ឧស្សាហកម្ម​វាយនភណ្ឌ កាត់ដេរ​វៀតណាម

វិស័យឧស្សាកម្មវាយនភណ្ឌ និងកាត់ដេរវៀតណាមកំពុងស្ទុះឡើង តែខ្វះខាតកម្លាំងពលកម្ម


ការជួលកម្មករនិយោជិតកំពុងក្លាយជាក្ដីលំបាកសម្រាប់រោងចក្រកាត់ដេរ វាយនភណ្ឌ និងស្បែកជើងជាច្រើននៅក្នុងប្រទេសវៀតណាម ដោយសារមានកម្មករនិយោជិត បានត្រឡប់ទៅផ្ទះស្រុកកំណើត ហើយមិនចង់ត្រឡប់មកធ្វើការងារក្នុងវិញនោះទេ ខណៈដែលអ្នកជំនាញក្នុងវិស័យនេះ លើកឡើងថា កម្មករនយោជិតដែលឈប់ពីការងាររោងចក្រទាំងនោះ មានអ្នកខ្លះ បានទៅធ្វើការងារផ្សេង ដូចជាការលក់ដូរទំនិញតាមអនឡាញជាដើម និងមួយចំនួនទៀត បានរកការងារនៅក្នុងស្រុកកំណើតរបស់ពួកគេ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកវៀតណាម VN Express។
វិស័យឧស្សាកម្មវាយនភណ្ឌ និងកាត់ដេរវៀតណាមកំពុងស្ទុះឡើង តែខ្វះខាតកម្លាំងពលកម្ម (betterwork.org)

ឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើងវៀតណាម កំពុងស្ទុះងើបឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារតែកូវីដ-១៩កាលពីឆ្នាំមុន។ ជាក់ស្ដែង នៅត្រីមាសទី១ឆ្នាំនេះ ការនាំចេញផលិតផលវាយនភណ្ឌបានកើនឡើង ១,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានតម្លៃជាទឹកប្រាក់ជាង៧ពាន់លានដុល្លារអាមេរិក ខណៈដែលការនាំចេញស្បែកជើងវិញ កើនឡើងជិត១៥% ដោយមានតម្លៃជាទឹកប្រាក់ប្រមាណជាង៤ពាន់៥រយលានដុល្លារ។ នេះបើតាមតួលេខពីអគ្គនាយកដ្ឋានគយវៀតណាម។

បើទោះជា ចំនួននៃការបញ្ជាទិញមានការកើនឡើងក៏ដោយ ប៉ុន្ដែក្រុមហ៊ុនវាយនភណ្ឌ និងស្បែកជើងវៀតណាមកំពុងប្រឈមនឹងបញ្ហាស្វែងរកកម្មករនិយោជិតឲ្យចូលធ្វើការ។ ប្រាក់ខែជាមធ្យម ដែលក្រុមហ៊ុនផ្ដល់ជូនកម្មករនិយោជិតនៅក្នុងទីក្រុងហូជីមិញ និងភាគខាងត្បូងនៃ Binh Doung គឺមានចន្លោះពី ២១៧ដុល្លារ ទៅ ៥១២ ដុល្លារអាមេរិកក្នុងមួយខែ ជាមួយនឹងការផ្ដល់ជូនថ្លៃអាហារ និងធានារ៉ាប់រងសង្គមជាដើម។ ក្រុមហ៊ុនវាយនភណ្ឌវៀតណាម បានបញ្ជាក់ថា ពួកគេមិនអាចរកកម្មករមកធ្វើការបានទេ បើទោះបីជា ផ្ដល់ជូនប្រាក់ខែដល់ទៅប្រមាណ ១៥លានដុងក្នុងមួយខែ ឬស្មើនឹងប្រមាណ ៦៥០ដុល្លារក៏ដោយ។ 

ប្រធានសមាគមរោងចក្រកាត់ដេរ វាយនភណ្ឌ នៅវៀតណាមប្រចាំទីក្រុងហូជីមិញ លោកផាម សៀន ហុង និយាយថា កម្មករបានឈប់ពីការងារនៅក្នុងទីក្រុងហូជីមិញ ត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេ ហើយបានរកការងារធ្វើនៅទីនោះវិញ។ មានខេត្តជាច្រើន បច្ចុប្បន្នកំពុងផ្ដោតលើការអភិវឌ្ឍឧស្សាហកម្មវាយនភណ្ឌ កាត់ដេរដែរនេះ ដូច្នេះហើយ នឹងមានការផ្ដល់ឱកាសការងារជាច្រើនសម្រាប់កម្មករនៅក្នុងស្រុកកំណើតរបស់ពួកគេ។

អនុប្រធានមន្ទីរការងារយុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Binh Duong លោក Pham Van Tuyen បានបញ្ជាក់ថា ក្រុមហ៊ុនផលិតវាយនភណ្ឌ និងស្បែកជើង នៅក្នុងខេត្តនេះ ត្រូវការជួលកម្មករប្រមាណ១ម៉ឺន១ពាន់ ទៅ ១ម៉ឺន៣ពាន់នាក់។ ប៉ុន្ដែ ក្រុមហ៊ុនមិនអាចស្វែងរកកម្មករបានគ្រប់ចំនួន ដើម្បីបំពេញតម្រូវការផលិតកម្មរបស់ខ្លួនបានឡើយ។ លោក Van Tuyen បន្ថែមថា មូលហេតុ ដែលក្រុមហ៊ុនជួបញ្ហាស្វែងរកកម្មករនិយោជិត ដោយសារតែតម្រូវការកម្លាំងពលកម្មមានការកើនឡើង នៅតាមសហគ្រាសថ្មីៗជាច្រើនផ្សេងទៀត ដែលពលរដ្ឋមានជម្រើសច្រើន ជាជាងការធ្វើការងារកម្មកររោងចក្រ។ អ្នកជំនាញ បានគូសបញ្ជាក់ទៀតថា មានអ្នកខ្លះ ឈប់ធ្វើការងាររោងចក្រ បែរមកចាប់មុខរបរលក់ដូរតាមអនឡាញជំនួសវិញ ក៏មានដែរ។

នាយកប្រតិបត្តិក្រុមហ៊ុនបណ្ដាក់ទុន Seedcom លោក Nguyen Hoang Tien បាននិយាយថា នៅវៀតណាម មានអ្នករកស៊ីលក់អនឡាញប្រហែល ២លាននាក់កាលពីឆ្នាំមុន។

សូមបញ្ជាក់ថា ឧស្សាហកម្មវាយនភណ្ឌវៀតណាម បច្ចុប្បន្នមានសហគ្រាសប្រមាណ៧ពាន់សហគ្រាស ដែលបានស្រូបទាញកម្លាំងពលកម្មប្រមាណ ៣លាននាក់ ហើយនៅរយៈពេល ៩ខែដំបូងកាលពីឆ្នាំ២០២០កន្លងទៅនេះ មានប្រហែល៩០% នៃក្រុមហ៊ុនក្នុងវិស័យនេះ បានកាត់បន្ថយម៉ោងការងារកម្មករ ខណៈដែលមានជាង១១%ទៀត បានផ្អាការងារកម្មករប្រមាណ២០% នៃការងារកម្មករសរុប។ នេះបើតាមរបាយការណ៍ពី សមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកជំនាញ និងអ្នកជំនួញ យល់ឃើញបែបណាជុំវិញការដកបម្រាមការធ្វើដំណើរឆ្លងខេត្ត?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៥ មេសា ឆ្នាំ២០២១ បានសម្រេចដកបម្រាមការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងបានអនុញ្ញាតឲ្យឲ្យបើកដំណើរការតំ…

ចិនកំពុងជំរុញឲ្យមានការធ្វើដំណើរកាន់តែច្រើន ខណៈការគំរាមកំហែងពីកូវីដ-១៩មានការថយចុះ

ព័ត៌មាន
តម្រូវការធ្វើដំណើរនៅក្នុងប្រទេសចិន ត្រូវបានរំពឹងថានឹងមានការស្ទុះកើនឡើងខ្លាំងនៅក្នុងខែឧសភានេះ ដោយសារតែរដ្ឋាភិបាលកំពុងជំរុញឲ្យមានការធ្វើដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ