សហរដ្ឋអាមេរិក​

រដ្ឋចំនួន១០ ប្ដឹងរដ្ឋបាលលោកចូបៃឌិន ទាក់ទងនឹងការតម្រូវឲ្យបុគ្គលិកសុខាភិបាលត្រូវតែចាក់វ៉ាក់សាំង


ប្រធានទីប្រឹក្សាផ្នែកច្បាប់របស់រដ្ឋចំនួន ១០ មកពីគណៈបក្សសាធារណរដ្ឋ បានប្ដឹងរដ្ឋបាលលោកចូបៃឌិន ដែលបានដាក់បទបញ្ជាតម្រូវឲ្យកម្មករសុខាភិបាលរាប់លាននាក់នៅអាមេរិក ត្រូវតែទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ខណៈដែលមានអ្នកខ្លះមិនចង់ចាក់វ៉ាក់សាំងនោះឡើយ។ ប្រធានទីប្រឹក្សាផ្នែកច្បាប់របស់រដ្ឋទាំងនោះ ក៏បានលើកឡើងថា ការចេញវិធានការតម្រូវឲ្យចាក់វ៉ាក់សាំងយ៉ាងដូច្នេះ អាចនឹងធ្វើឲ្យបញ្ហាកង្វះខាតបុគ្គលិកនៅក្នុងសហរដ្ឋអាមេរិកនឹងកាន់មានស្ថានភាពអាក្រក់ទៅៗ ព្រោះតែបុគ្គលិកសុខាភិបាលនឹងសុខចិត្តមិនមកធ្វើការនោះទេ។
ប្រធានាធិបតិសហរដ្ឋអាមេរិក​ លោក ចូ ប៉ៃឌិន

លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក បាន​និយាយ​កាលពីសប្ដាហ៍មុននេះថា លោកនឹង​ដាក់ឲ្យ​អនុវត្ត​បទបញ្ជា​តម្រូវឲ្យ​បុគ្គលិក​សុខាភិបាល​ត្រូវតែ​ទទួល​ការចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីថ្ងៃទី​៤ខែមករា​ឆ្នាំ២០២២តទៅ។ ក្រោយពីមានការ​ប្រកាសឡើងយ៉ាងដូច្នេះ ក្រុម​ប្រធាន​​ទីប្រឹក្សាផ្នែកច្បាប់​របស់​រដ្ឋ​ចំនួន​ ១០ ដែលមកពី​គណៈបក្ស​​សាធារណៈរដ្ឋ បាន​រួមគ្នា​​ដាក់​ពាក្យ​​​​ប្ដឹងជំទាស់​រដ្ឋបាល​លោកចូបៃឌិន​​ចំពោះ​​ការអនុវត្ត​បទបញ្ជានេះ។

ទីប្រឹក្សាផ្នែកច្បាប់​ម្នាក់​មកពីរដ្ឋ​ Kansas គឺលោក ឌឺរេក ស្មីត (Derek Schmidt) បាននិយាយថា ការដាក់ចេញនូវបទបញ្ជាបន្ថែម ទៅលើ​បុគ្គលិក​នៅក្នុង​វិស័យសុខាភិបាល​នេះ នឹង​ធ្វើបញ្ហា​កាន់តែធ្ងន់ធ្ងរឡើង ហើយ​បុគ្គលិក​នឹងមិនមកធ្វើការទៀតនោះទេ។

នៅក្នុងពាក្យបណ្ដឹងបានបញ្ជាក់ទៀតថា បទបញ្ជា​របស់​រដ្ឋាភិបាល​សហព័ន្ធ បានរំលោភ​លើ​អំណាច​ប៉ូលីសនៅក្នុង​រដ្ឋ​ ហើយ​វាមិនស្រប​ទៅតាមច្បាប់​នៅក្រោម​​នីតិរដ្ឋបាល​នោះឡើយ ពីព្រោះតែវា​មិនត្រូវបាន​ដាក់​ឲ្យមានការ​បញ្ចេញមតិ មុនពេល​បទបញ្ជានេះចេញនោះទេ។ ជាទូទៅ ដើម្បីអាចចេញបទបញ្ជា ឬច្បាប់​បណ្ដោះអាសន្នបែបនេះបាន គេត្រូវ​បើកឲ្យមានការ​ឆ្លងការផ្ដល់មតិយោបល់​​ក្នុងរយៈពេល​៦០ថ្ងៃដែរ មុននឹងចេញច្បាប់។

តាមអ្វីដែលបាន​ចែងក្នុងបទបញ្ជា​ដែលដាក់ចេញ​ដោយ​រដ្ឋបាល​លោកចូបៃឌិន សម្រាប់​អ្នកផ្ដល់សេវា​សុខាភិបាលទាំងឡាយណា ដែលមិន​អនុវត្ត​តាមបទបញ្ជា ពោលគឺមិនបាន​ចាក់វ៉ាក់សាំង នឹងត្រូវបាត់បង់សិទ្ធិ​ក្នុងការទទួលបានមូលនិធិផ្ដល់ជូន​ដោយរដ្ឋ។ មូលនិធិទាំងនោះ រួមមានការ​ផ្ដល់ជូន​ប្រាក់ឧបត្ថម្ភ​នៅពេល​បុគ្គលិកទាំងនោះមានវ័យ​ចាប់ពី៦៥ឆ្នាំឡើងទៅ ឬក៏មានពិការភាព និងមូលនិធិសម្រាប់ជនក្រីក្រជាដើម។

គួរបញ្ជាក់ថា បើទោះបីជា បច្ចុប្បន្ន អាមេរិក​មានការចាក់វ៉ាក់សាំង​បាន​ក្នុងចំនួន​ច្រើន​ក៏ដោយចុះ ប៉ុន្ដែ ក៏នៅមានពលរដ្ឋ​មួយចំនួន​ពិសេស​អ្នកដែលមាននិន្នាការ​ទៅខាងគណៈបក្ស​សាធារណៈរដ្ឋ​ គឺមិនចង់ទទួល​ការចាក់វ៉ាក់សាំងនោះទេ ដែលវា​បាន​ធ្វើឲ្យ​រដ្ឋាភិបាលអាមេរិក មានការលំបាកមែនទែន​ក្នុងការ​ទប់ទល់​នឹង​ការឆ្លងកូវីដ១៩។ បន្ថែមពីនេះទៀត ក្រោយមាន​ដំណឹង​ពីការរកឃើញ​ថ្នាំគ្រាប់ព្យាបាលកូវីដ១៩រួចមក វាក៏បាន​ធ្វើឲ្យ​រដ្ឋាភិបាល​អាមេរិក​បារម្ភកាន់តែខ្លាំងថា នឹងធ្វើឲ្យប៉ះពាល់​ដល់​យុទ្ធនាការចាក់វ៉ាក់សាំង​ ដ្បិតថា ពលរដ្ឋ​ខ្លះ​មានទំនោរចង់​ទទួល​ការប្រើប្រាស់​ថ្នាំព្យាបាលកូវីដ១៩ ជាជាង​ការចាក់វ៉ាក់សាំង។ ទោះយ៉ាងណា ក្រុមអ្នកជំនាញ​សុខាភិបាល​បាន​អះអាងថា ការដែល​​មិនព្រមទទួលវ៉ាក់សាំងនេះ វា គឺជាកំហុស​ធំមួយទៅថ្ងៃអនាគត ព្រោះថា មានតែវ៉ាក់សាំងទេ ដែលអាចការពារខ្លួនពីការឆ្លងកូវីដ១៩ និងការពារ​ក្រុមគ្រួសារ និងអ្នកជុំវិញខ្លួនមិនឲ្យឆ្លងកូវីដ១៩ ហើយវ៉ាក់សាំង​ក៏មានសារសំខាន់​ក្នុងការ​បង្កើតនូវភាពស៊ាំនៅក្នុងសហគមន៍ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំកំពង់ផែស្វយ័តភ្នំពេញអះអាងថា វិបត្តិកូវីដ១៩ មិនបានធ្វើឲ្យរាំងស្ទះខ្លាំងដល់ការនាំចេញទំនិញរបស់កម្ពុជាឡើយ

ព័ត៌មាន
អគ្គនាយកកំពង់ផែស្វយ័តក្រុងភ្នំពេញបានអះអាងប្រាប់ខេមបូណូមីសថា ថ្វីត្បិតតែវិបត្តិកូវីដ-១៩ ក្នុងរយៈពេលជិត ២ឆ្នាំមកនេះ បានជះឥទ្ធិពលដល់សេដ្ឋកិ…

បុរសខ្លះរដ្ឋចិនលោក ស៊ី ជីនពីង ព្រមានពីសង្រ្គាមត្រជាក់កើតឡើងវិញនៅចំពោះមុខសម្ព័ន្ធមិត្តត្រីភាគី AUKUS

ព័ត៌មាន
នេះគឺជាលើកដំបូងហើយដែលលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានដំឡើងសម្លេង នៅចំពោះមុខសម្ព័ន្ធមិត្តត្រីភាគីថ្មីដែលទើបតែបង្កើតឡើងរបស់អាមេរិកគឺ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ