រុស្ស៊ីវាយប្រហារក្រុងកំពង់ផែ

រុស្ស៊ីវាយប្រហារក្រុងកំពង់ផែ ម៉ារីយ៉ូប៉ូលរបស់អ៊ុយរក្រែនស្ទើរទៅជាផេះ និងថែមទាំងគំរាមប្រើនុយក្លេអ៊ែរ


អាជ្ញាធរក្រុងកំពង់ផែម៉ារីយូប៉ូល(Mariupol) របស់អ៊ុយក្រែនបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្សីកំពុងប្រែក្លាយទីក្រុងមួយនេះ ស្ទើរក្លាយទៅជាផេះទៅហើយ ខណៈដែលសហរដ្ឋអាមេរិក និងអឺរ៉ុបឯណោះវិញ គ្រោងដាក់ទណ្ឌកម្មបន្ថែមទៀតលើទីក្រុងម៉ូស្កូ ក្នុងគោលដៅដាក់គំនាបកាន់តែធ្ងន់ធ្ងរលើប្រធានាធិបតីរុស្ស៊ី លោកពូទីន ឲ្យបន្ថយ ឬបញ្ឈប់ការវាយប្រហារដ៏ខ្លាំងក្លាទៅលើអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រុស្ស៊ីវាយប្រហារក្រុងកំពង់ផែ ម៉ារីយ៉ូប៉ូលរបស់អ៊ុយរក្រែនស្ទើរទៅជាផេះ និងថែមទាំងគំរាមប្រើនុយក្លេអ៊ែរ

មេបញ្ជាការ​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ការ​ប្រយុទ្ធ​គ្នា និង​ការ​ទម្លាក់​គ្រាប់បែក​បាន​កើតឡើង​កាន់តែ​ខ្លាំង​ជាង​មុន​ទៀត​នៅ​ក្នុង​ទីក្រុង ម៉ា​រី​យ៉ូ​ប៉ូ​ល ពោល​គឺ​នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុង​មួយ​នេះ​បាន​បដិសេធ​ឱសានវាទ​ពី​រុ​ស្ស៊ី ដែល​ឲ្យ​ពួក​គេ​លើក​ទង់ជ័យ​ស​សុំ​ចុះចាញ់​។ មនុស្ស​រាប់រយ​ពាន់​នាក់​ត្រូវ​បាន​គេ​ជឿ​ថា កំពុង​សំងំ​លាក់ខ្លួន​នៅ​ខាងក្នុង​អគារ ដោយ​មិន​មាន​អាហារ ទឹក និង​ថាមពល​អគ្គិសនី​ប្រើប្រាស់​នោះ​ទេ​។ 

ទោះបី​ព្យាយាម​បង្កើន​ការ​វាយប្រហារ​ខ្លាំង​ជាង​មុន​ក៏​ដោយ ក៏​រុ​ស្ស៊ី នៅ​មិន​ទាន់​អាច​វាយ​គ្រប់គ្រង​បាន​ទីក្រុង​ដ៏​សំខាន់​មួយ​នេះ​បាន​នៅឡើយ​។ ប៉ុន្តែ​បើ​តាម​សេចក្តីរាយការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន​របស់​រុ​ស្ស៊ី​បាន​និយាយ​ថា កងកម្លាំង​រុ​ស្ស៊ី និង​ពួក​ឧទ្ទាម​បំបែក​ខ្លួន​ដែល​គាំទ្រ​ដោយ​រុ​ស្ស៊ី​នោះ បាន​កាន់កាប់​ប្រហែល​ពាក់កណ្តាល​នៃ​ទីក្រុង​ទៅ​ហើយ ដែល​ជា​ធម្មតា​ពាក់កណ្តាល​នៃ​ទីក្រុង គឺ​អាច​មាន​ប្រជាជន​ប្រហែល ៤០​ម៉ឺន​នាក់​រស់នៅ​។

បើ​តាម​អភិបាលរង​ក្រុង Mariupol លោក សេ​រឺ​ហ្កី អរ​ឡូ​វ​(Sergei Orlov) បាន​ប្រាប់ CNN ថា ទីក្រុង​នេះ​ស្ថិត​នៅ​ក្រោម​ការ​បិទផ្លូវ​ចេញចូល​ទាំងស្រុង ហើយ​ពិបាក​នឹង​ទទួល​ជំនួយ​មនុស្សធម៌​ខ្លាំង​ណាស់ ប្រការ​នេះ​រិ​ត​តែ​ជំរុញ​ឲ្យ​ស្ថានភាព​មនុស្សធម៌​កាន់តែ​ដុនដាប​មួយ​កម្រិត​ទៀត​។

ហេតុ​អ្វី​ក្រុង​កំពង់​ផែ​ម៉ា​រី​យ៉ូ​ប៉ូ​ល​ជា​ផ្ទាំង​ស៊ី​ប​របស់​ទាហាន​រុ​ស្ស៊ី​ខ្លាំង​ម្ល៉េះ?

ក្រុង Mariupol បាន​ក្លាយជា​ចំណុច​សំខាន់​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដែល​បាន​ផ្ទុះ​ឡើង​តាំង​តែ​ពី​ថ្ងៃ​ទី​២៤​ខែកុម្ភៈ នៅ​ពេល​ដែល​ប្រធានាធិបតី​រុ​ស្ស៊ី​លោក Vladimir Putin បាន​សម្រេច​បញ្ជូន​កងទ័ព​ចូល​ដែនដី​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ដំបូង​មក​។

ក្រុង​កំពង់​ផែ​មួយ​នេះ​ស្ថិត​នៅ​លើ​តាម​បណ្តោយ​សមុទ្រ Azov ដែល​ជា​ផ្លូវ​នាវាចរ​ដ៏​សំខាន់​សម្រាប់​នាវាចម្បាំង ហើយ​ការ​ដណ្តើម​បាន​ក្រុង​មួយ​នេះ នឹង​អនុញ្ញាត​ឱ្យ​រុ​ស្ស៊ី​ភ្ជាប់​តំបន់​នានា​នៅ​ភាគ​ខាងកើត ដែល​កាន់កាប់​ដោយ​ពួក​បំបែក​ខ្លួន​គាំទ្រ​ដោយ​រុ​ស្ស៊ី ជាមួយនឹង​តំបន់ គ្រី​មេ ដែល​ទីក្រុង​ម៉ូ​ស្គូ​បាន​កាត់​យក​កាលពី​ឆ្នាំ​២០១៤ ពី​អ៊ុយ​ក្រែ​ន​។

គួរ​ជម្រាប​ថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskiy បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​ពិភាក្សា​សន្តិភាព​រវាង​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី​អាច​ជា​ការ​តឹង​ស​សៃ​ក​ដាក់​គ្នា ប៉ុន្តែ​វា​នឹង​នៅ​តែ​ឆ្ពោះទៅ​មុខ​ដដែល ខណៈ​ដែល​លោក​ខាងលិច​គ្រោង​ក៏​នឹង​បន្ត​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​នឹង​វិមាន​ក្រឹម​ឡាំង​។  ប៉ុន្តែ​ទណ្ឌកម្ម​ថ្មី​ៗ នឹង​មាន​អ្វីខ្លះ​នោះ គេ​ត្រូវ​រង់ចាំ​ដល់​កិច្ចប្រជុំ អា​មេ​រិ​ក​-​អឺរ៉ុប ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៤​មីនា ស​ប្តា​ហ៍​នេះ បិទ​បញ្ចប់​ជា​មុន​សិន​។ 

សង្គ្រាម​ដែល​អូស​បន្លាយ​អស់​ពេល​មួយ​ខែ​មក​ហើយ មិន​ទាន់​បង្ហាញ​ពី​សញ្ញា​ធូរស្បើយ​បន្តិច​ទេ ហើយ​ផ្ទុយ​ទៅ​វិញ មាន​តែ​តានតឹង​ឡើង​ៗ​។ ជាក់ស្តែង​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌី​មេ​ទ្រី ប៉េ​ស​ស្កូវ (Dmitry Peskov) ក្នុង​បទ​សម្ភាស​មួយ​កាលពី​ថ្ងៃ​ទី​២២ ខែមីនា បាន​អះអាង​ថា គោលនយោបាយ​សន្តិសុខ​ជាតិ​រុ​ស្ស៊ី​គឺ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ក្នុង​កាលៈទេសៈ​ណា​ដែល​សន្តិសុខ​ជាតិ​រុ​ស្ស៊ី​រង​ការ​គំរាមកំហែង និង​ក្រោម​ហេតុផល​មួយ​ចំនួន​ទៀត​ដែល​បាន​ចែង​។ 

គួរ​រំឭក​ថា កងកម្លាំង​នុយក្លេអ៊ែរ​រុ​ស្ស៊ី​តាំង​តែ​ពី​ខែ​មុន​មក​ម្ល៉េះ បាន​ស្ថិត​ក្នុង​លក្ខណៈ​ត្រៀម​ប្រុង​ជើងការ​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ក្រោម​បទបញ្ជា​របស់​បុរស​ខ្លាំង វ្ល៉ា​ឌី​មៀ ពូ​ទី​ន​។ ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​លោក​ខាងលិច​បារម្ភ​ថា រុ​ស្ស៊ី​អាច​ប្រើប្រាស់​អាវុធ​ប្រល័យ​លោក​ជាយថាហេតុ​។

ទោះបីជា​ប​ស្ចឹ​ម​លោក​មាន​ក្តី​បារម្ភ​បែប​នេះ​ក្តី ប្រមុខ​អង្គការសហប្រជាជាតិ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស កាលពី​ពេល​ថ្មី​ៗ​បាន​លើក​ឡើង​ថា សង្គ្រាម​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន នឹង​មិន​មាន​អ្នក​ឈ្នះ និង អ្នក​ចាញ់​ឡើយ ដោយ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ វា​នឹង​ប្តូរ​ពី​ការ​ប្រយុទ្ធ​គ្នា ទៅ​ជា​ការ​ចរចា​ប្រកបដោយ​សន្តិភាព​៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើរុស្ស៊ីអាចខ្ទាតចេញពីសមាជិក G20 ដូចបំណងប្រទេសលោកខាងលិចដែរ ឬទេ?

ព័ត៌មាន
ប្រភពជិតស្និទ្ធដែលបានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ៧រ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចដែលជាសម្ព័ន្ធមិត្ត កំពុងធ្វើការវាយ…

ច្បាប់ថ្មីហ្វីលីពីនអនុញ្ញាតឲ្យជនបរទេសអាចកាន់កាប់ភាគហ៊ុន១០០% លើធុរកិច្ចសំខាន់ៗក្នុងវិស័យមួយចំនួន

ព័ត៌មាន
ប្រធានាធិបតីហ្វីលីពីន លោក Duterte បានចុះហត្ថលេខាលើវិសោធនកម្មច្បាប់ថ្មីមួយ ដោយអនុញ្ញាតឱ្យជនបរទេសអាចមានសិទ្ធិកាន់កាប់ភាគហ៊ុនទាំងស្រុងនៅក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ