វិស័យដឹកជញ្ជូន

ការដឹកជញ្ជូនទំនិញអន្តរជាតិរងការគំរាមកំហែងកាន់តែខ្លាំង ក្រោយមានការវាយប្រហារនាវាដឹកប្រេងមួយនៅមហាសមុទ្រឥណ្ឌា


មន្ត្រីយោធារបស់សហរដ្ឋអាម៉េរិកបាននិយាយថា នាវាដឹកប្រេងគីមីមួយគ្រឿង ដែលកំពុងធ្វើប្រតិបត្តិការនៅមហាសមុទ្រឥណ្ឌា បានរងការវាយប្រហារដោយយន្តហោះដ្រូន ដែលហោះចេញមកពីប្រទេសអ៊ីរ៉ង់ ហើយថាការវាយប្រហារនេះបានពង្រីកការគំរាមកំហែងកាន់តែខ្លាំងដល់ការដឹកជញ្ជូនទំនិញអន្តរជាតិ ដែលកំពុងតែប្រឈមស្រាប់ទៅហើយនោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យដឹកជញ្ជូន
ដោយ

មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នាវាដឹកប្រេង ឆេម ភ្លូតូ (Chem Pluto) បានរងការវាយប្រហារប្រហែលនៅចម្ងាយជាង៣២១គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ឥណ្ឌា កាលពីថ្ងៃសៅរ៍ ទី២៣ ខែធ្នូដោយប្រើយន្តហោះដ្រូន ដែលគេបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ហើយថា នេះគឺជាការវាយប្រហារលើកទី៧របស់កងកម្លាំងអ៊ីរ៉ង់ទៅលើការដឹកជញ្ជូនពាណិជ្ជកម្មតាំងពីឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិកម្នាក់បាននិយាយថា ការវាយប្រហារនេះមិនបានបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ហើយភ្លើងឆេះនៅលើនាវានេះត្រូវបានពន្លត់រួចហើយ។ នេះគឺជាលើកទីមួយហើយដែលអាម៉េរិកបានចោទប្រកាន់អ៊ីរ៉ង់ដោយត្រង់ៗចំពោះការវាយប្រហារនាវាស៊ីវិលបែបនេះចាប់តាំងពីសង្គ្រាមរបស់អ៊ីស្រាអែលជាមួយនឹងក្រុមហាម៉ាសបានចាប់ផ្តើមនៅក្នុងខែតុលា។

ឧប្បត្តិហេតុថ្មីបំផុតនេះ ក៏បានពង្រីកតំបន់ភូមិសាស្ត្រ នៃការវាយប្រហារដែលប្រមូលផ្តុំនៅក្នុងសមុទ្រក្រហម ដោយបានបន្ថែមភាពស្មុគស្មាញកាន់តែខ្លាំងដល់ការឆ្លើយតបយោធាក្រោមការដឹកនាំដោយសហរដ្ឋអាម៉េរិកដើម្បីការពារការដឹកជញ្ជូនតាមសមុទ្រ។

សហរដ្ឋអាម៉េរិកបានចោទប្រកាន់អ៊ីរ៉ង់កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា បានពាក់ព័ន្ធយ៉ាងស៊ីជម្រៅនឹងការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធីមានមូលដ្ឋាននៅប្រទេសយេម៉ែន ទៅលើនាវានៅសមុទ្រក្រហមក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បណ្តាលឱ្យមានការកែប្រែពាណិជ្ជកម្មពិភពលោកដ៏ធំបំផុតចាប់តាំងពីការឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើអ៊ុយក្រែន។

ប្រទេសអ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនបានផ្តល់ការគាំទ្រដល់ក្រុមហ៊ូធី សម្រាប់ការវាយប្រហារទាំងនេះទេ ហើយលោក ហូសេន អាមីរ៉ាបដូឡាហៀន (Hossein Amirabdollahian) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយតាមទូរទស្សន៍ជាតិថា ការចោទប្រកាន់របស់អាម៉េរិកនេះ គឺគ្មានមូលដ្ឋានឡើយ ហើយថា នេះគឺជាការសម្រេចចិត្តរបស់យេម៉ែនក្នុងការការពារ និងគាំទ្រតំបន់ហ្គាហ្សាតែប៉ុណ្ណោះ។

ឆ្មាំសមុទ្រឥណ្ឌាបាននិយាយថា ខ្លួនបានបញ្ជូនកប៉ាល់ល្បាត និងយន្តហោះឃ្លាំមើលដែនសមុទ្រ ដើម្បីផ្តល់ជំនួយដល់នាវា Chem Pluto ដែលមានជនជាតិឥណ្ឌា២០នាក់ និងកម្មករវៀតណាមម្នាក់នៅលើយន្តហោះ។

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដោយសារតែសេដ្ឋកិច្ចធ្លាក់ នៅប្រទេសថៃ ផ្ទះថ្មីលក់មិនសូវចេញ ប៉ុន្ដែផ្ទះប្រើរួចបែរជាមានទីផ្សារ

ព័ត៌មាន
ដោយសារតែសេដ្ឋកិច្ចស្រុតចុះ ហើយតម្លៃគម្រោងថ្មីក៏ថ្លៃ រីឯអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះក៏ខ្ពស់ បានកំពុងធ្វើឲ្យទីផ្សារលំនៅដ្ឋានថ្មីៗពិសេសខុនដ…

ធនាគារអាម៉េរិកអាចខាតបង់១៦០ពាន់លានដុល្លារ ខណៈអចលនទ្រព្យប្រឈមការដាំក្បាលចុះខ្លាំង

ព័ត៌មាន
វិស័យអចលនទ្រព្យនៅសហរដ្ឋអាម៉េរិក កំពុងប្រឈមហានិភ័យដាំក្បាលចុះខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៨ ហើយអាចធ្វើឱ្យបណ្ដាធនាគារអាម៉េរិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ