ធនាគារជាតិអនុញ្ញាតឲ្យចាយលុយយ៉ន់ចិនតាមប្រព័ន្ធអេឡិចត្រូនិក

ធនាគារជាតិអនុញ្ញាតឲ្យចាយលុយយ៉ន់ចិនតាមប្រព័ន្ធអេឡិចត្រូនិក តែមិនគាំទ្រឲ្យចាយវាយជាក្រដាសប្រាក់នោះទេ


មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ធនាគារជាតិគាំទ្រឲ្យមានការទូទាត់ថ្លៃទំនិញ និងសេវាកម្មនានាជាប្រាក់យ៉ន់នៅកម្ពុជា ដ្បិតវាជាផ្នែកក្នុងការជួយសម្រួល និងជំរុញកំណើនភ្ញៀវទេសចរ និងវិនិយោគិនចិននៅកម្ពុជា។ ប៉ុន្ដែ ធនាគារជាតិគាំទ្រឲ្យទូទាត់តែតាមប្រព័ន្ធអេឡិចត្រូនិកប៉ុណ្ណោះ ពោលគឺមិនគាំទ្រឲ្យប្រើប្រាស់ជាក្រដាសប្រាក់ផ្ទាល់នោះទេ ព្រោះវាពិបាកក្នុងការគ្រប់គ្រងក្រដាសប្រាក់ និងអាចបង្កើតឲ្យមានបញ្ហាលុយក្លែងក្លាយ និងការលាងលុយជាដើម។
លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយិកាបច្ចេកទេសធនាគារជាតិ នៃកម្ពុជា

បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា តាមពិតធនាគារជាតិបានអនុញ្ញាតឲ្យទូទាត់ថ្លៃទំនិញ និងសេវាកម្មជាប្រាក់យ៉ន់តាមប្រព័ន្ធអេឡិចត្រូនិក និងធនាគារជាយូរមកហើយ ដែលមានធនាគារពាណិជ្ជកម្មចិន និងធនាគារពាណិជ្ជកម្ពុជាជិត២០ធនាគារជាអ្នករ៉ាប់រងផាត់ទូទាត់។ ជាមួយគ្នានេះ កម្ពុជាកំពុងរៀបចំនីតិវិធី ដើម្បីស្នើសុំចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរជាតិរបស់ចិន CIPS ដើម្បីជួយសម្រួលនិងជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី និងពហុភាគីផងដែរ។

លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយិកាបច្ចេកទេសធនាគារជាតិ នៃកម្ពុជាបានគូសបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា គាំទ្រឲ្យចាយលុយយ៉ន់របស់ចិនក្នុងការទូទាត់ថ្លៃទំនិញ និងសេវាកម្មនានានៅកម្ពុជា ក្រោមទម្រង់ជាការផាត់ទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក។ ប៉ុន្តែធនាគារជាតិមិនគាំទ្រឲ្យចាយលុយយ៉ន់ជាក្រដាសប្រាក់នោះទេ។ មិនគាំទ្រ ក៏ដោយសារវាពិបាកក្នុងការគ្រប់គ្រងនៅពេលក្រដាសប្រាក់ ពេលវាចាស់ ឬរហែក និងពិបាកមើលក្រដាសប្រាក់ក្លែងក្លាយជាដើម ជាពិសេសការចាយរបៀបនេះ អាចធ្វើឲ្យកម្ពុជាក្លាយជាប្រភពក្នុងការលាងលុយខ្មៅដែលគ្មានប្រភពច្បាស់លាស់។ ទោះយ៉ាងណា ការចាយប្រាក់យ៉ន់ជាក្រដាសប្រាក់ត្រូវបានលើកទឹកឲ្យធ្វើក្រោមគោលការណ៍ស្ម័គ្រចិត្តរវាងអ្នកទិញ និងអ្នកផ្តល់សេវាកម្ម ប្រសិនបើអ្នកផ្តល់សេវាកម្មមានតម្រូវការក្រដាសប្រាក់ជាលុយយ៉ន់សម្រាប់ប្រើប្រាស់បន្ត។

បើតាមការអះអាងរបស់លោកជំទាវ ជា សិរី ការទូទាត់ថ្លៃទំនិញ ឬសេវាកម្មជាប្រាក់យ៉ន់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់តាមប្រព័ន្ធទូទាត់អេឡិចត្រូនិករបស់ធនាគារដូចជា WeChat និង AliPay ជាយូរមកហើយនៅតាមហាងទំនិញ ផ្សារទំនើប ភោជនីយដ្ឋាន និងតំបន់ទេសចរណ៍មួយចំនួននៅកម្ពុជា។ បច្ចុប្បន្ននៅកម្ពុជាមានធនាគារចិនចំនួនពីររួមមាន Bank of China និង ICBC ដែលជាធនាគារទទួលផាត់ទូទាត់ជាប្រាក់យ៉ន់នៅកម្ពុជា។ ក្រៅពីធនាគារចិនទាំងពីរ ក៏មានធនាគារពាណិជ្ជកម្ពុជាចំនួន១៦ផ្សេងទៀតផងដែរ ដែលមានប្រតិបត្តិការជាប្រាក់យ៉ន់សម្រាប់ទូទាត់ការនាំចេញ នាំចូល និងការទូទាត់នានារបស់អតិថិជន។

ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងស្នើសុំចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរជាតិ CIPS ដែលជាប្រព័ន្ធទូទាត់ឆ្លងព្រំដែន ត្រូវបានបង្កើត និងគ្រប់គ្រងដោយធនាគារកណ្តាលរបស់ចិនផងដែរ។ បើតាមធនាគារជាតិ ការស្នើសុំចូលជាសមាជិកនេះ គឺដើម្បីផ្តល់ជម្រើសឲ្យកាន់តែសម្បូរបែបក្នុងការទូទាត់ទាំងក្នុងតំបន់ និងលើពិភពលោកក្នុងរង្វង់ប្រទេសជាសមាជិក ជាពិសេសដើម្បីជួយសម្រួល និងជំរុញការធ្វើពាណិជ្ជកម្ម ការវិនិយោគរវាងប្រទេសកម្ពុជាជាមួយបណ្តាប្រទេសជាដៃគូ ជាពិសេសចិនឲ្យកាន់តែល្អប្រសើរ និងទាក់ទាញបន្ថែមទៀត។ ការទាក់ទាញភ្ញៀវទេសចរ និងជួយសម្រួលដល់ការវិនិយោគទុនបម្រុងអន្តរជាតិរបស់កម្ពុជាជាប្រាក់យ៉ន់ ក៏ស្ថិតក្នុងគោលបំណងនៃស្នើសុំចូលជាសមាជិកនេះដែរ។

លោកជំទាវ ជា សិរី បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា កម្ពុជានឹងអាចក្លាយជាសមាជិកភាពរបស់ប្រព័ន្ធទូទាត់អន្តរធនាគារចិននេះក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយកម្ពុជាយល់ដឹងពីលក្ខខណ្ឌក្នុងការចូលជាសមាជិកប្រព័ន្ធនេះ គួបផ្សំភាពអំណោយផលនៃជំនួបទ្វេភាគីរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំចិន នៅទីក្រុងប៉េកាំងប្រទេសចិនកាលពីពេលថ្មីៗ៕




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញ៖ ការវិនិយោគក្នុងវិស័យកាត់ដេរកម្ពុជានៅដើមឆ្នាំ២០២៣ នៅតែមានសម្ទុះល្អ ទោះស្ថានភាពទីផ្សារមិនសូវអំណោយផលក្ដី

ព័ត៌មាន
ក្រុមអ្នកជំនាញនៅក្នុងវិស័យឧស្សាកម្ម បានកត់សម្គាល់ឃើញថា នៅដើមឆ្នាំ២០២៣នេះ ទោះបី វិស័យកាត់ដេរ វាយនភណ្ឌរបស់កម្ពុជា មិនទាន់អាចវិលត្រឡប់រកស្…

សង្គ្រាមអ៊ុយក្រែននឹងធ្វើឱ្យអាល្លឺម៉ង់ខាតបង់ប្រាក់១៧១ពាន់លានដុល្លារនៃសេដ្ឋកិច្ចក្នុងឆ្នាំនេះ

ព័ត៌មាន
ហេតុអ្វីសង្គ្រាមនៅអ៊ុយក្រែននឹងធ្វើឱ្យអាល្លឺម៉ង់ខាតបង់ប្រាក់១៧១ពាន់លានដុល្លារនៃសេដ្ឋកិច្ចក្នុងឆ្នាំនេះ?សង្រ្គាមនៅអ៊ុយក្រែនបាននឹងធ្វើឱ្យសេដ្ឋកិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ