បំណុលពលរដ្ឋ

ពលរដ្ឋ​ខ្មែរ​ជំពាក់​លុយ​ធនាគារ​​​ច្រើន ជា​រឿង​ល្អ ឬ​អាក្រក់?


បើ​យើង​និយាយ​​ពី​​ជាង​​២០​ឆ្នាំ​មុន ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​មាន​ការ​ខ្មាស​អៀន​នឹង​ការ​ខ្ចី​បុល ខ្ចី​លុយ​កាក់ ឬ​ចងការ​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​និង​ធនាគារ​ណាស់។ ព្រួយ​បារម្ភ​ដោយសារ​តែ​ខ្លាច​គេ​ដឹង គឺ​ខ្មាស​គេ ឬ​ក៏​ខ្លាច​អន់ ខ្លាច​គេ​ចំអក​ថា ដើរ​ជំពាក់​តែ​លុយ​គេ មិន​គិត​ខិតខំ​រកស៊ី​ជាដើម។
ឆ្នាំ​២០១៦ ពលរដ្ឋ​ខ្មែរ​ជំពាក់​បំណុល​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ប្រមាណ ១៧​ពាន់​លាន​ដុល្លារ

ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​ប្រទេស​ជឿនលឿន​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង ដូចជា អាមេរិក ជា​ដើម ពលរដ្ឋ​គេ​ភាគ​ច្រើន នរណា​ក៏​ជាប់​បំណុល​ធនាគារ ឬ​រដ្ឋ នោះ​ដែរ។ 

កម្ចី​ដែល​គេ​ខ្ចី​គឺ​ប្រើប្រាស់​នៅក្នុង​ការ​ពង្រីក​អាជីវកម្ម មុខ​ជំនួញ ក៏​ដូចជា​ការ​វិនិយោគ​ផ្សេងៗ ក្នុង​ន័យ​បង្កើន​អាជីវកម្ម​ពួកគេ​កាន់​តែ​រីក​ចម្រើន​ខ្លាំង។ 

ងាក​មក​និយាយ​ពី​ប្រទេស​កម្ពុជា​ រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ​វិញ មាន​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ដែល​កំពុង​តែ​ជាប់​ជំពាក់​បំណុល​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​អង្គការ​ចងការ​ប្រាក់​ក្រៅ​ប្រព័ន្ធ​ជាច្រើន។ និន្នាការ​នេះ មើលទៅ ប្រជា​ពលរដ្ឋ​ខ្មែរ​ទំនងជា​លែង​ខ្លាច​ខ្មាស​គេ ខ្លាច​អន់ ដូច​ទៅ​នឹង​អ្វី​ដែល​ពួកគេ​នឹក​គិត​ឃើញ​កាល​ពី​មុន​ទៀត​ហើយ។

ក្រុម​អ្នក​ជំនាញ​នៅក្នុង​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ថា ដើម្បី​ដើរ​ឲ្យ​ទាន់ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ក៏​ដូចជា​ការ​អភិវឌ្ឍ​ប្រទេស​ដែល​កំពុង​មាន​ការ​រីក​ចម្រើន ប្រជា​ពលរដ្ឋ​ម្នាក់ៗ​ខិតខំ​ប្រកួត​ប្រជែង​គ្នា​ទៅលើ​ការ​រក​ស៊ី បើក​ក្រុម​អាជីវកម្ម​ថ្មីៗ ពង្រីក​ក្រុមហ៊ុន  និង​ធ្វើការ​ផ្លាស់​ប្តូរ​ជីវិត​ឲ្យ​ទាន់សម័យស៊ីវិល័យជាដើម។ ទំាងអស់នេះហើយ សុទ្ធតែជារឿងចាំបាច់ ដែលត្រូវការដើមទុន និង កម្ចី ដើម្បីបើកអាជីវកម្ម និង ពង្រីកអាជីវកម្មរបស់ពួកឲ្យកាន់តែមានភាពរឹងមាំ។ 

ដូច្នេះ ដើម្បី​ពង្រីក​អាជីវកម្ម បើក​អាជីវកម្ម ក៏​ដូចជា​ការ​រៀបចំ​ជីវិត​គ្រួសារ​ឲ្យ​បាន​សមរម្យ (ទិញ​ផ្ទះ ទិញ​ដី) ពួកគេ​មិន​អាច​មើល​រំលង​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នោះ​ទេ។ ហើយ​ការ​ដែល​ពលរដ្ឋ​អាច​ខ្ចី​លុយ​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​បាន លុះត្រា​តែ​យើង​មាន​លទ្ធភាព​សង​ត្រឡប់ និង​គោរព​លក្ខខណ្ឌ​បាន​ត្រឹមត្រូវ។

ជាក់ស្តែង​គិត​ត្រឹម​ឆ្នាំ​២០១៥ ទំហំប្រាក់កម្ចី​នៅគ្រឹះស្ថាន​ធនាគារ​និង​មីក្រូ​ហិរញ្ញវត្ថុ​ដែល​បាន​ផ្តល់​ទៅ​ឲ្យ​ពលរដ្ឋ​នៅ​កម្ពុជា បាន​កើន​ដល់​ជាង ១៥​ពាន់​លាន​ដុល្លារ ដោយ​មាន​ប្រជាពលរដ្ឋខ្ចី​ប្រាក់​កម្ចី សរុប ២​លាន​៥​សែននាក់។

ទំហំ​ប្រាក់​កម្ចី​នេះ​បាន​កើន​ដល់​ជាង ៨០​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​របស់​កម្ពុជា ផលិតផល​ក្នុង​ស្រុក​សរុប GDP ដែល​មាន​ទឹក​ប្រាក់​ជាង ១៦​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក​នេះ។ នេះ​បើ​យោង​តាម​​របាយការណ៍​ពី​ខាង​ធនាគារ​ជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៥។

ដោយ​ឡែក​ក្នុង​ឆ្នាំ​២០១៦ ទ្រព្យ​សកម្ម​សរុប​នៅក្នុង​ប្រព័ន្ធ​ធនាគារ​ទំាងអស់​បាន​កើន​ដល់​ជាង​២៧​ពាន់​លាន​ដុល្លារ​អាមេរិក កើន ១៧​ភាគរយ។ 

ក្នុងនោះ ប្រាក់កម្ចីដែលពលរដ្ឋខ្មែរបានជំពាក់ធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានការកើនឡើងដល់ទៅ ១៧ ពាន់លានដុល្លារអាមេរិក ខណៈប្រាក់បញ្ញើមានកើន ១៥ ពាន់លានដុល្លារ។ 

ខ្ចីបុល​មិន​អាក្រក់​ទេ ឲ្យ​តែ​​បម្រើ​ដល់​ការ​ពង្រីក​អាជីវកម្ម​ឲ្យ​កាន់​តែ​លូត​លាស់​

ក្រុម​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ បាន​អះអាង​ថា ការ​ខ្ចីបុល ឬ​ចងការ​ប្រាក់​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ វា​មិន​បាន​បង្ហាញ​ពី​ភាព​អន់ថយ​នៅ​ក្នុង​សេដ្ឋកិច្ច​ជាតិ​នោះ​ទេ ផ្ទុយ​ទៅវិញ​វា​បាន​បង្ហាញ​ពី​ភាព​រីក​ចម្រើន​នៃ​ប្រទេស​ជាតិ។ 

ម្យ៉ាង​វិញ​ទៀត ការ​ខ្ចី​ប្រាក់​ពី​ធនាគារ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ វា​មិន​មែន​ជា​ការខ្មាស​អៀន ឬ​ខ្លាច​អន់អី​នោះ​ទេ បើ​យើង​ចង់​អភិវឌ្ឍ​ខ្លួន​យើង ​អាជីវភាព​យើងឲ្យ​មាន​ការ​រីក​ចម្រើន​យូរ​អង្វែង យើង​ត្រូវតែ​ស្វែងរក​ប្រភព​ហិរញ្ញវត្ថុ ប្រាក់​កម្ចី និង​ជំនួយ ប៉ុន្តែ ត្រូវ​ចាំ​ថា កម្ចី​នោះ​យក​ទៅ​ប្រើប្រាស់​ចំ​គោលដៅ។ អ្នក​ជំនាញ​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​យល់​ឃើញ​ថា បើ​មិន​មាន​បំណុល ក៏​មិន​ការ​រីក​ចម្រើន​នោះ​ដែរ។

បើយោងតាម លោក ឧកញ៉ា ហួត អៀង តុង ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា និង​អគ្គនាយក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ហត្ថាកសិករ​បាន​ប្រាប់​ឲ្យ​ដឹង​ថា សន្ទុះ​នៃ​ការ​កើន​ឡើង​នៃ​ប្រាក់​កម្ចី មិនមែន​ជា​រឿង​អាក្រក់​ទេ ការ​កើន​ឡើង​ឥណទាន​នេះ វា​ជា​រឿង​ល្អ។ លោក​បន្ត​ថា ជារួម លោក​មើល​ឃើញ​ថាតម្រូវការ​ស្វែងរក​ប្រាក់​កម្ចី​ពី​ប្រជាពលរដ្ឋ​មាន​ការ​កើន​ខ្លំាង​ដើម្បី​ប្រកប​អាជីវកម្ម​ផ្សេងៗ។ ហើយ​នៅ​ពេល​ដែល​សេដ្ឋកិច្ច​កាន់តែ​មាន​ការ​រីក​ចម្រើន​ខ្លាំង ប្រជាជន​ចាំបាច់​ត្រូវការ​ដើម​ទុន​សម្រាប់​ប្រកប​មុខ​របរ​របស់​ខ្លួន។

លោក​ឧកញ៉ា ហួត អៀងតុង បញ្ជាក់​ថា ការ​ដែល​កើន​ឡើង​ខ្លាំង​នៃ​ប្រាក់​កម្ចី​របស់​ប្រជាពលរដ្ឋ​ទៅ​ប្រកប​អាជីវកម្ម​នេះ វាជួយ​ជំរុញ​ឲ្យ​មាន​ដំណើរការ​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ។

ដូច្នេះ ការ​ដែល​ខ្ចី​លុយ​ពី​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ វា​មិនមែន​ធ្វើយើង​អន់ ឬ​ខ្មាស​គេ​នោះ​ទេ ប៉ុន្តែ យើងដូរ​ពី​ការ​ខ្ចី​លុយ​គេ ដើម្បី​ពង្រីក​មុខ​របរ អាជីវកម្ម​របស់​យើង​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន។ អ្នក​ជំនាញ​ហិរញ្ញវត្ថុ​បាន​អះអាង​ថា ត្រូវ​ប្រើ​ប្រាស់​ប្រាក់​កម្ចី​ពី​ធនាគារ​និង​ហិរញ្ញវត្ថុ ឲ្យ​ចំ​គោលដៅ ទើប​មិន​ជួប​ហានិភ័យ៕




អត្ថបទបន្ទាប់


វិនិយោគិន​បរទេស​ធំ​ជាង​គេ​ទីបី​នៅ​កម្ពុជា គឺ​ហុងកុង! តើ​ហុងកុង​រក​ស៊ី​លើ​វិស័យ​អ្វី​ខ្លះ?

ព័ត៌មាន
ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​មក​កាន់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា (CDC) បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា ការ​វ…

កម្ពុជា​ចំណាយ​រាប់​សិប​លាន​ដុល្លារ​​មួយ​ឆ្នាំៗ នាំ​ត្រី​ចូល​ពី​វៀតណាម​និង​​ថៃ

ព័ត៌មាន
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​មាន​តម្រូវការ​តី្រ​សាច់​ប្រមាណ ៧៤០​ពាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ