មហា​សេដ្ឋី លី យ៉ុងផាត់ នឹង​បើក​ដំណើរការ​សួន​ទឹក​កម្សាន្ត​ធំ​ជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ាន​​ក្នុង​ឆ្នាំ​២០១៩


សួន​ទឹក​កម្សាន្ត​ដ៏​ទំនើប​និង​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា ហើយ​ក៏​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជិត ៤០​លាន​ដុល្លារ​អាមេរិក នឹង​បើក​ដំណើរការ​ឲ្យ​​ភ្ញៀវ​ចូល​​លេង​កម្សាន្ត​នៅ​ក្នុង​ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ហើយ។
មហា​សេដ្ឋី លី យ៉ុងផាត់ នឹង​បើក​ដំណើរការ​សួន​ទឹក​កម្សាន្ត​ធំ​ជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ី​ក្នុង​ឆ្នាំ​២០១៩។
ដោយ

បច្ចុប្បន្ន គម្រោង​នេះ​កំពុង​តែ​មមាញឹក​ក្នុង​ការ​សាងសង់​យ៉ាង​ខ្លាំង ដើម្បី​បញ្ចប់​ទៅ​តាម​ផែនការ​កំណត់​ក្នុង​ឆ្នាំ​២០១៩ ឆាប់ៗ​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មហាសេដ្ឋី លី យ៉ុងផាត់ ដែល​បាន​ប្រាប់​អ្នក​សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស។

សួន​ទឹក​កម្សាន្ត​ធំ​ទី១​នៅ​អាស៊ាននេះ មាន​ឈ្មោះ​ថា Angkor Water Park ដែល​វិនិយោគ​សាងសង់​​ឡើង​ដោយ​មហា​សេដ្ឋី​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ខ្មែរ​ដ៏​ធំ​ល្បីល្បាញ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បើនិយាយ​ពី​ឈ្មោះ លី យ៉ុងផាត់ លោក​អ្នក​នាង​ខ្លះ​ប្រហែល​ជា​ធ្លាប់​ឮ​ល្បី​រហ័សនាម​ដែល​កាសែត​បរទេស​ធំៗ​ដាក់​ឲ្យ​លោក ថា ជា​«ស្ដេច​កោះកុង» ឬ "King of Koh Kong"។ រហ័ស​នាម​នេះ ទំនង​ជា​ដោយសារ​តែ​ឧកញ៉ា លី យ៉ុងផាត់ មាន​កំណើត​កើតជា​នៅ​ក្នុង​ខេត្ត​កោះកុង និង​បាន​ក្លាយ​ជា​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល ល្បី​ល្បាញ និង​ចាក់​គ្រឹះ​យ៉ាង​រឹងមាំ នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃមួយនេះ។

អ្នក​ឧកញ៉ា លី យ៉ុងផាត់។

សួន​ទឹក​កម្សាន្ត អង្គរ វ៉តធើផាក នេះ អភិវឌ្ឍ​សាងសង់​នៅ​លើ​ផ្ទៃ​ដី ៦ហិកតា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ចង្វារ ប្រមាណ ១៨​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។ នេះ​បើ​តាម​ការ​បញ្ជាក់​អះអាង​ពី​នាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប។

សួន​ទឹក​កម្សាន្ត អង្គរ វ៉តធើផាក  វិនិយោគ​សាងសង់​នៅ​ក្បែរ​គ្នា​នឹង​សួន​សត្វ​ដ៏​ធំជាង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​ព្រៃ​កម្សាន្ត​ភ្នំពេញ​ទីមួយ ដែល​មាន​ឈ្មោះ​ថា​ ភ្នំពេញ សាហ្វារី ដែល​មាន​តម្លៃ​វិនិយោគ​ប្រមាណ​ជាង ១០​លាន​ដុល្លារ​អាមេរិក ដែល​បាន​បើក​ដំណើរការ​ឲ្យ​ប្រជាជន​ចូល​ទស្សនា​កម្សាន្ត​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក​ឧកញ៉ា សេង ញ៉ក់ នាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ធ្លាប់​បាន​អះអាង​ថា សួន​ទឹក​កម្សាន្ត អង្គរ វ៉តធើផាក នេះ គឺ​ជា​គម្រោង​ធំ​ជាង​គេ​ទី១​ក្នុង​តំបន់​អាស៊ាន ពោល​គឺ​ដណ្តើម​តំណែង​ធំ​ជាង​សួន​ទឹក​កម្សាន្ត នៅប៉ាតាយ៉ា ប្រទេស​ថៃ ដែល​មាន​ឈ្មោះ​ថា Cartoon Network Waterpark រហូត​ដល់​ទៅ ៥០​ភាគរយ​ឯណោះ។

លោក​ឧកញ៉ា សេង ញ៉ក់ បានបន្តថា  ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​ដំណើរការ​សាងសង់​សួន​ទឹក​កម្សាន្ត អង្គរ វ៉តធើផាក កាល​ពី​ចុង​ខែ​វិច្ឆិកា​នេះ​ ហើយ​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ក្នុង​ឆ្នាំ​២០១៩​ ដើម្បី​បើក​ឲ្យ​​ប្រជាជន​ចូលលេង​ទស្សនា។ 

សួន​ទឹក​កម្សាន្ត អង្គរ វ៉តធើផាក នេះ ទទួល​សិទ្ធិ​សាងសង់​ដោយ​ក្រុមហ៊ុន វ៉ាយ វ៉តធើ (White Water) ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក ផ្នែក​ការ​សាងសង់​សួន​ទឹក​កម្សាន្ត​តែ​ម្តង។

លក្ខណៈ​ពិសេស​របស់​សួន​ទឹក​កម្សាន្ត​ដ៏​ធំដំបូង​គេ​បង្អស់​នៅ​កម្ពុជា​នេះ មាន​កន្លែង​សំខាន់ៗ ដូចជា សមុទ្រ​សិប្បនិម្មិត ដែល​ទឹក​រលក​កម្ពស់​៣​ម៉ែត្រ​កន្លះ ទឹក​ជ្រោះ​ធ្លាក់​ដ៏​ស្រស់​ស្អាត កន្លែង​រំអិល​ទឹក​ខ្ពស់ ទឹករាំ​តាម​ចង្វាក់​ភ្លេង កន្លែង​ក្មេង​លេង​ជា​ច្រើន និង​កន្លែង​សំខាន់ៗ​ផ្សេង​ទៀត។ 

សួន​ទឹក​កម្សាន្ត អង្គរ វ៉តធើផាក នេះ សាងសង់​រំលេច​​ទៅ​តាម​បែប​រចនាបថ​សម័យ​អង្គរ​ដែល​មាន​រូប​អប្សរា ដំរី បាយ័ន អង្គរវត្ត លាយ​ឡំ​ទៅនឹង​រចនាបថ​សម័យ​ទំនើប​មក​ពី​អឺរ៉ុប និង​អាមេរិក ផងដែរ។

លោកឧកញ៉ា សេង ញ៉ក់ នាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​មើល​ឃើញ​ថា នៅ​រាជ​ធានី​ភ្នំពេញ​យើង ក៏ដូចជា​ប្រទេស​ខ្មែរ​យើង ខ្វះ​កន្លែង​កម្សាន្ត​កម្រិត​ស្តង់ដារ​អន្តរជាតិ​បែប​នេះ​ហើយ ទើប​ក្រុមហ៊ុន​លោក​សម្រេច​ចិត្ត​សាងសង់​សួន​ទឹក​កម្សាន្ត​ដ៏​ធំ​ជាង​គេ​មួយ​នេះ​ឡើង។

លោក​ឧកញ៉ា​សង្ឃឹម​ថា នៅពេល​ដែល​សួន​ទឹក​កម្សាន្ត​នេះ​សាងសង់​រួច​រាល់​ហើយ វា​មិន​ត្រឹមតែ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ វា​ក៏​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​ក្រៅ​ប្រទេស​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​យើង​ផង​ដែរ។ ហើយ​នៅ​ពេល​នោះ អ្នក​រស់នៅ​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​មិន​ចាំបាច់​ចំណាយ​ពេល​វេលា និង​ថវិកា​ច្រើន​ដើម្បី​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ស្រុក​នោះ​ដែរ។

លោក​ឧកញ៉ា សេង ញ៉ក់ បាន​បញ្ជាក់​បន្ថែម​ថា តាមរយៈ​ការ​វិនិយោគ​សួន​ទឹក​កម្សាន្ត អង្គរ វ៉តធើផាក ដ៏​ធំ​ជាង​គេ​ក្នុង​តំបន់​អាស៊ាននេះ ក្រុមហ៊ុន​នឹង​ធ្វើ​ឲ្យ​កន្លែង​នេះ​ក្លាយ​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ពោល​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​រាជ​ធានី​ភ្នំពេញ ក៏ដូចជា​ប្រទេស​កម្ពុជា និង​អន្តរជាតិ ផងដែរ៕

© 2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Cash U Up ហាងបញ្ចាំដំបូងគេនៅកម្ពុជា ដែលមានលក់សិទ្ធិអាជីវកម្ម (Franchise)

ព័ត៌មាន
មានបទពិសោធន៍ជាង ៤០ឆ្នាំ មកពីប្រទេសសិង្ហបុរី និង បានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារកម្ពុជាជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនហាងបញ្ចាំ ឃែស យូ អាប…

ព្រលានយន្ដហោះទាំង ៣ របស់កម្ពុជា ទទួលបានអ្នកដំណើរឆ្លងកាត់ ១០លាននាក់

ព័ត៌មាន
ដូចទៅនឹងការរំពឹងទុក អ្នកដំណើរតាមផ្លូវអាកាស ដែលបានធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំងបីកន្លែង របស់កម្ពុជា គឺព្រលាន​យន្ដហោះ អន្តរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ