រុស្សី-កូរ៉េខាងជើង

ចារកម្មអាមេរិកថា រុស្ស៊ីនឹងទិញគ្រាប់រ៉ុក្កែត និងគ្រាប់កាំភ្លើងធំពីប្រទេសកូរ៉េខាងជើង


ទីភ្នាក់ងារចារកម្មសហរដ្ឋអាមេរិក បានអះអាងថា ក្រសួងការពារជាតិរុស្ស៊ីកំពុងស្ថិតក្នុងដំណើរការទិញគ្រាប់រ៉ុក្កែត និងគ្រាប់កាំភ្លើងធំរាប់លានគ្រាប់ពីប្រទេសកូរ៉េខាងជើងសម្រាប់ការធ្វើសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលគិតមកទល់ពេលនេះ សង្គ្រាមបានបន្ដអូសបន្លាយមកជាងកន្លះឆ្នាំមកហើយ ប៉ុន្ដែ ការប្រយុទ្ធគ្នានៅតែបន្ដយ៉ាងខ្លាំងក្លា មិនមានពន្លឺសន្ដិភាពនៅឡើយទេ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារទីភ្នាក់ងារព័ត៌មាន AP។
ចារកម្មអាមេរិកថា រុស្ស៊ីនឹងទិញគ្រាប់រ៉ុក្កែត និងគ្រាប់កាំភ្លើងធំពីប្រទេសកូរ៉េខាងជើង

មន្ត្រីអាមេរិកម្នាក់ដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកបានអះអាងថា ការពិតដែលថាប្រទេសរុស្ស៊ីកំពុងងាកទៅរករដ្ឋឯកោគឺកូរ៉េខាងជើងនេះ គឺវាបានបង្ហាញថា យោធារុស្ស៊ីកំពុងបន្តជួបការខ្វះខាតការផ្គត់ផ្គង់អាវុធយ៉ាងខ្លាំង សម្រាប់ការធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលមួយផ្នែកដោយសារតែការរឹតបន្តឹងលើការនាំចេញ និងទណ្ឌកម្ម។

មន្ត្រីចារកម្មអាមេរិកជឿជាក់ថា ជនជាតិរុស្ស៊ីអាចស្វែងរកទិញឧបករណ៍យោធាពីកូរ៉េខាងជើងបន្ថែមនាពេលអនាគត ហើយការរកឃើញដោយសម្ងាត់នេះ ត្រូវបានរាយការណ៍ដំបូងដោយកាសែត The New York Times របស់សហរដ្ឋអាមេរិក។ ទោះយ៉ាងណាក៏ដោយមន្ត្រីសហរដ្ឋអាមេរិករូបនេះ មិនបានលម្អិតថាតើសម្ភារៈយោធាដែលរុស្ស៊ីមានបំណងទិញពីកូរ៉េខាងជើងនេះមានចំនួនប៉ុន្មាននោះទេ។

លទ្ធផលដែលគេបានរកឃើញនេះបានកើតឡើងបន្ទាប់ពីរដ្ឋបាលលោក ចូ បៃដិន កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា យោធារុស្ស៊ីកាលពីខែសីហាបាននាំយកយន្តហោះគ្មានមនុស្សបើកដែលផលិតដោយអ៊ីរ៉ង់សម្រាប់ប្រើប្រាស់នៅលើសមរភូមិនៅក្នុងប្រទេសអ៊ុយក្រែន។

សេតវិមានបាននិយាយកាលពីសប្តាហ៍កន្លងទៅនេះថា ប្រទេសរុស្ស៊ីបានប្រឈមមុខនឹងបញ្ហាបច្ចេកទេស ដោយមិនចេះប្រើយន្តហោះគ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់ដែលបានទិញពីរដ្ឋាភិបាលក្រុងតេអេរ៉ង់កាលពីខែសីហា សម្រាប់ប្រើនៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ុយក្រែន។

រុស្សីបានរៀនប្រើយន្តហោះគ្មានមនុស្សបើកស៊េរី Mohajer-6 និង Shahed អស់រយៈពេលជាច្រើនថ្ងៃកាលពីខែមុននេះ ដែលរដ្ឋបាលរបស់លោក បៃដិន និយាយថា វាទំនងជាជាផ្នែកមួយនៃផែនការរបស់រុស្ស៊ីក្នុងការទិញយន្តហោះគ្មានមនុស្សបើកពីអ៊ីរ៉ង់រាប់រយគ្រឿងសម្រាប់ប្រើក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

យ៉ាងណាមិញ ខាងកូរ៉េខាងជើងមួយរយៈចុងក្រោយនេះ ក៏បានព្យាយាមរឹតចំណងទំនាក់ទំនងជាមួយរុស្ស៊ីកាន់តែខ្លាំងឡើងដែរ ក្នុងពេលដែលអឺរ៉ុប និងប្រទេសបស្ចិមលោកជាច្រើនបានដកខ្លួនចេញពីរុស្ស៊ីជាបណ្ដើរៗ ហើយកូរ៉េខាងជើងបានបន្ទោសសហរដ្ឋអាមេរិកចំពោះវិបត្តិនៅអ៊ុយក្រែន និងបានថ្កោលទោស “គោលនយោបាយអនុត្តរភាព” របស់បស្ចិមលោក ហើយបានបង្ហាញពីភាពត្រឹមត្រូវនៃសកម្មភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ដើម្បីការពារខ្លួនផងដែរ។

ប្រទេសកូរ៉េខាងជើងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបញ្ជូនកម្មករសំណង់របស់ខ្លួនឱ្យទៅជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅលើទឹកដីដែលកាន់កាប់ដោយរុស្ស៊ីស្ថិតនៅភាគខាងកើតរបស់ប្រទេសនេះឡើងវិញ។

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងមូស្គូនាពេលថ្មីៗនេះ បានជួបជាមួយបេសកជនមកពីតំបន់បំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ីចំនួនពីរនៅក្នុងតំបន់ Donbas នៅប្រទេសអ៊ុយក្រែន និងបានសម្តែងសុទិដ្ឋិនិយមពីកិច្ចសហប្រតិបត្តិការនៅក្នុង«វិស័យការងារចំណាកស្រុក»ដោយលើកឡើងពីការបន្ធូរបន្ថយការត្រួតពិនិត្យព្រំដែនរបស់ប្រទេសកូរ៉េខាងជើងផងដែរ។

យ៉ាងណាក៏ដោយចុះ ការនាំចេញអាវុធរបស់កូរ៉េខាងជើងទៅប្រទេសរុស្ស៊ីនឹងបំពានលើសេចក្ដីសម្រេចចិត្តអង្គការសហប្រជាជាតិ ដែលហាមឃាត់ប្រទេសនេះមិនឱ្យនាំចេញ ឬក៏នាំចូលអាវុធពីប្រទេសដទៃទៀត។ ហើយលទ្ធភាពនៃការបញ្ជូនពលករទៅកាន់ទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីនៅអ៊ុយក្រែននេះ ក៏នឹងបំពានលើសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិដែលតម្រូវឱ្យរដ្ឋសមាជិកទាំងអស់ត្រូវធ្វើមាតុភូមិនិវត្តន៍ពលករកូរ៉េខាងជើងទាំងអស់នោះចេញពីទឹកដីរបស់ពួកគេដូចបានកំណត់នៅឆ្នាំ២០១៩ផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


បុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ នៅចុងខែកញ្ញានេះ នឹងត្រូវចំណាយជាង១២លានដុល្លារ

ព័ត៌មាន
បើយោងតាមការប៉ាន់ប្រមាណថ្មីចុងក្រោយរបស់រដ្ឋាភិបាលជប៉ុននៅថ្ងៃអង្គារ ទី ៦ ខែ កញ្ញានេះ បានបង្ហាញថា ប្រទេសជប៉ុននឹងចំណាយប្រាក់អស់ប្រហែល១២លានដ…

រុស្ស៊ីអះអាងថា នឹងបង្កើនការលក់ប្រេងឱ្យអាស៊ី ដើម្បីឆ្លើយតបការដាក់គំនាបថ្លៃប្រេងពីលោកខាងលិច

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ីបានអះអាងនាពេលថ្មីៗនេះថា រុស្ស៊ីនឹងឆ្លើយតបទៅនឹងការដាក់គំនាបរបស់លោកខាងលិច ដែលបានកំណត់តម្លៃប្រេងរបស់ខ្លួន ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ