណ្ដាលឆ្នាំ២០២០នេះ ADB ផ្ដល់កម្ចីដល់កម្ពុជា ប្រមាណ ៣៧៨ លានដុល្លារ និងគ្រោងផ្ដល់បន្ថែមប្រមាណ ១០០លាន ទៀត!

ព័ត៌មាន
នៅដំណាច់ឆ្នាំ២០២០នេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB គ្រោងនឹងអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងប្រមាណជាង១០០ លានដុល្លារអាមេរិកបន្ថែមទៀត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ