Advertisement
ការសាងសង់​អាកាសយានដ្ឋានថ្មី!

អាកាសយានដ្ឋានខេត្តកោះកុង នឹងបើកដំណើរការមុនគេបង្អស់ ក្នុងចំណោមគម្រោងអាកាសយានដ្ឋានកំពុងសិក្សាចំនួន៤ផ្សេងទៀត


ប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងមានមានការសិក្សានិងសាងសង់អាកាសយានដ្ឋាន ចំនួន ៥ គម្រោង បន្ថែមពីលើអាកាសយានដ្ឋានអន្តរជាតិ ៣កន្លែងដែលមានស្រាប់ បាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្ម។ ក្នុងចំណោម គម្រោងអាកាសយានដ្ឋានថ្មី ទាំង៥ ដែលកំពុងសិក្សានិងសាងសង់នេះ គេរំពឹងទុកថា អាកាសយានដ្ឋានខេត្តកោះកុង នឹងត្រូវបើកដាក់ឲ្យដំណើរការមុនគេ ពោលគឺបើតាមគម្រោងនឹងបើកដំណើរការនៅឆ្នាំ២០២១ ឬ២០២២ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់អះអាង ពីមន្ត្រីជាន់ខ្ពស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
អាកាសយានដ្ឋានខេត្តកោះកុង នឹងបើកដំណើរការមុនគេបង្អស់ ក្នុងចំណោមគម្រោងអាកាសយានដ្ឋានកំពុងសិក្សាចំនួន៤ផ្សេងទៀត
ដោយ
Advertisement

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បានបញ្ជាក់​អះអាង​ប្រាប់​ខេមបូណូមីស កាលពីពេល​ថ្មីៗនេះថា អាកាសយានដ្ឋាន​ខេត្តកោះកុងនេះ បច្ចុប្បន្ន​កំពុង​ដំណើរការ​សាងសង់​ដោយ​​ក្រុមហ៊ុន​វិនិយោគ ដូចធម្មតា ដែលវាមានលក្ខណៈ​ជាតំបន់​ស្វយ័ត​ដែល​រាជរដ្ឋាភិបាល​ផ្ដល់ជូន​ទៅឲ្យក្រុមហ៊ុន។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បាន​មានប្រសាសន៍ថា «កោះកុង [អាកាសយានដ្ឋានកោះកុង] គឺជាក្រុមហ៊ុន​វិនិយោគមួយ ឥឡូវគេកំពុងដំណើរការ​សាងសង់​លក្ខណៈតំបន់​ អាចជាតំបន់​ស្វយ័ត​ដែលរដ្ឋាភិបាល​ផ្ដល់ជូន។ អញ្ចឹង​អាហ្នឹង​កំពុង​បន្តដំណើរការ​ធម្មតា។»

នៅពេល​ដែល​អ្នកសារព័ត៌មាន​ខេមបូណូមីស សួរថា តើក្នុងចំណោមគម្រោង​អាកាសយានដ្ឋាន​ដែលកំពុងសិក្សា និង​សាងសង់ តើ​គម្រោងមួយណា នឹង​ហើយរួចរាល់ និងបើកដំណើរការ​មុនគេ?

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានឆ្លើយតបថា បើ​ជាការសន្យា​ថា នឹងហើយពេលណានោះ លោកមិនទាន់ច្បាស់ទេ​ព្រោះវា​អាស្រ័យលើទំហំ និងកម្រិត​របស់អ្នកវិនិយោគនីមួយៗ។ ប៉ុន្ដែ បើតាមព័ត៌មាន​​ដែល​លោកទទួលបាន តាមគម្រោង​របស់ក្រុមហ៊ុន គឺ​អាកាសយានដ្ឋាន​ខេត្តកោះកុង នឹង​ត្រូវសាងសង់រួចរាល់ និងបើកដំណើរការ​មុនគេបង្អស់ នៅឆ្នាំ២០២១ ឬ ឆ្នាំ២០២២ ខាងមុខនេះ​ហើយ។

«ខ្ញុំវាអត់ច្បាស់ដែរ​ក្នុងការប្រើប្រាស់ វាអាស្រ័យទៅលើទំហំ និងកម្រិត​អ្នកវិនិយោគ ប៉ុន្ដែ ខ្ញុំមើលទៅកោះកុងតារាសាគរហ្នឹង [អាកាសយានដ្ឋានខេត្តកោះកុង] អាចទៅមុនគេ។ ឆ្នាំតាមការសន្យា ខ្ញុំអត់ដឹងទេ ក៏ប៉ុន្ដែគ្រាន់តែថា ជាក់លាក់មួយ គឺថា​ឆ្នាំប្រើប្រាស់ហ្នឹង គឺតាមគម្រោង ២០២១ -២០២២ អីហ្នឹង។» ប្រសាសន៍​របស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់។

អាកាសយានដ្ឋាន​ខេត្តកោះកុង ត្រូវបាន​គេដឹងថា មាន​តម្លៃវិនិយោគ​ប្រមាណ​៣,៨ ពាន់លាន​ដុល្លារ​អាមេរិក ស្ថិតក្រោម​ការសាងសង់​ដោយ​ក្រុមហ៊ុន​ចិន​មួយឈ្មោះថា Union Development Group (UDG) និងត្រូវបាន​វិនិយោគ​លើ​​ដី​សម្បទានពីរាជរដ្ឋាភិបាល​កម្ពុជា ដែលមានទំហំ​ផ្ទៃដី​សរុប ៤,៥ ម៉ឺនហិកតា។ ​

ប្រទេសកម្ពុជា បច្ចុប្បន្ន មាន​អាកាសយានដ្ឋានអន្តរជាតិ​កំពុងដំណើរការ ចំនួន ៣ ហើយ គឺអាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ ,សៀមរាប និងព្រះសីហនុ។ ក្រៅពី អាកាសយានដ្ឋាន​អន្តរជាតិ ទាំង៣នេះ រាជរដ្ឋាភិបាល​កម្ពុជា ជាមួយនឹង​ដៃគូជាក្រុមហ៊ុន​ឯកជន ក៏បាន​និងកំពុង​សិក្សា សាងសង់ អាកាសយានដ្ឋាន​ចំនួន ៥ គម្រោងទៀត រួមមាន អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញថ្មី ដែលគេដឹងថា អាចមាន​ទីតាំងស្ថិតនៅជាប់​ខេត្តកណ្ដាល និងក្រុងតាខ្មៅ, អាកាសយានដ្ឋានអន្តរជាតិ​ថ្មី ខេត្តសៀមរាប, ខេត្តកោះកុង ប៉ោយប៉ែត និងខេត្តមណ្ឌលគីរី​ជាដើម។

តើការ​សាងសង់​ព្រលានយន្ដហោះ​ច្រើន​បែបនេះ វាពិតជា​ឆ្លើយតប​ទៅនឹង​តម្រូវការ​ដែរ ឬទេ?

«សិក្សាចេះតែសិក្សាទៅ ប៉ុន្ដែជាក់ស្ដែង សំខាន់ទៅលើ តម្រូវការចាំបាច់​ជាទូទៅ» នេះបើតាម​ការបញ្ជាក់​របស់​ឯកឧត្តម ម៉ៅ ហាវណ្ណាល់។ 

កំណើន​អ្នកធ្វើដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​របស់កម្ពុជា​នៅតែបង្ហាញ​ពីកំណើន​វិជ្ជមាន​ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ជាក់ស្ដែង នៅឆ្នាំ២០១៩នេះ អាកាសយានដ្ឋាន​ទាំងបីរបស់កម្ពុជា រំពឹងថា នឹងទទួលបាន​ចំនួន​អ្នកដំណើរ​ប្រមាណ ១២ លាននាក់ ខណៈដែល​ឆ្នាំមុនមាន ១០,៥លាននាក់។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បាន​បន្ថែមទៀតថា បច្ចុប្បន្ន កម្ពុជា​មានក្រុមហ៊ុន​អាកាសចរណ៍​ប្រតិបត្តិការ​ចំនួន ៤៤ ក្រុមហ៊ុន ដែលក្នុងនោះ សម្រាប់តែ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តែមួយប៉ុណ្ណោះ មានជើងហោះហើរ​ចន្លោះពី ១៦០ ទៅ១៨០ ជើង​ក្នុងមួយថ្ងៃ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្រាប់​អ្នក​សារព័ត៌មាន​​​នៅ​ខេត្ត​ព្រះសីហនុ ពួកគាត់​ត្រូវ​រួម​​គ្នា​ដូច​«សម្ល​កំពឹស» ដើម្បី​ឈ្នះ​ការ​គំរាម​កំហែង​និង​ការយាយី​ផ្លូវ​ច្បាប់

ព័ត៌មាន
ក្រុម​អ្នកសារព័ត៌មាន​មូលដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ បាន​និយាយ​នៅ​ក្នុង​កិច្ច​ពិភាក្សា​នៃ​សិក្ខាសាលា​មួយ​ កាលពីពេលថ្មីៗនេះ​ ថា ពួកគាត់​ទ...

វិនិយោគិន ម៉េង ហៀង៖ វិស័យទេសចរណ៍​កម្ពុជា​​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​​​អ្នក​វិនិយោគ​អាមេរិក

ព័ត៌មាន
វិនិយោគិន​កូន​ខ្មែរ​មួយរូប ដែល​មាន​ក្រុមហ៊ុន​មិនតិច​ជាង​ ១០ នៅកម្ពុជា បាន​និយាយថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​​​មាន​សក្ដានុពល​ខ្ពស់...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ