លោកចូ បៃដិន ថា លោកពូទីនជាមនុស្សស្រែកឃ្លានទឹកដី និងអំណាច

ណាតូយល់ព្រមផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ខណៈលោកបៃដិនថា «លោកពូទីនជាមនុស្សលោភលន់ចង់បានទឹកដី និងអំណាច»


ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលណាតូកាលពីថ្ងៃពុធទី១២ ខែកក្កដា លោកចូ បៃដិន ប្រធានាធិបតីអាមេរិកបានចោទប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ជាមនុស្សដែលមាន«ចិត្តស្រែកឃ្លានទឹក ដីនិងអំណាច»។ ក្នុងនោះដែរ សម្ព័ន្ធមិត្តទាំង៣១ប្រទេសនៃប្លុកយោធានេះ ក៏បានយល់ព្រមរួមគ្នាផ្តល់ការធានាសន្តិសុខថ្មីសម្រាប់អ៊ុយក្រែនដែរ ដើម្បីទប់ទល់នឹងទីក្រុងម៉ូស្គូ បើទោះបីជាមិនទាន់អនុញ្ញាតឲ្យអ៊ុយក្រែនចូលជាសមាជិកភ្លាមៗក្ដី។
លោកចូ បៃដិន ថា លោកពូទីនជាមនុស្សស្រែកឃ្លានទឹកដី និងអំណាច

នៅក្នុងការសម្រេចកាលពីថ្ងៃអង្គារពោលគឺ មុនមួយថ្ងៃ នៃការធានាសន្តិសុខនេះ ប្រទេសសមាជិកណាតូបានចេញសេចក្តីប្រកាសមួយថា«អនាគតអ៊ុយក្រែន គឺស្ថិតនៅជាមួយណាតូ»។ ក្នុងន័យនេះ ទីក្រុងកៀវមិនអាចក្លាយជាសមាជិកតាមសំណើរបស់ខ្លួនបានទេ នៅពេលនេះ គឺត្រូវរង់ចាំលក្ខខណ្ឌ និងស្ថានការអំណោយផលនាពេលខាងមុខតទៅទៀត។ ជាមួយគ្នានោះ លោកហ្សេលេនស្គីបានថ្លែងសារដោយបង្ហាញពីការខកចិត្តយ៉ាងខ្លាំងផងដែរលើការសម្រេចនេះ។

ទោះយ៉ាងណា ផ្ទុយទៅវិញក្រោមក្របខណ្ឌនៃក្រុមប្រទេសG7 សេចក្តីប្រកាសផ្លូវការមួយបានធ្វើឡើងនៅក្នុងកិច្ចប្រជុំណាតូនោះ ដែលនឹងតម្រូវឱ្យមានការផ្តល់ការគាំទ្រផ្នែកយោធានិងហិរញ្ញវត្ថុ ការចែករំលែកព័ត៌មានសម្ងាត់ និងការសន្យានៃជំហានភ្លាមៗណាមួយ ប្រសិនបើរុស្ស៊ីវាយប្រហារលើអ៊ុយក្រែនម្តងទៀត។ លោកចូ បៃដិន បានថ្លែងទៅកាន់លោកហ្សេលេនស្គី និងមេដឹកនាំប្រទេសG7ថា «ការគាំទ្ររបស់យើងនឹងមានរយៈពេលដ៏យូរ ហើយវាគឺប្តេជ្ញាដ៏រឹងមាំសម្រាប់អ៊ុយក្រែន»។ គួរជម្រាបថា ក្រុមប្រទេសឧស្សាហកម្មជឿនលឿនបំផុតទាំង៧ ឬG7មានអាមេរិក អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អីតាលី និងជប៉ុន។

លើសពីនោះ ក្នុងថ្ងៃបិទបញ្ចប់នៃកិច្ចប្រជុំណាតូដែលធ្វើឡើងនៅទីក្រុង Vilnius ប្រទេសលីទុយអានី ក្បែររបងផ្ទះរុស្ស៊ីនោះដែរ លោកចូ បៃដិន បាននិយាយចំៗសំដៅទៅកាន់លោក ពូទីនថា បានមើលស្រាល និងយល់ខុសអំពីសមត្ថភាពរបស់អាមេរិក ក្នុងការដឹកនាំមសម្ព័ន្ធយោធាណាតូ។ លោកថា «ណាតូកាន់តែរឹងមាំ រឹតតែស្វាហាប់ និងកាន់តែរួបរួមគ្នាជាងពេលណាទាំងអស់ក្នុងប្រវត្តិសាស្ត្រ។ ជាការពិត វាមិនបានកើតឡើងដោយចៃដន្យទេ សម្រាប់អនាគតរួមរបស់យើង។ នៅពេលដែល ពូទីន បង្ហាញការស្រែកឃ្លានទឹកដី និងអំណាចដោយសម្រេចឈ្លានពានលើអ៊ុយក្រែន ពូទីនបានទាយថា ណាតូនឹងបែកបាក់ ប៉ុន្ដែគាត់បានគិតខុស»។ នេះបើតាមការថ្លែងឡើងរបស់លោកចូ បៃដិន មុនបិទកិច្ចប្រជុំ។

ដោយឡែក នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយជាមួយលោក ហ្សេលេនស្គី លោក បៃដិន បានសន្យាថា សហរដ្ឋអាមេរិកនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបំពេញតម្រូវការរបស់អ៊ុយក្រែន ហើយបានទទួលស្គាល់ការខកចិត្តរបស់ប្រធានាធិបតីអ៊ុយក្រែនចំពោះទំហំ និងល្បឿននៃការគាំទ្ររបស់ណាតូនាពេលនេះ។ ទោះបីជាយ៉ាងណា «លោកហ្សេលេនស្គី បានសរសេរនៅលើបណ្ដាញ Twitter របស់លោកដោយបានសាទរចំពោះ ការគាំទ្រជាក់ស្តែង និងមិនធ្លាប់មានពីមុនមករបស់ណាតូសម្រាប់អ៊ុយក្រែន។ លោកជឿថា អ៊ុយក្រែននឹងក្លាយជាគ្រួសារណាតូនៅពេលស្ថានការតម្រូវ គឺនៅពេលសង្គ្រាមត្រូវបានបញ្ចប់»។

ស្របពេលជាមួយគ្នា រុស្ស៊ីតាមរយៈអ្នកនាំពាក្យវិមានក្រឹមឡាំងលោកឌីមីទ្រី ពេស្កូវ (Dmitry Peskov) បានលើកឡើងថា វាគឺជា «គ្រោះថ្នាក់ប្រកបដោយសក្តានុពលខ្លាំងណាស់» សម្រាប់លោកខាងលិចក្នុងការផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ ជាមួយគ្នានេះ ក្រសួងការបរទេសរុស្ស៊ីវិញបាននិយាយថា កិច្ចប្រជុំកំពូលបានបង្ហាញថា ណាតូកំពុងត្រលប់ទៅរក «គ្រោងការណ៍នៃសង្គ្រាមត្រជាក់»។ ហើយរុស្ស៊ីនឹងឆ្លើយតបក្នុងលក្ខណៈទាន់ពេលវេលានិងសមស្រប ដោយប្រើគ្រប់មធ្យោបាយ និងវិធីសាស្រ្តទាំងអស់ ដែលរុស្ស៊ីមាន ដើម្បីទប់ស្កាត់ផែនការនេះ»៕




អត្ថបទបន្ទាប់


តើវៀតណាមអាចសម្រេចគោលដៅកំណើនសេដ្ឋកិច្ច ៦,៥% នៅឆ្នាំនេះដែរ ឬយ៉ាងណា?

ព័ត៌មាន
រដ្ឋាភិបាលវៀតណាមបានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងការជំរុញកំណើនសេដ្ឋ នៅក្នុងអត្រា ៦,៥% នៅឆ្នាំ២០២៣នេះ ប៉ុន្តែអ្នកជំនាញបានអះអាងថា…

រដ្ឋមន្ត្រីការបរទេសថៃ បានជួបជាមួយលោកស្រីអ៊ុងសាន ស៊ូជី និងថាលោកស្រីចង់មានកិច្ចពិភាក្សាដោះស្រាយវិបត្តិ

ព័ត៌មាន
មន្ត្រីការទូតកំពូលរបស់ថៃបាននិយាយអះអាងប្រាប់អ្នកកាសែតកាលពីថ្ងៃពុធ ទី ១២ ខែកក្កដា ថា រូបលោកត្រូវបានអនុញ្ញាតឱ្យជួបជាមួយលោកស្រីអ៊ុងសាន ស៊ូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ