មីក្រូហិរញ្ញវត្ថុ

សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ៖ ពិដាន​អត្រា​ការប្រាក់​កម្ចី​​១៨%​អត់​បញ្ហា​ទេ!


គ្មាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ណា​មួយ​ក្ស័យ​ធន ឬ​ក៏​បិទ​ទ្វារ​អាជីវកម្ម​ដូច​ដែល​បាន​លើក​ឡើង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​លើក​ឡើង​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​កម្ចី​មិន​ឲ្យ​លើស​ពី​១៨%​ក្នុង​មួយ​ឆ្នាំ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​តូចៗ​ក្ស័យធន​និង​បិទ​ទ្វារ ​ជាដើម។
សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ធ្វើ​សន្និសីទ​កាសែត​ថ្ងៃទី២៣ មីនា ២០១៧ បញ្ជាក់ថា ពិដាន​អត្រា​ការប្រាក់​កម្ចី​មិន​បង្ក​បញ្ហា​ចោទ​ទេ។
ដោយ

នេះ​គឺ​ជា​ការ​បញ្ជាក់​អះអាង​ពី​ក្រុម​អ្នក​តំណាង​ឲ្យ​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ដែល​មាន​លោក​ឧកញ៉ា ហ៊ួត អៀង​តុង ជា​ប្រធាន​សមាគម និង​លោក​ឧកញ៉ា ប៊ុន មុន្នី ជា​ទីប្រឹក្សា​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ដែល​បាន​ធ្វើការ​បកស្រាយ​ទៅ​នឹង​សំណួរ​អ្នក​សារព័ត៌​ជាតិ​និង​អន្តរជាតិ ក្នុង​សន្និសីទ​កាសែត​ដ៏​ធំ​មួយ​រយៈពេល​ជិត​២​ម៉ោង មិន​ធ្លាប់​មាន បន្ទាប់​ពី​មាន​រឿងរ៉ាវ​ទម្លាក់​អត្រា​ការ​ប្រាក់​កម្ចី​ដ៏​លឿន​រហ័ស​មិន​បាន​គ្រោង​ទុក​នេះ។

លោក​ឧកញ៉ា ហ៊ួត អៀង តុង ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា មាន​ប្រសាសន៍​ថា ទោះ​បី​មាន​ការ​ទម្លាក់​អត្រា​ការ​ប្រាក់​មក​នៅ​ត្រឹម ១៨%​ក្នុង​មួយ​ឆ្នាំ ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ក៏​ដោយ ក៏​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ទេ ពោល​គឺ​ប្រតិបត្តិករ​ហិរញ្ញវត្ថុ​នៅ​តែ​ប្រកាន់​គោលជំហរ​រឹង​មាំ ថា នឹង​ផ្តល់​ប្រាក់​កម្ចី​ទៅ​ឲ្យ​អតិថិជន​ដដែល។

លោក​ឧកញ៉ា អៀងតុង បាន​បញ្ជាក់​ថា រឹតតែ​មិន​មាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ណា​មួយ​ត្រូវ​បាន​ច្របាច់​បញ្ចូល​គ្នា​ដើម្បី​បន្ត​អាជីវកម្ម​នោះ​ដែរ ពោល​ពួកគេ​នៅតែ​អាច​តស៊ូ​ទៅ​មុខ​បាន។

ប្រតិកម្ម​នេះ បន្ទាប់ពី​កន្លង​មក មាន​ការ​បារម្ភ​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​ចំនួន​អាច​ប្រឈម​នឹង​ការ​ក្ស័យធន​ បន្ទាប់​ពី​ធនាគារ​ជាតិ​ទម្លាក់​អត្រា​ការ​ប្រាក់​កម្ចី

លោក ហួត អៀងតុង ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា

ដូចគ្នា​នេះ​ដែរ លោក​ឧកញ៉ា ប៊ុន មុន្នី ដែល​ជា​ទីប្រឹក្សា​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ក៏​បាន​បដិសេធ​ថា មិន​មាន​ឡើយ​អ្នក​ក្ស័យធន។ យ៉ាង​ណា​ក៏​ដោយ លោក ប៊ុន មុន្នី បាន​ធ្វើការ​បញ្ជាក់​ទៅ​ដល់​សាធារណជន ថា ទំហំ​ប្រាក់​កម្ចី​កម្រិត​ប៉ុន្មាន​ក៏​ដោយ ក៏​ត្រូវ​តែ​គិត​អត្រា​ការ​ប្រាក់​តាម​គោល​នយោបាយ​ថ្មី​របស់​ធនាគារ​ជាតិ​នេះ​ដែរ។ លោក​បន្ត​ថា អ្វី​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត គឺ​ការ​រក្សា​វិនិយោគិន​បរទេស ឲ្យ​បន្ត​ការ​វិនិយោគ​នៅ​កម្ពុជា​បន្ត​ទៀត។

ការ​ធ្វើ​សន្និសីទ​កាសែត​​នេះ មិន​មាន​គោល​បំណង​ស្នើ​សុំ​ទៅ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ដំឡើង​អត្រា​ការ​ប្រាក់​កម្ចី​មក​វិញ​នោះ​ទេ គ្រាន់​តែ​ចង់​ស្រាយ​បំភ្លឺ​ដល់​អ្នក​សារព័ត៌មាន​ឲ្យ​បាន​ច្បាស់​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មិន​ជួប​បញ្ហា​ឧបសគ្គ​នោះ​ទេ។ 

តើ​នេះ​គឺ​ជា​ការ​លួង​ចិត្តឬ?

ជំនួស​មក​វិញ ដោយ​ការ​លួង​ចិត្ត​របស់​ធនាគារ​ជាតិ បន្ទាប់​ពី​ទម្លាក់​អត្រា​ការប្រាក់​កម្ចី​មក​ត្រឹម​១៨%​ក្នុង​១​ឆ្នាំ ទី១ ធនាគារ​ជាតិ​នឹង​ធ្វើការ​បន្ធូរ​បន្ថយ​តម្លៃ​អាជ្ញាប័ណ្ណ​ដល់​គ្រឹះស្ថាន ហើយ​ធនាគារ​ជាតិ​នឹង​ផ្តល់​ឥណទាន​ដោយ​ផ្ទាល់​មក​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ ប៉ុន្តែ ត្រូវ​មាន​ការ​ធានា​ឲ្យ​បាន​ច្បាស់​លាស់ ចំណែក​ចំណុច​មួយ​ទៀត គឺ​រាល់​ប្រាក់​កម្ចី​ដែល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ខ្ចី​យក​មក​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន ដែល​ត្រូវ​យក​ទៅ​ដាក់​តម្កល់​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា ១២,៥​ភាគ​រយ ក៏​ត្រូវ​លើក​លែង​ដែរ។ 

ដូច្នេះ ធនាគារ​ជាតិ​បាន​អនុគ្រោះ​ច្រើន​ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ។

លោក​ ប៊ុន មុន្នី ទីប្រឹក្សា​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា

ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​ហិរញ្ញ​វត្ថុ បាន​លើក​ឡើង​ថា នេះ​គឺ​គ្រាន់​តែ​ជា​ការ​លួង​លោម​ចិត្ត​របស់​ប្រតិបត្តិករ​ឥណទាន ដែល​កំពុង​តែ​មាន​ភាព​តានតឹង​ប្រេះ​ស្រាំ​តែ​ប៉ុណ្ណោះ។

ជា​ការ​អះអាង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ គោលដៅ​នៃ​ការ​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​កម្ចី​មិន​ឲ្យ​លើស​ពី​១៨​%ក្នុង​១​ឆ្នាំ​នេះ គឺ​ដើម្បី​ការពារ​អតិថិជន​ពី​ការ​ទទួល​កម្ចី​ដែល​មាន​ការ​ប្រាក់​ខ្ពស់​ពេក និង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​កម្ចី​ប្រកប​ដោយ​ប្រសិទ្ធភាព។

គួរ​បញ្ជាក់​ថា ការ​កំណត់​មិន​ឲ្យ​មាន​អត្រា​ការ​ប្រាក់​កម្ចី​លើស​ពី​១៨% ក្នុង​មួយ​ឆ្នាំ សម្រាប់​កម្ចី​ចេញ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ និង​ប្រតិបត្តិករ​ឥណទាន អាច​ធ្វើការ​បាន​ក្នុង​ទំហំ​ទឹក​ប្រាក់ ៣​ពាន់​ដុល្លារ ប៉ុន្តែ មាន​ការ​លំបាក​បន្តិច​សម្រាប់​កម្ចី​ក្រោម​១​ពាន់​ដុល្លារ។

យ៉ាង​ណា​ក៏​ដោយ​ចុះ គ្រឹះស្ថាន​ផ្តល់​ប្រាក់​កម្ចី​ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការ​ស្វែងរក​យុទ្ធសាស្រ្ត​ដើម្បី​រក្សា​និរន្តរភាព​រៀងៗ​ខ្លួន ដោយ​អនុវត្ត​តាម​យុទ្ធវិធី​រៀងៗ​ខ្លួន​ដែរ ដោយ​អ្នក​ខ្លះ​ព្យយាម​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេងៗ ដូចជា ប្រាក់​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​បុគ្គលិក រួម​នឹង​ការ​ចំណាយ​ដែល​មិន​ចាំបាច់​ជាដើម៕




អត្ថបទបន្ទាប់


សៀវភៅ​ដែល​ធ្វើ​ឲ្យ ប៊ីល ហ្គេតស៍ អាន​ហើយ​ស្រក់​ទឹក​ភ្នែក !

ព័ត៌មាន
មហាសេដ្ឋី​ពិភពលោក ប៊ីល ហ្គេតស៍ (Bill Gates) ថ្មីៗ បាន​សរសេរ​អត្ថបទ​មួយ​ចុះ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​ផ្ទាល់​ខ្លួន​របស់​លោក ដោយ​ដាក់​ចំណ…

ទីសត្តឃាត​គោ​អូស្ត្រាលី​លំដាប់​អន្តរជាតិ​តែ​មួយ​គត់នៅ​កម្ពុជា​ប្រឈម​នឹង​ការ​ក្ស័យ​ធន

ព័ត៌មាន
ទីពិឃាត​គោ​អូស្រ្តាលី​ដ៏​ធំ​ជាង​គេ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​ដែល​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក​​នេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ