វិស័យកសិកម្ម

តើការចងក្រងជាសហគមន៍កសិកម្មទំនើប អាចជួយការពារ និងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កសិករ?


មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកឱ្យកសិករដាំស្វាយចន្ទី ដែលខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ និងងាយរងហានិភ័យពីការប្រែប្រួលអាកាសធាតុត្រូវរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ដ្បតិវាអាចជួយការពារហានិភ័យ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនដល់កសិករ។
វិស័យកសិកម្ម
ដោយ

បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម តាមរយៈគម្រោងចងក្រងជាសហគមន៍កសិកម្មទំនើបនេះ វានឹងបង្កើនប្រាក់ចំណូល និងសមត្ថភាពប្រកួតប្រជែងរបស់កសិករខ្នាតតូច។ តើការចងក្រងជាសហគមន៍កសិកម្មទំនើប អាចជួយការពារ និងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កសិករ?

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទទួលស្គាល់ថា អ្នកដាំស្វាយចន្ទីមួយចំនួនបច្ចុប្បន្ន ពិតជាអាចប្រឈមមុខនឹងការខាតបង់ ជាពិសេសកសិករដែលមានដីតូចៗ និងដាំជាលក្ខណៈគ្រួសារ។ ព្រោះកសិករដាំដុះប្រភេទទាំងនេះ ភាគច្រើននៅខ្សោយខាងផ្នែកបច្ចេកទេស ចំណាយថ្លៃដើមខ្ពស់តែទទួលបានទិន្នផលទាប និងមានការខ្វះខាតទុនជាដើម ដែលបង្ខំឱ្យពួកគេព្រមទទួលកម្ចីទិញធាតុចូល ដែលមានការប្រាក់ខ្ពស់។ ដូច្នេះហើយ បើបូកផ្សំកត្តាទាំងអស់នេះចូលគ្នា មន្ត្រីជាន់ខ្ពស់រូបនេះជឿជាក់ថា ប្រាកដណាស់កសិករដាំស្វាយចន្ទីទាំងនោះពិតជាកំពុងស្ថិតនៅកៀកនឹង«បន្ទាត់-ចំណេញខាត» សម្រាប់តម្លៃ៤,៥០០រៀល ក្នុងមួយគីឡូក្រាម។ មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា កត្តាថ្លៃតែមួយមុខទំនងជាពុំទាន់អាចធានាប្រាក់ចំណេញដល់កសិករបាននោះទេ ដោយត្រូវរួមបញ្ចូលនឹងកត្តាគុណភាពគ្រាប់ស្វាយចន្ទីមួយទៀត ដ្បិតថា បច្ចុប្បន្នគ្រាប់ស្វាយចន្ទីដែលដាំជាលក្ខណៈគ្រួសារលក់មិនសូវបានថ្លៃដូចអ្នកដាំស្តង់ដានោះទេ។

បើតាមឯកឧត្តម ឃឹម ហ្វីណង់ ការធ្លាក់ថ្លៃគ្រាប់ស្វាយចន្ទីបច្ចុប្បន្នពិតជាបានប៉ះពាល់ដល់ទឹកចិត្ត និងការរំពឹងទុករបស់កសិករតូចៗ ដោយសារកសិករប្រភេទនេះ អាចជួបការលំបាកមុនគេ និងងាយរងសម្ពាធខ្លាំងជាងគេ ហើយក៏មិនមានលទ្ធភាពយកគ្រាប់ស្វាយចន្ទីទៅសម្ងួតទុក ដើម្បីរង់ចាំថ្លៃល្អមកវិញដែរ ដោយសារពួកគេគ្មានទុនសម្រាប់បង្វិល។ មន្ត្រីជាន់ខ្ពស់រូបនេះកត់សម្គាល់ឃើញថា តាមបទពិសោធនៃឆ្នាំកន្លងមក ថ្លៃអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀតរហូតដល់ផុតខែឧសភា បន្ទាប់មកវានឹងហក់ឡើងល្អជាធម្មតាវិញ ដែលនេះគឺជាកត្តាជះឥទ្ធិពលពីខាងក្រៅ និងតែងកំណត់ដោយទីផ្សារអន្តរជាតិ មិនស្ថិតក្រោមការគ្រប់គ្រងរបស់ទីផ្សារកម្ពុជាឡើយ។

ទន្តឹមនឹងនេះ ឯកឧត្តម ឃឹម ហ្វីណង់ លើកទឹកចិត្តឱ្យកសិករដែលទន់ខ្សោយ និងដឹងខ្លួនថា ខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ងាយរងហានិភ័យពីការប្រែប្រួលអាកាសធាតុ មានថ្លៃដើមផលិតខ្ពស់តែទទួលបានទិន្នផលទាប គួរពិចារណារួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប ដ្បិតថា សហគមន៍កសិកម្មទំនើបនឹងធ្វើឱ្យកសិករតូចៗ អាចមានសមត្ថភាពប្រកួតប្រជែង និងទទួលបានប្រាក់ចំណេញល្អ ដូចម្ចាស់ចម្ការធំៗបាន ព្រមទាំងអាចជួយដោះស្រាយនូវរាល់បញ្ហាខាងលើបានផងដែរ។

បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ នៅពេលកសិករខ្នាតតូចរួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប គឺការទទួលបានទុនកម្ចីការប្រាក់ទាប ដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំ, ការគាំទ្របច្ចេកទេសផលិតកម្មរួមគ្នាក្នុងស្តង់ដាតែមួយ ដែលធានាបាននូវគុណភាពខ្ពស់ ទិន្នផលល្អ ថ្លៃដើមទាប, ការធានាតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន ដោយផ្អែកលើកិច្ចសន្យាកសិកម្ម និងផែនការអាជីកម្មរឹងមាំ, ការគ្រប់គ្រងច្បាស់លាស់ ប្រកបដោយតម្លាភាព និងក្រឹត្យក្រមវិជ្ជាជីវៈខ្ពស់ និងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ ក្រោមគោលការណ៍«សហគមន៍ជោគវាសនាតែមួយ»ដ៏រឹងមាំ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្នកជំនាញមានការរំពឹងបែបណាចំពោះកំពង់ផែអន្តរជាតិកំពត ដែលគ្រោងដាក់ឱ្យប្រើប្រាស់នៅអំឡុងខែមិថុនា ខាងមុខ?

ព័ត៌មាន
បើតាមការអះអាងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពង់ផែអន្តរជាតិ កំពត ដែលជាកំពង់ផែទឹកជ្រៅថ្មីមួយរបស់កម្ពុជានឹងសម្ពោធ…

ចិនអនុម័តកញ្ចប់ជំនួយហិរញ្ញវត្ថុ២៨ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះវិស័យអចលនទ្រព្យ

ព័ត៌មាន
អ្នកទទួលខុសត្រូវកំពូលផ្នែកលំនៅឋាននៅប្រទេសចិន បានប្រកាសថា គិតត្រឹមខែកុម្ភៈ កន្លងទៅ រដ្ឋាភិបាល បានអនុម័តកញ្ចប់ថវិកាសម្រាប់ជួយសង្គ្រោះវិស័យអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ