ហុងកុង-តៃវ៉ាន់

ក្រុងហុងកុងផ្អាកប្រតិបត្តិការការិយាល័យតំណាងរបស់ខ្លួននៅកោះតៃវ៉ាន់ជាបណ្ដោះអាសន្ន


អាជ្ញាធរក្រុងហុងកុង នៅថ្ងៃអង្គារសប្ដាហ៍នេះ បានសម្រេចផ្អាកប្រតិបត្តិការការិយាល័យតំណាងរបស់ខ្លួននៅកោះតៃវ៉ាន់ ដែលជាសញ្ញាមួយនៃភាពតានតឹងផ្នែកការទូតកើនឡើង ខណៈការកើនឡើងនូវភាពតានតឹង​រវាងតំបន់រដ្ឋបាលស្វ័យ័តពិសេសហុងកុង និងកោះតៃវ៉ាន់នេះ បាន​ចាប់ផ្ដើមឡើង​តាំងពី​ឆ្នាំ២០១៩មកម្ល៉េះ។ នេះបើតាម​ការរាយការណ៍​ដោយភ្នាក់ងារព័ត៌មាន Reuters។
ក្រុងហុងកុងផ្អាកប្រតិបត្តិការការិយាល័យតំណាងរបស់ខ្លួននៅកោះតៃវ៉ាន់ជាបណ្ដោះអាសន្ន (រូបភាព៖ Hong Kong News)
ដោយ

ភាពតានតឹង​រវាង​ទីក្រុង​ហុងកុង និងកោះតៃវ៉ាន់ ត្រូវបានគេមើលឃើញបានកើតឡើងតាំងពីមានការតវ៉ាគាំទ្រប្រជាធិបតីបានផ្ទុះឡើងនៅទីក្រុងហុងកុងកាលពីឆ្នាំ២០១៩ ហើយរដ្ឋាភិបាលចិនបានឆ្លើយតបដោយបានដាក់ចេញនូវច្បាប់សន្ដិសុខជាតិថ្មីសម្រាប់ហុងកុង ដែលបានធ្វើឲ្យមានសកម្មជននយោបាយជាច្រើនបានចាកចេញពីក្រុងហុងកុង និងមានខ្លះទៀតបានចូលទៅកាន់កោះតៃវ៉ាន់។ នេះបើតាម​ការបញ្ជាក់ពី Reuters។

អាជ្ញាធរហុងកុងមិនបានពន្យល់ជាក់ច្បាស់ណាមួយពីការសម្រេចចិត្តផ្អាកប្រតិបត្តិការរបស់ការិយាល័យតំណាងរបស់ខ្លួននៅកោះតៃវ៉ាន់នេះទេ ដោយគ្រាន់តែបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺមិនជាប់ទាក់ទងនឹងការកើនឡើងករណីឆ្លងកូវីដ-១៩នៅកោះតៃវ៉ាន់នោះឡើយ។

យ៉ាងណាក៏ដោយចុះ អាជ្ញាធរក្រុងហុងកុង បាននិយាយថា ការផ្អាកប្រតិបត្តិការការិយាល័យតំណាងនេះ គឺមានន័យថា ការស្នើសុំជំនួយពីប្រជាជនហុងកុងនៅតៃវ៉ាន់ នឹងត្រូវដោះស្រាយតាមរយៈបណ្ដាញទូរស័ព្ទ និងគេហទំព័ររបស់អាជ្ញាធរហុងកុងវិញ។

ក្រុមប្រឹក្សាកិច្ចការដីគោកតៃវ៉ាន់បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា ខ្លួនមានការគោរពចំពោះការសម្រេចិត្តរបស់ក្រុងហុងកុង ប៉ុន្ដែក៏មានការសោកស្ដាយផងដែរ។

តាមការរាយការណ៍ពី Reuters កោះតៃវ៉ាន់បានរិះគន់ទៅលើច្បាប់សន្ដិសុខរបស់ក្រុងប៉េកាំង ដែលបានដាក់ទៅលើក្រុងហុងកុង ហើយក៏បានបើការិយាល័យនៅក្រុងតៃប៉ិ ដើម្បីជួយពលរដ្ឋដែលចង់ចាកចេញពីហុងកុងផងដែរ។

គួររំឭកថា ជាយូរមកហើយទីក្រុងហុងកុងត្រូវបានគេដឹងថា គឺជាច្រកពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងកោះតៃវ៉ាន់ និងចិនដីគោក ដែលមិនមានទំនាក់ទំនងការទូតនឹងគ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជម្លោះនៅហ្កាហ្សា៖ ចិនទទូចអាមេរិកឲ្យសហការល្អ ក្រោយអាមេរិករាំងខ្ទប់ដំណោះស្រាយ UN ជាច្រើនដង

ព័ត៌មាន
នៅពេញមួយសប្តាហ៍មុន គ្រាដែលមានការវាយប្រហារដាក់គ្នាដ៏ក្តៅគគុករវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ក្រុមប្រឹក្សាសន្តិសុខអង្គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ