ច្រកសមុទ្រតៃវ៉ាន់ជាផ្លូវទឹកអន្តរជាតិ ហើយពិភពលោកនឹងជួបវិបត្តិខ្លាំងជាងសង្គ្រាមអ៊ុយក្រែនទៅទៀត

តៃវ៉ាន់បោះពាក្យថា ពិភពលោកនឹងជួបវិបត្តិខ្លាំងជាងឥទ្ធិពលសង្គ្រាមនៅអ៊ុយក្រែនទៅទៀត «ប្រសិនបើចិនហ៊ានវាយតៃវ៉ាន់មែន»


អ្នកចរចាពាណិជ្ជកម្មកំពូលរបស់តៃវ៉ាន់ បានបោះពាក្យសម្ដីព្រមានចំៗថា ប្រសិនបើចិនហ៊ានវាយប្រហារលើកោះតៃវ៉ាន់មែន នោះពិភពលោកនឹងប្រឈមមុខនឹងវិបត្តិពាណិជ្ជកម្មសាកលខ្លាំងជាងអ្វីដែលកំពុងបង្កឡើងដោយវិបត្តិសង្រ្គាមនៅអ៊ុយក្រែនទៅទៀត ហើយអ្វីដែលកាន់តែអាក្រក់បំផុតនោះ គឺពិភពលោកអាចប្រឈមនឹងការខ្វះខាតបន្ទះឈីបសកលយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានតែម្ដង។ នេះបើតាមចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
តៃវ៉ាន់បោះពាក្យថា ពិភពលោកនឹងជួបវិបត្តិខ្លាំងជាងឥទ្ធិពលសង្គ្រាមនៅអ៊ុយក្រែនទៅទៀត «ប្រសិនបើចិនហ៊ានវាយតៃវ៉ាន់មែន»

ជួនចំពេលដែលសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែននៅអ៊ឺរ៉ុបកំពុងអូសបន្លាយ ដែលបណ្តាលឲ្យពិភពលោកធ្លាក់ចូលក្នុងវិបត្តិជាច្រើន ជាពិសេសវិបត្តិស្បៀងអាហារធ្ងន់ធ្ងរផងនោះ លោក ចន ដេង (John Deng) ដែលជាអ្នកចរចាពាណិជ្ជកម្មកំពូលរបស់តៃវ៉ាន់បានព្រមានថា ប្រសិនបើចិនវាយប្រហារតៃវ៉ាន់មែន ពាណិជ្ជកម្មពិភពលោកនឹងកាន់តែអាក្រក់ជាងអ្វីដែលកំពុងកើតឡើងដោយសារសង្គ្រាមនៅអ៊ុយក្រែននេះទៅទៀត ព្រោះការពឹងផ្អែករបស់ពិភពលោកមកលើតៃវ៉ាន់ក្នុងការផលិតបន្ទះឈីប ដែលប្រើសម្រាប់ការផលិតរថយន្តអគ្គិសនី និងទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិកផ្សេងៗទៀត គឺវាមានច្រើនលើសលប់ណាស់។

លោក John Deng បានប្រាប់ទីភ្នាក់ងាររ៉យទ័រក្នុងបទសម្ភាសន៍មួយ ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវថ្នាក់រដ្ឋមន្ត្រីនៃអង្គការពាណិជ្ជកម្មពិភពលោកថា បើចិនហ៊ានវាយប្រហារតៃវ៉ាន់មែន នោះវានឹងមានការរំខានយ៉ាងខ្លាំងដល់ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ និងការរំខានដល់ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ឬអាចលើសពីនោះក៏ថាបាន។

គួររំលឹកឡើងវិញថា ទិន្នន័យរបស់តៃវ៉ាន់បានបង្ហាញថា កោះតៃវ៉ាន់បាននឹងកំពុងគ្រប់គ្រងទីផ្សារពិភពលោកក្នុងការផលិតបន្ទះឈីបទំនើបៗបំផុតរបស់ខ្លួន ជាមួយនឹងទឹកប្រាក់នាំចេញមានដល់ទៅ ១១៨ ពាន់លានដុល្លារកាលពីឆ្នាំមុន។ លោក ចន ដេង បាននិយាយថា លោកសង្ឃឹមថា ទីក្រុងតៃប៉ិកនឹងកាត់បន្ថយចំណែក ៤០% នៃការនាំចេញឈីបរបស់ខ្លួនទៅកាន់ប្រទេសចិនផងដែរ។

គួរបញ្ជាក់ថា តៃវ៉ាន់ដែលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏បានចូលរួមក្នុងការដាក់ទណ្ឌកម្មជាមួយលោកខាងលិចទៅលើប្រទេសរុស្ស៊ីផងដែរ។ ហើយអង្គការពាណិជ្ជកម្មពិភពលោកនេះ គឺជាអង្គការពហុភាគីមួយក្នុងចំនោមអង្គការពហុភាគីដទៃទៀត ដែលប្រទេសចិន និងតៃវ៉ាន់ ធ្វើការជាមួយគ្នា ចាប់តាំងពីទីក្រុងប៉េកាំង រារាំងការចូលរួមរបស់តៃវ៉ាន់នៅក្នុងអង្គការអន្តរជាតិផ្សេងទៀត។

សូមបញ្ជាក់ថា ភាពតានតឹងរវាងកោះតៃវ៉ាន់ និងចិន កំពុងកើនឡើងខ្លាំង ស្ទើរតែផ្ទុះម្ដងៗទៅហើយនៅមួយរយៈចុងក្រោយនេះ ដោយក្នុងនោះ តៃវ៉ាន់ តែងតែស្រែកចោទប្រកាន់ចិនថា បានគំរាមកំហែងមកលើខ្លួន តាមរយៈសកម្មភាពយោធា ទាំងនៅផ្នែកដែនសមុទ្រ និងដែនអាកាស។

យ៉ាងណាមិញ សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៤មិថុនាបានគាំទ្រការអះអាងរបស់តៃវ៉ាន់ដែលថា ច្រកសមុទ្រ ដែលបែងចែកកោះតៃវ៉ាន់ពីចិនដីគោក ដោយអាមេរិកចាត់ទុកថា ច្រកសមុទ្រតៃវ៉ាន់នោះគឺជាផ្លូវទឹកអន្តរជាតិ ហើយបានច្រានចោលម្តងហើយម្តងទៀតចំពោះការអះអាងរបស់ទីក្រុងប៉េកាំងក្នុងការអនុវត្តអធិបតេយ្យភាពលើផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ។

គួរជម្រាបថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិន "មានអធិបតេយ្យភាព សិទ្ធិអំណាច និងសមត្ថកិច្ចស្របច្បាប់លើច្រកសមុទ្រតៃវ៉ាន់នេះ" ហើយថា "ជាការអះអាងមិនពិត នៅពេលដែលប្រទេសមួយចំនួនហៅច្រកសមុទ្រតៃវ៉ាន់ថាជា "ផ្លូវទឹកអន្តរជាតិ" ។

យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក នេដ ប៉្រាយ (Ned Price) បាននិយាយនៅក្នុងអ៊ីមែលមួយផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា “ច្រកសមុទ្រតៃវ៉ាន់ គឺជាផ្លូវទឹកអន្តរជាតិ មានន័យថា ច្រកសមុទ្រនេះ គឺជាតំបន់ដែលមានសេរីភាពសមុទ្រខ្ពស់ រួមទាំងសេរីភាពនៃការធ្វើនាវាចរណ៍ និងជើងហោះហើរផងដែរ ដែលត្រូវបានធានាក្រោមអន្តរជាតិច្បាប់"។

តាំងពីដើមរៀងមក ប្រទេសចិនមិនដែលបោះបង់ការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះតៃវ៉ាន់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ហើយចាត់ទុកកោះនេះគ្រាន់តែជាខេត្តមួយនៃទឹកដីរបស់ប្រទេសចិនប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ តៃវ៉ាន់និយាយថា ចិនគ្មានសិទ្ធិនិយាយបែបនេះបែបនោះ ក្នុងការទាមទារអធិបតេយ្យភាពមកលើដែនកោះរបស់ខ្លួនទេ ដោយបញ្ជាក់ថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចអនាគតរបស់ពួកគេបាន៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចូលដែកកើនឡើង ប៉ុន្ដែបញ្ហាដែកឡើងថ្លៃកំពុងបង្កក្តីបារម្ភដល់ក្រុមហ៊ុនម៉ៅការសាងសង់

ព័ត៌មាន
របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបង្ហាញថា ការនាំចូលដែក និងដែកថែបរបស់កម្ពុជាមានការកើនឡើងជិត២០% នៅ៥ខែឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូច…

UN អំពាវនាវឲ្យរបបយោធាមីយ៉ាន់ម៉ា បញ្ឈប់ការកាត់ទោសប្រហារជីវិតទៅលើជនស៊ីវ៉ីលជាបន្ទាន់

ព័ត៌មាន
ប្រធានសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃទី ១៤មិថុនាថា របបយោធាមីយ៉ាន់ម៉ាទំនងជាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ